ប៉ាគីស្ថាន និងចិន ចុះហត្ថលេខាលើកិច្ចព្រមព្រៀងសាងសង់រោងចក្រថាមពលនុយក្លេអ៊ែរតម្លៃ ៤,៨ ប៊ីលានដុល្លារ

អ៊ិស្លាម៉ាបាដ៖ ប្រទេសប៉ាគីស្ថាន និងប្រទេសចិន កាលពីថ្ងៃអង្គារ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងតម្លៃ ៤,៨ ប៊ីលានដុល្លារ ដើម្បីសាងសង់រោងចក្រថាមពលនុយក្លេអ៊ែរ ដែលមានសមត្ថភាពផលិតថាមពល ១ ២០០ មេហ្គាវ៉ាត់។ នេះបើតាមការរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ ដោយស្រង់សម្ដីរបស់លោកនាយករដ្ឋមន្រ្តី Shehbaz Sharif ដែលចាត់ទុកចិនជាសម្ព័ន្ធមិត្តដែលគួរឱ្យទុកចិត្តបំផុតមួយរបស់ក្រុងអ៊ិស្លាម៉ាបាដ។

លោក Sharif បាននិយាយនៅលើកញ្ចក់ទូរទស្សន៍រដ្ឋ PTV ថា ការងារលើគម្រោងរោងចក្រថាមពលនុយក្លេអ៊ែរ ដែលមានឈ្មោះថា Chashma 5 នឹងចាប់ផ្តើមភ្លាមៗ បន្ទាប់ពីមានការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) រវាងកិច្ចសហប្រតិបត្តិការនុយក្លេអ៊ែរជាតិចិន និងគណៈកម្មការថាមពលបរមាណូប៉ាគីស្ថាន។

មេដឹកនាំដដែលនិយាយទៀតថា ៖ «ការវិនិយោគពីប្រទេសចិននៅក្នុងគម្រោងនេះ មានតម្លៃរហូតដល់ ៤,៨ ប៊ីលានដុល្លារអាមេរិក ដែលនេះគឺជាសារយ៉ាងសំខាន់ និងច្បាស់ថា ប៉ាគីស្ថានគឺជាកន្លែងដែលក្រុមហ៊ុន និងវិនិយោគិនចិន បន្តដាក់ការជឿជាក់ និងជំនឿរបស់ពួកគេ»។

គួរបញ្ជាក់ថា រោងចក្រ Chashma 5 នឹងត្រូវសាងសង់ឡើងនៅខេត្ត Punjab ភាគកណ្តាលនៃប្រទេស ហើយការគាំទ្ររបស់ចិនក្រោមគម្រោងនេះ នឹងជួយប៉ាគីស្ថានធ្វើឱ្យការផ្លាស់ប្តូរឆ្ងាយពីការពឹងផ្អែកលើប្រភពថាមពលឥន្ធនៈហ្វូស៊ីល។

បច្ចុប្បន្ន សមត្ថភាពផលិតថាមពលនុយក្លេអ៊ែរសរុបរបស់ប៉ាគីស្ថាន បានកើនឡើងដល់ ១ ៤០០ មេហ្គាវ៉ាត់ ក្រោយពេលរោងចក្រថាមពលនុយក្លេអ៊ែរទី៦របស់ប្រទេសនេះ បើកដំណើរការកាលពី២ឆ្នាំមុន។ រោងចក្រថាមពលនុយក្លេអ៊ែរនៅទីក្រុងកំពង់ផែ Karachi ដែលមានសមត្ថភាពផលិតថាមពល ១ ១០០ មេ ហ្គាវ៉ាត់ ក៏ត្រូវបានសាងសង់ដោយជំនួយពីប្រទេសចិនផងដែរ។

ខណៈប៉ាគីស្ថានប្រឈមមុខនឹងបញ្ហាសេដ្ឋកិច្ចធ្ងន់ធ្ងររួមទាំងបំណុលជាតិគេមិនច្បាស់ទេថាតើការវិនិយោ គ ថ្មី ស្ថិតនៅជាផ្នែកមួយនៃការវិនិយោគតម្លៃ ៦៥ ប៊ីលានដុល្លារ ដែលប្រទេសចិនបានសន្យាក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធសម្រាប់ប៉ាគីស្ថាន ក្រោមគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវរបស់ក្រុងប៉េកាំង៕ ប្រែសម្រួល៖ ហួន ឌីណា

ads banner