សហភាពអឺរ៉ុបនឹងផ្តល់ជំនួយដល់អ៊ុយក្រែនចំនួន ៥០ ប៊ីលានអឺរ៉ូ គិតត្រឹមឆ្នាំ២០២៧
អឺរ៉ុប៖ ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣ប្រធានសហភាពអឺរ៉ុបបានលើកឡើងថា សហភាពអឺរ៉ុបនឹងផ្តល់ជំនួយដល់អ៊ុយក្រែនចំនួន ៥០ ប៊ីលានអឺរ៉ូ នៅចន្លោះឆ្នាំ២០២៤-២០២៧។ ការលើកឡើងនេះធ្វើឡើងនៅមុនការប្រជុំនៅទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស ស្ដីពីហិរញ្ញវត្ថុ និងថវិការយៈពេលខ្លីដើម្បីកសាងប្រទេសអ៊ុយក្រែនពីសង្គ្រាមឈ្លានពានរបស់រុស្ស៊ី។
គួរដឹងដែរថា អំឡុងពេលសន្និសីទនៅទីក្រុងឡុងដ៍ ដែលនឹងធ្វើឡើងនៅថ្ងៃពុធនេះ អ៊ុយក្រែនគ្រោងនឹងស្វែងរកជំនួយរហូតដល់ទៅ ៤០ ប៊ីលានដុល្លារអាមេរិក ដែលជាមូលនិធិដំបូងនៃផែនការមួយឈ្មោះថា Green Marshall Plan ដើម្បីយកទៅកសាងប្រទេសឡើងវិញ។
ដោយឡែក យោងតាមធនាគារពិភពលោក បានប៉ាន់ប្រមាណថា អ៊ុយក្រែនត្រូវការថវិកាចំនួនច្រើនជាង ៤០០ ប៊ីលានដុល្លារ និងរយៈពេលមួយទសវត្សរ៍ ទើបអាចស្ដារប្រទេសឡើងវិញបាន។ តួលេខនេះ ស្មើនឹង ៣ ដងនៃផលិតផលក្នុងស្រុកសរុបរបស់អ៊ុយក្រែន។
ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី អ៊ូស៊ូឡា វ៉ន ដេឡឺយ៉េន (Ursula von der Leyen) បានមានប្រសាសន៍ថា ៖ «គោលបំណងសំខាន់ គឺការផ្ដល់ហិរញ្ញវត្ថុទៅកាន់ប្រទេសអ៊ុយក្រែន តាមរយៈសហភាពអឺរ៉ុប ជាមួយនឹងដៃគូនៅជុំវិញពិភពលោក និងវិស័យឯកជនផងដែរ»។
គួររំឭកថា កាលពីឆ្នាំមុន សហភាពអឺរ៉ុបបានផ្តល់ឋានៈជាសមាជិកភាពដល់ប្រទេសអ៊ុយក្រែនជាផ្លូវការ ហើយបើយោងតាមប្រភពជាច្រើនបានឱ្យដឹងថា សហភាពអឺរ៉ុបបានដាក់នៅក្នុងរបាយការណ៍ដែលគ្រោងនឹងលើកឡើងនៅក្នុងស ប្តាហ៍នេះថា អ៊ុយក្រែនបានបំពេញលក្ខខណ្ឌពីរក្នុងចំណោមលក្ខខណ្ឌទាំងប្រាំពីរផ្សេងទៀត ដើម្បីអាចចូលជាសមាជិកសហភាពអឺរ៉ុបពេញសិទ្ធិ។ បន្ថែមលើនេះ សន្និសីទនេះក៏នឹងលើកឡើងអំពីវឌ្ឍនភាពនៅអ៊ុយក្រែនកន្លងមក ចាប់តាំងពីរុស្ស៊ីបានឈ្លានពាននៅខែកុម្ភៈ ឆ្នាំ២០២២។
លោក ចូហាណេស ហាញ (Johannes Hahn) ស្នងការទទួលបន្ទុកថវិកា និងរដ្ឋបាលបានបញ្ជាក់ថា ផ្អែកតាមការសន្យាផ្តល់ជំនួយកាលពីថ្ងៃអង្គា មូលនិធិចំនួន ១៧ ប៊ីលានអឺរ៉ូ នឹងផ្តល់ជូនក្រោមរូបភាពជាជំនួយដោយឥតគិតថ្លៃ និងក្នុងទម្រង់ជាប្រាក់កម្ចីដែលមានការប្រាក់ទាប។ សូមបញ្ជាក់ផងដែរថា សម្រាប់ឆ្នាំ២០២៣ សហភាពអឺរ៉ុបបានផ្តល់ជំនួយដល់ប្រទេសអ៊ុយក្រែនសរុបចំនួន ១៨ ប៊ីលានអឺរ៉ូរួចមកហើយ។
នាយករដ្ឋមន្រ្តីអ៊ុយក្រែន លោក ដេនីស ស្ម៊ីហាល (Denys Shmyhal) បានថ្លែងអំណរគុណដល់សហភាពអឺរ៉ុបសម្រាប់ការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការគាំទ្រអ៊ុយក្រែន ជាពិសេសក្នុងដំណើរឆ្ពោះទៅរកសមាជិកភាពសហភាពអឺរ៉ុប។
ដោយឡែក កាលពីថ្ងៃអង្គារ នៅទីក្រុងកៀវ (Kyiv) ក្រុមមន្ត្រីអ៊ុយក្រែនបានឱ្យដឹងថា ប្រទេសរុស្ស៊ីបានវាយប្រហារគោលដៅយោធា និងហេដ្ឋារចនាសម្ព័ន្ធនៅទូទាំងប្រទេស រួមទាំងនៅទីក្រុងល្វី (Lviv) ភាគខាងលិចផងដែរ។
ចំនួនទឹកប្រាក់ជំនួយ ៥០ ប៊ីលានអឺរ៉ូ ត្រូវបានកំណត់ដាក់ចេញឡើង បន្ទាប់ពីការវាយតម្លៃទៅលើថវិការួមរបស់សហភាពអឺរ៉ុបសម្រាប់ឆ្នាំ២០២១-២០២៧ ដែលត្រូវបានរងផលប៉ះពាល់យ៉ាងខ្លាំងពីជំងឺរាតត្បាតកូវីដ១៩ សង្គ្រាមនៅអ៊ុយក្រែន និងវិបត្តិថាមពលពិភពលោក។ លោក ហាញ បាននិយាយថា «ការកើនឡើងអតិផរណា និងអត្រាការប្រាក់ បានបណ្តាលឱ្យការចំណាយលើសេវាបំណុលកើនឡើងទ្វេដងផងដែរ»។
សព្វថ្ងៃនេះ សហភាពអឺរ៉ុបកំពុងស្នើសុំថវិកាចំនួន ៦៦ ប៊ីលានអឺរ៉ូបន្ថែមពីប្រទេសជាសមាជិក។ ហើយក្នុងចំណោមចំនួននេះ ទឹកប្រាក់ចំនួន ១៥ ប៊ីលានអឺរ៉ូ នឹងត្រូវបែងចែកយកទៅដោះស្រាយបញ្ហាអន្តោប្រវេសន៍ ដោយផ្តល់ជំនួយដល់បណ្តាប្រទេសមជ្ឈិមបូព៌ា និងអាហ្វ្រ៊ិក ដើម្បីលើកទឹកចិត្តដល់ពលរដ្ឋអ៊ុយក្រែនដែលកំពុងចេញទៅរស់នៅក្នុងតំបន់ទាំងនោះ៕ ប្រែសម្រួល៖ ធា សុណា