ក្រសួងទេសចរណ៍៖ទិវាយោគៈអន្តរជាតិ ដើម្បីជំរុញការផ្សព្វផ្សាយយុទ្ធនាការឆ្នាំទស្សនាកម្ពុជា២០២៣
សៀមរាប៖ ក្រសួងទេសចរណ៍កម្ពុជានិងស្ថានទូតឥណ្ឌាប្រចាំកម្ពុជា សហការជាមួយរដ្ឋបាលខេត្តសៀមរាប និងអាជ្ញាធរជាតិអប្សរា បានរៀបចំព្រឹត្តិការណ៍ទិវាយោគៈអន្តរជាតិលើកទី៩ នៅព្រះលានជល់ដំរីនៃបរិវេណអង្គរធំ ខេត្តសៀមរាប ។ទិវាយោគៈអន្តរជាតិលើកទី៩ដែលបានធ្វើឡើងនាថ្ងៃទី២១ ខែមិថុនា ដោយមានអ្នកចូលរួមជាង ៥០០នាក់នាឱកាសនោះ ក្រោមគោលបំណងដើម្បីហ្វឹកហាត់ផ្នែកផ្លូវកាយ និងផ្លូវចិត្តតាមបែបបុរាណផងដែរ។
លោក ពិន ប្រាកដ អភិបាលរងខេត្តសៀមរាប បានថ្លែងនាពិធីនោះថា ការរៀបចំឱ្យមានព្រឹត្តិការណ៍ ទិវាយោគៈអន្តរជាតិលើកទី៩ នាពេលនេះ ជាការរួមចំណែកផ្សព្វផ្សាយចេញពីតំបន់អង្គររបស់យើងទៅកាន់ពិភពលោក ដើម្បីទាក់ទាញភ្ញៀវទេសចរឱ្យមកទស្សនាខេត្តសៀមរាបកាន់តែច្រើន។
តាមរយៈមន្ទីរព័ត៌មានខេត្តសៀមរាប លោកបានថ្លែងថា ខេត្តសៀមរាប ជាតំបន់គោលដៅទេសចរណ៍លំដាប់ពិភពលោក ហើយវិស័យទេសចរណ៍នៅកម្ពុជា ជាកត្តាជំរុញដ៏សំខាន់មួយ ក្នុងចំណោមកត្តាជំរុញកំណើនសេដ្ឋកិច្ចរបស់កម្ពុជា ដែលបន្តរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ទោះបីជាកម្ពុជាបានប្រកាសបើកប្រទេសឡើងវិញ និងបន្ធូរបន្ថយការរឹតបន្តឹងការធ្វើដំណើរក៏ដោយ។
លោក ពិន ប្រាកដ ជឿជាក់ថា ព្រឹត្តិការណ៍បែបនេះ នឹងបន្តប្រារព្វធ្វើជារៀងរាល់ឆ្នាំនៅលើទឹកដីអង្គរជាបន្តទៀត។
នាទិវានោះដែរ លោកស្រី Devyani Khobragade ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥណ្ឌា ប្រចាំកម្ពុជា ក៏បានថ្លែងឡើងដែរថា យោគៈនេះមានដើមកំណើតនៅប្រទេសឥណ្ឌា ហើយពាក្យថា យោគៈមកពីពាក្យសំស្ក្រឹត មានន័យថាចូលរួម ឬរួបរួម។
លោកស្រីពន្យល់ថា យោគៈ តំណាងឱ្យការសំយោគគ្នា រវាងចិត្តកាយ គំនិត និងសកម្មភាព ការអត់ធ្មត់ និងការពេញចិត្ត ភាពសុខដុមរមនារវាងមនុស្ស និងធម្មជាតិ ដែលជាវិធីសាស្ត្រដ៏បរិសុទ្ធចំពោះសុខភាព និងសុខុមាលភាព ជាពិសេសជាងនេះទៅទៀត យោគៈ គឺលើកស្ទួយនូវសារសន្តិភាព ក្នុងពិភពលោកស្របតាមគោលការណ៍របស់ឥណ្ឌា ហៅថា ពិភពលោកគឺជាគ្រួសារតែមួយ។
ចំណែកឯកឧត្តម គុជ បញ្ញាសា រដ្ឋលេខាធិការក្រសួងទេសចរណ៍ ក៏បានឱ្យដឹងដែរថា ទិវាយោគៈអន្តរជាតិ ត្រូវប្រារព្ធធ្វើឡើងជាលើកដំបូងនៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៥ ដែលមានអ្នកចូលរួមរាប់ លាននាក់នៅទូទាំងពិភពលោក។ ទិវានេះ ត្រូវបានធ្វើឡើងក្រោមប្រធានបទផ្សេងៗគ្នាប្រធានបទឆ្នាំនេះគឺមនុស្សជាតិ ក៏ដូចជាដើម្បីជម្រុញការផ្សព្វផ្សាយយុទ្ឋនាការឆ្នាំទស្សនាកម្ពុជា២០២៣ ផងដែរ ខណៈដែលការហាត់យោគៈ ត្រូវបានមនុស្សរាប់លាននាក់នៅទូទាំងពិភពលោក ទទួលស្គាល់ពីអត្ថប្រយោជន៍របស់វា ហើយបានយកទៅអនុវត្តប្រចាំថ្ងៃរៀងៗខ្លួន។
សូមរម្លឹកដែរថា ពីឆ្នាំ២០១៥មក ក្រសួងទេសចរណ៍ និងស្ថានទូតសាធារណរដ្ឋឥណ្ឌាប្រចាំនៅកម្ពុជា តែងតែសហការរៀបចំព្រឹត្តិការណ៍ «ទិវាយោគៈអន្តរជាតិ The International Day of Yoga» នៅកម្ពុជា ដែលបានរៀបចំនៅ រាជធានីភ្នំពេញ ខេត្តសៀមរាប ខេត្តព្រះសីហនុ និងខេត្តបាត់ដំបង ដោយទទួលបានជោគជ័យយ៉ាងធំធេងរួចមកហើយនៅគ្រប់គោលដៅទេសចរណ៍ដ៏ពេញនិយម៕ ដោយ៖ នាង សុគន្ធា