លោក ខាន់ ប៊ុនថាន់ តស៊ូរស់ជាមួយជំងឺមហារីកគ្រាប់ឈាមស និងលើកចិត្តដល់គ្រប់គ្នាឱ្យជម្នះរាល់ឧបសគ្គ
សៀមរាប៖កំពុងដើរពាសពេញទឹកដីអច្ឆរិយៈនៃទីក្រុងអង្គរ អមជាមួយទឹកមុខស្រស់ប៉ប្រិម បុរសវ័យ ៣៧ឆ្នាំ សម្បុរស្រអែមម្នាក់មានរបរជាមគ្គុទ្ទេសក៍ទេសចរណ៍ផង ជាឪពុកផង ជាប្ដីមួយរូបផង ហើយក៏ជាអ្នកកំពុងតស៊ូប្រយុទ្ធប្រឆាំងនឹងជំងឺមហារីកគ្រាប់ឈាមសដែលបានចូលមកយាយីអាយុជីវិតមួយនេះផងដែរ។
លោក ខាន់ ប៊ុនថាន់ ដែលឈ្មោះហៅក្រៅថា ណាថាន់ បានធ្វើដំណើរវែងឆ្ងាយឆ្លងកាត់ព្យុះភ្លៀងជីវីតជម្នះនឹងជំងឺមហារីកមួយប្រភេទនេះអស់រយៈពេលយ៉ាងច្រើនក្នុងស្វែងរកការព្យាបាលនិងតស៊ូឆ្ពោះទៅរកក្តីសង្ឃឹមរបស់ខ្លួន។
ការរិះរកមធ្យោបាយក្នុងការព្យាបាលជំងឺមហារីកគ្រាប់ឈាមសនេះ គឺពិតជាមានន័យគ្រប់បែបយ៉ាងសម្រាប់មគ្គុទ្ទេសក៍រូបនេះដើម្បីនាំមកនូវក្តីសង្ឃឹមថ្មី ដើម្បីជាបង្គោលក្នុងគ្រួសារ កសាងសុភមង្គលសម្រាប់ភិរយា និងបំពេញក្តីសុបិន្តរបស់កូនជាទីស្រឡាញ់ផងដែរ។
សម្រាប់អាជីពជាមគ្គុទេ្ទសក៍ទេសចរណ៍ លោក ប៊ុនថាន់ មានស្រុកកំណើតនៅឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប។លោកបានក្លាយជាមគ្គុទេ្ទសក៍ផ្លូវការកាលពីឆ្នាំ ២០១២ បន្ទាប់ពីឆ្លងកាត់ការព្យាយាមពុះពាររាល់ឧបសគ្គតាំងពីវ័យសិក្សារហូតដល់ប្រកបការងារជាអ្នករត់តុផង ជាគ្រួបង្រៀនផង រហូតដល់អាចទទួលបាននូវការងារក្នុងក្ដីស្រមៃរបស់ខ្លួន។
ដ្បិតទទួលបានការងារដែលខ្លួនស្រឡាញ់ មានគ្រួសារដ៏កក់ក្ដៅ និងរស់នៅក្នុងស្ថានភាពប្រសើរជាមុន ថែមទាំងមានសមាជិកថ្មីគឺកូនប្រុសម្នាក់ផងនោះ ជីវិតរបស់មគ្គុទ្ទេសក៍រូបនេះហាក់មានភាពពេញលេញ តែជាអកុសល សុខភាពរបស់លោកបែរជាមានសភាពប្លែកទៅៗ។
លោកហាក់មានអារម្មណ៍ថារាងកាយរបស់លោកខុសប្លែកពីមុន ដោយមានមានអារម្មណ៍ថាខ្សោយទៅៗ ថែមទាំងស្រកទម្ងន់ដល់ទៅប្រាំមួយគីឡូក្រាមក្នុងមួយខែ។ លោកចាប់ផ្ដើមមានអាការៈក្តៅខ្លួនគ្រប់ពេល ហើយបែកញើសច្រើននៅពេលយប់។ឯពេលថ្ងៃបែរជាមានអារម្មណ៍ថាត្រជាក់ខ្លាំងទៅវិញ។
ទន្ទឹមគ្នានោះ ប្រពន្ធរបស់លោកប្រាប់លោកឱ្យទៅពិនិត្យឈាមព្រោះខ្លាចមានជំងឺគ្រុនពោះវៀន ហើយលោកក៏បានទៅពិនិត្យ ដោយទទួលបានលទ្ធផលគឺមិនមានបញ្ហាអ្វីនោះទេ ប៉ុន្តែកោសិកាឈាមសហាក់មានកម្រិតខ្ពស់ពេក។ បន្ទាប់ប្រពន្ធលោក បានណែនាំឱ្យទៅពិនិត្យបន្ថែមជាមួយគ្រូពេទ្យជំនាញនៅទីក្រុង ឬប្រទេសជិតខាង។
