កម្ពុជា និងសិង្ហបុរី សហការគ្នា បណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈរបស់បុគ្គលិក កម្មករនិយោជិត និងយុវជនឱ្យបង្កើនសមត្ថភាពខ្ពស់ ឆ្លើយតបនឹងទីផ្សារការងារ

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ នាយកនៃសាលាអន្តរជាតិ SCIA របស់សិង្ហបុរី លោក តាន់ វីភីន បានលើកឡើងថា សាលារបស់លោកសម្រេចចុះអនុស្សរណៈជាមួយនឹងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈកម្ពុជា ដើម្បីធ្វើយ៉ាងណាជួយបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈរបស់បុគ្គលិក កម្មករនិយោជិត យុវជន ឱ្យកាន់តែបង្កើនសមត្ថភាពខ្ពស់ ឆ្លើយតបនឹងតម្រូវការទីផ្សារការងារនៅកម្ពុជា។

លោកបានថ្លែងដូចនេះតាមរយៈក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងពិធីចុះអនុស្សរណៈយោគយល់គ្នាជាមួយសាលាអន្តរជាតិកម្ពុជា-សិង្ហបុរី (SCIA) និងក្រសួងការងារដើម្បីត្រៀមសហការអនុវត្តតាមគោលនយោបាយរាជរដ្ឋាភិបាលក្នុងការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈដល់យុវជន១,៥លាននាក់ ដែលនឹងត្រូវអនុវត្តនាខែសីហា ឆ្នាំ២០២៣ខាងមុខ។

លោក តាន់ វីភីន បានថ្លែងថា គោលដៅនៃកិច្ចសហការជាមួយក្រសួងការងារ ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជានេះដែរ គឺសំដៅធ្វើយ៉ាងណាជួយបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈរបស់បុគ្គលិក កម្មករនិយោជិត យុវជន ឱ្យកាន់តែបង្កើនសមត្ថភាពខ្ពស់ ឆ្លើយតបនឹងតម្រូវការទីផ្សារការងារនៅកម្ពុជា។

លោកបានបន្តថា សាលារបស់លោកមានកម្មវិធីអប់រំបណ្ដុះបណ្ដាលមកពីសិង្ហបុរីស្រាប់ ដោយមិនចាំបាច់សរសេរកម្មវិធីបណ្ដុះបណ្ដាលឡើងវិញនោះទេ ដោយសាលាគ្រាន់តែយកមកផ្ដល់ការបណ្ដុះបណ្ដាលដល់សិក្ខាកាមតែម្ដង រួមទាំងគ្រូបណ្ដុះបណ្ដាលមកពីសិង្ហបុរីផងដែរ។

សូមបញ្ជាក់ដែរថា ការចុះអនុស្សរណៈនេះត្រូវបានចុះហត្ថលេខាដោយឯកឧត្តម អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងលោក តាន់ វីភីន (TAN Wee Pin)នាថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣ នៅទីស្ដីការក្រសួងការងារ។

នាឱកាសនោះឯកឧត្តម អ៊ិត សំហេង បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជាបានផ្ដល់គោលការណ៍ដល់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ រៀបចំផែនការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈដល់យុវជនក្នុងគ្រួសារក្រីក្រ និងងាយរងគ្រោះ ដែលមានចំនួនសរុបប្រមាណ១,៥លាននាក់ ដោយរាជរដ្ឋាភិបាលរ៉ាប់រងទទួលបន្ទុកលើថ្លៃសិក្សា និងផ្ដល់ប្រាក់ឧបត្ថម្ភប្រចាំខែ។

ឯកឧត្តម អ៊ិត សំហេង មានប្រសាសន៍ថា ៖ «ដោយទទួលបានគោលការណ៍ពីប្រមុខរាជរដ្ឋាភិបាលយ៉ាងដូច្នេះហើយ ទើបក្រសួងការងារត្រូវការដៃគូបន្ថែមដើម្បីត្រៀមសហការផ្ដល់ការបណ្ដុះបណ្ដាលដល់យុវជនក្នុងចំណោម១,៥លាននាក់នោះ។ ការចុះអនុស្សរណៈយោគយល់គ្នាជាមួយសាលាអន្តរជាតិ SCIA នេះ ក៏ជាការចូលរួមយ៉ាងសំខាន់ក្នុងការអភិវឌ្ឍជំនាញវិជ្ជាជីវៈរបស់យុវជននៅកម្ពុជាដែរ»។

