សហគ្រិនខ្មែរផ្ដល់កញ្ចប់ជំនួយហិរញ្ញប្បទានដល់ធុរកិច្ចថ្មី និងសហគ្រាសធុនតូច និងមធ្យម
ភ្នំពេញ៖ សហគ្រិនខ្មែរ ដែលជាស្ថាប័នបង្កើតឡើងដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានរៀបចំពិធីប្រគល់កញ្ចប់ជំនួយហិរញ្ញប្បទានដល់ធុរកិច្ចថ្មី និង សហគ្រាសធុនតូចនិងមធ្យម ក្នុងគោលបំណងគាំទ្រសហគ្រាសស្ដារលទ្ធភាព ពង្រឹងប្រតិបត្ដិការអាជីវកម្ម និងបង្កើនសក្ដានុពលនាំចេញ។

នៅក្នុងឆ្នាំ២០២៣នេះ ធុរកិច្ចថ្មី និង សហគ្រាសធុនតូច និងមធ្យមចំនួន ២៧ ក្នុងចំណោមបេក្ខភាព ២៦៥ បានដាក់ពាក្យស្នើសុំហិរញ្ញប្បទាននៅក្នុងកម្មវិធីកញ្ចប់ជំនួយសហគ្រិនខ្មែរ និងកម្មវិធីហិរញ្ញប្បទានអភិវឌ្ឍន៍ទីផ្សារនាំចេញ។ កម្មវិធីកញ្ចប់ជំនួយសហគ្រិនខ្មែរ មានគោលបំណងផ្តល់ថវិការជូនសហគ្រាសធុនតូច និងមធ្យម ដែលទទួលផល ប៉ះពាល់ពីជំងឺកូវីដ១៩ ក្នុងការរក្សាលំនឹង ក៏ដូចជាចាប់យកឱកាសថ្មី ក្នុងការពង្រីកអាជីវកម្មទៅតាមវិស័យរៀងៗខ្លួន។
កម្មវិធីអភិវឌ្ឍន៍ទីផ្សារនាំចេញមានគោលបំណងផ្តល់ថវិការជូនសហគ្រាសធុនតូច និងមធ្យមដែលបាន ឬកំពុងរៀបចំគម្រោងនាំយកផលិតផលខ្មែរដែលមានសក្ដានុពលទៅកាន់ទីផ្សារក្រៅប្រទេស។

ថ្លែងក្នុងពិធីប្រគល់កញ្ចប់ជំនួយសហគ្រិនខ្មែរ ឯកឧត្ដម វង្សី វិស្សុត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី រដ្ឋលេខាធិការប្រចាំការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាបរធនបាល នៃមូលនិធិអភិវឌ្ឍន៍សហគ្រិនភាព បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជាតាមរយៈសហគ្រិនខ្មែរ បានយកចិត្តទុកដាក់នៅក្នុងកិច្ចការអភិវឌ្ឍសហគ្រិនភាព ដែលជាសកម្មភាពអាទិភាពសម្រាប់ផ្ដល់ឱកាសជូនសហគ្រិន ក្នុងការលូតលាស់អាជីវកម្ម បង្កើនគុណតម្លៃបន្ថែម ការងារ នវានុវត្តន៍ និងបន្តប្រកួតប្រជែងក្នុងតំបន់ និងសកលលោក។

សូមជម្រាបផងដែរថា សហគ្រិនខ្មែរ ដែលបង្កើតឡើងដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មានគោលបំណងកៀរគរការវិនិយោគ និងគ្រប់គ្រងធនធានដើម្បីគាំទ្រដល់ការអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីសហគ្រិនដ៏រស់រវើកនៅកម្ពុជា ដោយជំរុញសកម្មភាពសហគ្រិនទៅដល់ការច្នៃប្រឌិត និងការបង្កើតតម្លៃបន្ថែមនៅក្នុងសេដ្ឋកិច្ចកម្ពុជា។ ទន្ទឹមគ្នា សហគ្រិនខ្មែរក៏មានកម្មវិធីជាច្រើនទៀត ដែលបាននឹងកំពុងអនុវត្ដ និងផ្តល់ជំនួយហិរញ្ញប្បទានដោយផ្ទាល់តាំងពីឆ្នាំ២០២០ ហើយបានគាំទ្រដល់ធុរកិច្ចថ្មី និង សហគ្រាសធុនតូច និងមធ្យម សរុបចំនួន ៤០៤ ដែលមកពីបណ្ដាខេត្ដក្រុងនានាក្នុងប្រទេសកម្ពុជាផងដែរ៕



អត្ថបទ៖ ឈឹម ទីណា