អង្គការមួយ បានសម្ពោធកម្មវិធីចំណេះដឹងឌីជីថល ដើម្បីគាំទ្រដល់មនុស្សចាស់នៅតាមសហគមន៍
បាត់ដំបង៖អង្គការមនុស្សចាស់កម្ពុជាបានសម្ពោធកម្មវិធីចំណេះដឹងឌីជីថល ដើម្បីគាំទ្រដល់មនុស្សចាស់នៅតាមសហគមន៍ក្នុងខេត្តបាត់ដំបង ឱ្យមានសមត្ថភាពក្នុងការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមយ៉ាងត្រឹមត្រូវសម្រាប់ទទួលបានព័ត៌មានពីសេវាគាំពារសង្គមនានារបស់រដ្ឋាភិបាល។
ពិធីសម្ពោធនេះត្រូវបានធ្វើឡើងនៅការិយាល័យហាងល្អីបៃតងក្រុងបាត់ដំបងកាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣នេះ ដោយមានការចូលរួមពីលោកគ្រូ-អ្នកគ្រូមកពីសាកលវិទ្យាល័យធំៗចំនួនបួន អង្គការដៃគូ ក៏ដូចជាសិស្ស -និស្សិតដែលជាយុវជនស្ម័គ្រចិត្តគាំទ្រលើកិច្ចការងារសម្រាប់មនុស្សចាស់ផងដែរ។ នេះបើយោងតាមទំព័រហ្វេសប៊ុកផ្លូវការរបស់អង្គការមនុស្សចាស់កម្ពុជា។
លោក ទុំ វីរ់ា នាយកប្រតិបត្តិអង្គការមនុស្សចាស់កម្ពុជា បានឱ្យដឹងថា កម្មវិធីចំណេះដឹងឌីជីថលសម្រាប់មនុស្សចាស់នេះ វាគឺជាគំនិតផ្ដួចផ្ដើមថ្មីមួយដែលអង្គការមនុស្សមនុស្សចាស់ ចង់ប្រើប្រាស់ឌីជីថល ដើម្បីឱ្យយុវជនជំនាន់ក្រោយ ឫក៏និស្សិត មានទំនាក់ទំនងជាមួយមនុស្សចាស់ ដោយការធ្វើបង្រៀន និងណែនាំឱ្យមនុស្សចាស់នៅតាមមូលដ្ឋាន ក៏ដូចជាសហគមន៍ ស្វែងយល់ពីការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមឱ្យបានត្រឹមត្រូវសម្រាប់បង្កើនឱកាសទទួលបានព័ត៌មានពីសេវាសង្គម និងជំនួយសង្គមនានាពីកម្មវិធីគាំពារសង្គមរបស់រដ្ឋាភិបាលកម្ពុជា។ ក្រៅពីនេះទៀត លោកថា កម្មវិធីនេះក៏គាំទ្រឱ្យមនុស្សចាស់នៅតាមមូលដ្ឋានទាំងនោះ ត្រូវមានសមត្ថភាពក្នុងប្រើប្រាស់ប្រព័ន្ធឌីជីថល ក៏ដូចជាសិទ្ធិរបស់ខ្លួនក្នុងការឆ្លើយតប និងស្វែងរកដំណោះស្រាយទៅករណីបំពានណាមួយមកលើខ្លួនផងដែរ។
លោកលើកឡើងចាស់ាធនេះដែតថា ស់ចូលរួមះ ង្រីកនួយសង្គមផ្សេងៗដែលរដ្ឋផ្ដល់ជូនពួកគាត់ ស្សចាស់ ទាំងជនពិការ គឺត្រូវតែដើរឱ្យទាន់បរិបទរីកកម្មវថា ការដាក់សម្ពោធកម្មវិធីនេះ វាក៏ជាការចូលរួមមួយផ្នែកក្នុងគោលនយោបាយជាតិស្ដីពីមនុស្សចាស់ ក្នុងអាទិភាពទី៦ «ការពង្រឹងទំនាក់ទំនងអន្តរជំនាន់» ដែលសំដៅលើការបណ្ដុះបណ្ដាលឱ្យមនុស្សចាស់មានសមត្ថភាពក្នុងការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គម។ ពិសេស ជំរុញឱ្យមនុស្សវ័យក្មេងចូលរួមស្ម័គ្រចិត្តជួយដល់មនុស្សចាស់ ព្រមទាំងលើកកម្ពស់ការយល់ដឹង ការធ្វើទំនាក់ទំនងជាមួយមនុស្សចាស់ផងដែរ។ លោកបន្ថែមថា ដើម្បីអាចអនុវត្តកម្មវិធីនេះទៅបាន អង្គការមនុស្សចាស់ក៏បានបណ្ដុះបណ្ដាលនិស្សិតចំនួន ២០នាក់ ដែលមកពីបណ្ដាសាកលវិទ្យាល័យនានាក្នុងខេត្តបាត់ដំបង ដើម្បីឱ្យនិស្សិតទាំងនោះមានសមត្ថភាពបន្ថែមលើប្រើប្រាស់ប្រព័ន្ធឌីជីថល ក្នុងការចុះទៅណែនាំមនុស្សចាស់នៅតាមសហគមន៍ផងដែរ។