សូមជម្រាបថា កាលពីពេលកន្លងទៅ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានណែនាំឱ្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងក្រសួង-ស្ថាប័នជាសេនាធិការផ្សេងទៀត រួមសហការរៀបចំគោលនយោបាយជាតិបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈដល់យុវជនក្នុងគ្រួសារក្រីក្រ និងងាយរងគ្រោះសរុបប្រមាណ១,៥លាននាក់ ដើម្បីឆ្លើយតបនឹងតម្រូវការទីផ្សារការងារនៅកម្ពុជា បង្កើនការលើកកម្ពស់ជីវភាពពួកគេឱ្យកាន់តែល្អប្រសើរ។

ជុំវិញរឿងនេះ លោក ប៉ាវ ស៊ីណា ប្រធានសម្ព័ន្ធសហជីពចលនាកម្មករ បានប្រាប់ឱ្យដឹងថា ការសហការនេះជារឿងមួយល្អបំផុត ខណៈដែលប្រទេសកម្ពុជាស្ថិតក្នុងបដិវត្តន៍ឧស្សាហកម្ម៤.០ ដោយសារការសិ្ថតក្នុងបរិបទនេះ កម្មករគ្រប់វិស័យ ក៏ដូចជាយុវជនត្រូវតែបង្កើននូវសមត្ថភាពរបស់ខ្លួន។

លោកបានបន្តថា ពិសេស ការចាប់យកនូវជំនាញណាមួយឱ្យបានច្បាស់លាស់ ដើម្បីជាឱកាសចាប់យកជំនាញត្រូវនឹងតម្រូវការទីផ្សារការងារ និងជាឱកាសដែលមានការងារស្របទៅនឹងជំនាញរបស់ខ្លួន ហើយពិសេសជាងនេះ គឺការទទួលបានចំណូល ឬក៏ប្រាក់ខែខ្ពស់ស្របទៅតាមចំណេះ និងសមត្ថភាពរបស់ខ្លួន។

លោកបានថ្លែងថា ៖ «ដូច្នេះចំណុចនេះ វាជារឿងមួយល្អបំផុត ជាឱកាសបន្ថែមទៀតទៅដល់យុវជន ដែលបោះបង់ការសិក្សា ហើយក៏ជាឱកាសដ៏ល្អសម្រាប់បងប្អូនកម្មករ ដែលគាត់មានចិត្តចង់បង្កើននូវសមត្ថភាពរបស់ខ្លួន បង្កើននូវជំនាញនានារបស់ខ្លួននៅក្នុងការប្រគួតប្រជែងទីផ្សារការងារក្នុងប្រទេសរបស់យើង ដែលអាចធ្វើឱ្យអនាគតរបស់គាត់នៅថ្ងៃខាងមុខកាន់តែល្អប្រសើរ»។

យ៉ាងណាមិញ លោក ប៉ាវ ស៊ីណា បានបញ្ជាក់ដែរថា ប្រសិនជាមិនអនុវត្តជំនាញរបស់ខ្លួន ហើយនិងមិនបង្កើនសមត្ថភាពបន្ថែមទេ ច្បាស់ណាស់ពួកគាត់នឹងធ្វើការប្រើតែកម្លាំងសុទ្ធសាធ ដោយមិនបានប្រើប្រាស់ចំណេះដឹង ជំនាញ ដែលកើតចេញពីការប្រឹងប្រែងក្នុងការហ្វឹកហាត់ ដើម្បីអភិវឌ្ឍន៍សមត្ថភាពបន្ថែមនោះទេ ដែលអាចធ្វើឱ្យពួកគាត់នឹងទទួលបានប្រាក់ចំណូលទាបផងដែរ៕

ads banner