ព្រឹទ្ធសភា អនុម័ត និងឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់ស្តីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម និងសេចក្តីព្រាងច្បាប់ស្តីពីវិធានដើមកំណើតទំនិញ
ភ្នំពេញ ៖ ព្រឹទ្ធសភា កម្ពុជា បានបន្តសម័យប្រជុំលើកទី១០ នីតិកាលទី៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា កម្ពុជា នាព្រឹកថ្ងៃពុធ ទី២១ ខែមិថុនា ឆ្នាំ២០២៣ ។ សមាជិកព្រឹទ្ធសភាមានវត្តមានចំនួន ៦០រូប។
អង្គប្រជុំបានដំណើរការដោយមានរបៀបវារៈចំនួន០២ រួមមាន ទី១៖ ពិនិត្យ ហើយឱ្យយោបល់លើសេចក្តីព្រាងច្បាប់ ។ សេចក្តីព្រាងច្បាប់នេះតាក់តែងឡើងមាន១២ជំពូក និង ១៨២មាត្រា ត្រូវបានរដ្ឋសភា អនុម័តយល់ព្រមចំនួន ១០០សំឡេង នៃចំនួនសមាជិករដ្ឋសភាទាំងមូល នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣ នាសម័យប្រជុំរដ្ឋសភាលើកទី៩ នីតិកាលទី៦ ។ ក្រោយពីសមាជិកព្រឹទ្ធសភាចំនួន ០៣រូប បានឡើងមានយោបល់រួចមក សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបំភ្លឺជូនអង្គប្រជុំព្រឹទ្ធសភា ។ អង្គប្រជុំព្រឹទ្ធសភាបានពិនិត្យ ហើយឱ្យយោបល់ឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់ទាំងមូលដោយឥតកែប្រែ ចំនួន៦០សំឡេង នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល។
របៀបវារៈទី២៖ ពិនិត្យ ហើយឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពីវិធានដើមកំណើតទំនិញ ។ សេចក្តីព្រាងច្បាប់នេះតាក់តែងឡើងមាន ៩ជំពូក និង ៣៥មាត្រា ត្រូវបានរដ្ឋសភា អនុម័តយល់ព្រមចំនួន ៩៦សំឡេង នៃចំនួនសមាជិករដ្ឋសភាទាំងមូល នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣ នាសម័យប្រជុំរដ្ឋសភាលើកទី៩ នីតិកាលទី៦ ។ ក្រោយពីសមាជិកព្រឹទ្ធសភាចំនួន០១រូប បានឡើងមានយោបល់រួចមក ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានបំភ្លឺជូនអង្គប្រជុំព្រឹទ្ធសភា ។
អង្គប្រជុំព្រឹទ្ធសភាបានពិនិត្យ ហើយឱ្យយោបល់ឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់ទាំងមូលដោយឥតកែប្រែ ចំនួន៦០សំឡេង នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល ៕ ដោយ / គ្រី សម្បត្តិ + ប៊ុន ហុក