លោក ទុំ វីរ៉ា បញ្ជាក់ថា៖ «ជារួមយើងរំពឹងថាកម្មវិធីហ្នឹង នឹងធ្វើឱ្យមនុស្សចាស់បានយល់កាន់តែច្បាស់ពីការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមក្នុងសម័យឌីជីថលនេះ តាមរយៈការទំនាក់ទំនងរបស់ក្រុមយុវជនជំនាន់ក្រោយ ហើយជាពិសេសកម្មវិធីនេះ ជាឱកាសដែលមនុស្សចាស់បានជួបជុំគ្នាដែរ ដូច្នេះពួកគាត់នឹងមិនមានអារម្មណ៍ថាឯកានោះទេ ដោយសារពួកគាត់ជួបមនុស្សចាស់គ្នាគាត់ថ្មីៗផ្សេងទៀត»។
លើសពីនេះទៀតលោកថា ការផ្ដួចផ្ដើមកម្មវិធីចំណេះដឹងឌីជីផលសម្រាប់មនុស្សចាស់នេះដែរ គឺអង្គការបានសម្ពោធដាក់ឱ្យអនុវត្តសាកល្បងជាដំបូងនៅក្នុងខេត្តបាត់ដំបង បន្ទាប់ពីបញ្ចប់ក្នុងខេត្តនេះហើយ ប្រសិនជាទទួលបានការគាំទ្រពីមនុស្សចាស់ច្រើន ក៏ដូចជាក្រុមយុវជនជំនាន់ក្រោយមានភាពសកម្មក្នុងកិច្ចការងារទាំងនោះ អង្គការមនុស្សចាស់នឹងធ្វើការពង្រីកកម្មវិធីនេះនៅក្នុងបណ្ដាខេត្តទចំនួន៩ រាជធានី-ខេត្តផ្សេងៗទៀតដែលជាគោលដៅរបស់អង្គការ។
ដោយឡែក ឯកឧត្តម តូច ចាន់នី អ្នកនាំពាក្យក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក៏បានថ្លែងថា ក្រសួងតែងតែគាំទ្រជានិច្ចរាល់កិច្ចការដែលអង្គការនានា បានចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការអនុវត្តគោលនយោបាយជួយទៅដល់ជនងាយរងគ្រោះរួមមាន ជនចាស់ជរា ជនមានពិការភាព ស្ត្រី និងកុមារជាដើម។ ហើយចំពោះការសម្ពោធកម្មវិធីចំណេះដឹងប្រព័ន្ធឌីជីថលសម្រាប់មនុស្សចាស់នេះ វាមិនមានជារឿងខុសឆ្គងនោះទេ ពីព្រោះកម្ពុជាកំពុងស្ថិតក្នុងបរិបទសម័យឌីជីថល ដូច្នេះគ្រប់ផ្នែកទាំងអស់ទាំងមនុស្សចាស់ ទាំងជនពិការ គឺត្រូវតែដើរឱ្យទាន់នៃបរិបទសម័យឌីជីថលសព្វថ្ងៃនេះ ខណៈដែលឥលូវនេះក្រសួងក៏បានបង្កើតប្រព័ន្ធឌីជីថលដែរ ដើម្បីឱ្យការអនុវត្តការងារកាន់តែមានភាពទូលំទូលាយ។
ឯកឧត្តម តូច ចាន់នី បានបន្តថា ដូច្នេះការរៀបចំដំណើរការកម្មវិធីចំណេះដឹងឌីជីថលសម្រាប់មនុស្សចាស់ហ្នឹង លោកគិតថាល្អណាស់ ពីព្រោះវាបានរួមចំណែកជួយដល់មនុស្សចាស់កាន់តែមានការយល់ដឹងរីកចម្រើន បែបទូលាយ និងទទួលបានព័ត៌មានពិត លឿន ពីសេវាជំនួយសង្គមផ្សេងៗដែលរដ្ឋផ្ដល់ជូនពួកគាត់។ ហើយក្រសួងនឺងគាំទ្រឱ្យអង្គការមនុស្សចាស់បន្តពង្រីកនៃកិច្ចផ្ដួចផ្ដើមកម្មវិធីនេះនៅបណ្ដាខេត្តផ្សេងៗទៀតដែរ។
សូមបញ្ជាក់ថា ក្នុងរបាយការណ៍ជំរឿនឆ្នាំ២០១៩ កម្ពុជាមានប្រជាជនវ័យចំណាស់ចំនួន ១,៣៨លាន នាក់ ឬប្រហែល ៨,៩ភាគរយ នៃចំនួនប្រជាជនសរុប។ ចំនួនមនុស្សវ័យចំណាស់នៅកម្ពុជាត្រូវបានព្យាករថា នឹងអាចកើនឡើងដល់ ១៣ភាគរយនៅឆ្នាំ២០៣០ ដល់ ១៦ភាគរយនៅឆ្នាំ២០៤០ និងរហូតដល់ ២៣ភាគរយនៅឆ្នាំ២០៥០៕
ដោយ៖ ជា សុខនី