ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត៖ ក្នុងរយៈកាល ៤៤ឆ្នាំ កន្លងមកនេះ គណបក្សប្រជាជនកម្ពុជា មានស្នាដៃជាច្រើន ក្នុងបុព្វហេតុជាតិមាតុភូមិ និងប្រជាជន
ខេត្តបន្ទាយមានជ័យ៖ ក្នុងពិធីសំណេះសំណាលជាមួយក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តបន្ទាយមានជ័យ ថ្ងៃពុធ ទី២១ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ក្នុងរយៈកាល ៤៤ឆ្នាំ កន្លងមកនេះ គណបក្សប្រជាជនកម្ពុជា មានស្នាដៃជាច្រើន ក្នុងបុព្វហេតុជាតិមាតុភូមិ រួមមាន. បានជួយរំដោះប្រទេស និងសង្គ្រោះជីវិតប្រជាពលរដ្ឋឱ្យរស់ឡើងវិញ ពីការកាប់សម្លាប់ និងការបំផ្លិចបំផ្លាញ, បានផ្តល់នូវសិទ្ធិ និងឱកាសដូចៗគ្នា ក្រោមម្លប់នៃសន្តិភាពពេញលេញ ដែលជាផលផ្លែផ្កានៃនយោបាយឈ្នះ-ឈ្នះ របស់ សម្តេចតេជោ រហូតប្រទេសជាតិមានការអភិវឌ្ឍរីកចម្រើន ដូចបច្ចុប្បន្ន ។ បានជួយសង្គ្រោះជីវិតប្រជាពលរដ្ឋក្នុងពេលមានគ្រោះអាសន្ន ជាពិសេស ក្នុងអំឡុងពេលនៃការរាតត្បាតនៃជំងឺកូវីដ-១៩ និង ផ្តល់ឱកាសក្នុងការអភិវឌ្ឍ គឺ ការសិក្សារៀនសូត្រ, ការផ្តល់សេវាសុខាភិបាល និងគ្រប់ហេដ្ឋារចនាសម្ព័ន្ធសង្គមចាំបាច់នានា បម្រើឱ្យសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ ។
ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល បានបន្តទៀតថា គណបក្សប្រជាជនកម្ពុជា មានបុព្វហេតុឥតងាករេចំពោះប្រជាជន ដែលស័ក្តិសមទៅនឹងឈ្មោះរបស់បក្ស គឺកើតមកដោយសារប្រជាជន, ជារបស់ប្រជាជន និងដើម្បីប្រជាជន ។
ក្នុងនាមជាយុវជន និងជាកោសិកាបន្តវេន ដែលគណបក្សបានយកចិត្តទុកដាក់រៀបចំថ្នាលថែទាំ និងកសាងសមត្ថភាពជាប់ជាប្រចាំតាំងពីដើមរៀងមក, យើងមានភារកិច្ច ០៣ សំខាន់គឺ . បន្តថែរក្សាសមិទ្ធផលវិជ្ជមានរបស់ថ្នាក់ដឹកនាំជំនាន់មុន,កសាងសមិទ្ធផលវិជ្ជមានថ្មីៗបន្ថែមទៀតក្នុងពេលបច្ចុប្បន្ន និង រៀបចំមូលដ្ឋានគ្រឹះរឹងមាំសម្រាប់អ្នកជំនាន់ក្រោយៗទៀត ។
ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បន្តទៀតថា ដើម្បីចូលរួមជាមួយគណបក្ស ក្នុងការឈានឆ្ពោះទៅសម្រេចបាននូវក្តីស្រមៃ និងក្តីសង្ឃឹមសម្រាប់ប្រទេសជាតិយើង, សូមក្រុមការងារយុវជនគណបក្សគ្រប់ថ្នាក់-គ្រប់ផ្នែក បន្តចូលរួម ការពារបក្ស ការពារសមិទ្ធផលរបស់ និងការពារសន្តិភាព ស្ថិរភាពទោះក្នុងតម្លៃណាក៏ដោយ, វាយបកឆ្លើតបចំពោះការចោទប្រកាន់ដោយគ្មានមូលដ្ឋាន និងគ្រប់ឧបាយកលរបស់មជ្ឈដ្ឋានជ្រុលនិយមដែលនៅបន្តញុះញង់ប្រជាពលរដ្ឋ និង វាយលុកតាមរយៈការខិតខំធ្វើអំពើល្អបម្រើប្រជាពលរដ្ឋ ៕ ប្រភព ៖ ក្រុមការងារយុវជនគណបក្ស