លោករៀបរាប់ថា៖«ដំបូងខ្ញុំពិនិត្យនៅសុរិន្ទ(ប្រទេសថៃ) ក៏ប៉ុន្តែគេអត់ពេទ្យបច្ចេកទេសខាងគ្រាប់ឈាម ហើយពេទ្យនៅទីនោះប្រាប់ឱ្យទៅបាងកកវិញ។ពេលឡើងឡានទៅបាងកកតែម្នាក់ឯង នឹកឃើញស្រណោះខ្លួនតែម្នាក់ឯង បើខ្ញុំកើតអីទៅ ខ្ញុំអាណិតកូនដែលជិតសម្រាល។ ខ្ញុំយំតាមឡានរហូត។
លោក ខាន់ ប៊ុនថាន់ បានបញ្ជាក់ពីស្ថានភាពនៅពេលពិនិត្យនោះដែរថា៖«ទឹកភ្នែកខ្ញុំស្រក់មក។ ខ្ញុំតក់ស្លុត និងភ័យខ្លាំងណាស់ នោះគឺជាគ្រាដ៏លំបាកបំផុតនៃជីវិតរបស់ខ្ញុំ។ ខ្ញុំមានអារម្មណ៍ថាអស់សង្ឃឹម ប៉ុន្តែវេជ្ជបណ្ឌិតបាននិយាយថា អ្នកមានសំណាងណាស់ដែលមានជំងឺមហារីកគ្រាប់ឈាមសប្រភេទ CML ព្រោះវាអាចព្យាបាលបាន»។
វេជ្ជបណ្ឌិតក៏បានណែនាំទៀតថា នៅប្រទេសកម្ពុជាក៏មានផ្នែកវេជ្ជសាស្ត្រដែលមានជំនាញ និងអាចផ្ដល់ថ្នាំព្យាបាលជំងឺមួយនេះបានដែរ ទើបលោកក៏បានវិលមកទឹកដីសុវណ្ណភូមិវិញ។ ឆ្លងកាត់ឧបសគ្គជាច្រើនក្នុងការស្វែងរកកន្លែងព្យាបាលក្នុងប្រទេសកម្ពុជា លោកក៏ត្រូវបានគេបញ្ជូនទៅមជ្ឈមណ្ឌលវេជ្ជសាស្ត្រ មេត្តាករុណា(MMC) ដែលស្ថិតនៅជាយរាជធានីភ្នំពេញដើម្បីព្យាបាលជំងឺមហារីកគ្រាប់ឈាមរបស់លោក។
លោករៀបរាប់ពីក្ដីតស៊ូថា៖«ខំប្រឹងរៀនសូត្រតាំងពីនៅជនបទ ធ្វើការងារផងខំដើម្បីប្រពន្ធកូនសឹងកន្លះជីវិតហើយ បែរមកជួបរឿងបែបនេះ តែខ្ញុំអត់ចុះចាញ់ងាយៗនោះទេ ព្រោះចង់នៅមើលមុខកូនប្រុស ត្រូវតែព្យាយាមព្យាបាល»។
លោក ប៊ុនថាន់ ចងចាំក្នុងចិត្តជានិច្ចថា លោកហាក់មានអារម្មណ៍ថាខ្លួនបានកើតជាថ្មី ដោយសារទទួលបានការព្យាបាល ថ្នាំលេប ។ពោលគឺហាក់មានក្ដីសង្ឃឹមឡើងវិញបន្ទាប់ពីធូរស្រាលក្នុងរយៈពេលប្រាំមួយខែដំបូង។
យ៉ាងណាក្ដី បន្ទាប់ពីការបង្កើនកម្រិតថ្នាំនៃការព្យាបាលលើកដំបូង លទ្ធផលរបស់លោកគឺមិនល្អដូចដែលវេជ្ជបណ្ឌិតបានរំពឹងទុកនោះទេ ដោយសារតែពេលដែលប្រើប្រាស់ថ្នាំ វាមានផលរំខាន ដូចជា រាករូស ប្រែពណ៌សម្បុរខ្លាំង ដែលតម្រូវឱ្យលោកត្រូវផ្លាស់ប្ដូរថ្នាំជានិច្ច។
ទោះបីមានជំងឺជាប់កាយ ពុំមានកម្លាំងខ្លាំងមុនក្ដី តែបុរសរូបនេះនៅតែខិតខំស្រាវជ្រាវ និងអភិវឌ្ឍខ្លួនឯងជារឿយៗ ពិសេសជំនាញថតដែលលោកស្រឡាញ់ជាយូរឆ្នាំណាស់មកហើយ។
លោកបានរស់នៅជាមួយជំងឺមហារីកគ្រាប់ឈាមស CML អស់រយៈពេលប្រាំឆ្នាំមក។ លោកនៅតែបន្តប្រើប្រាស់ថ្នាំធម្មតាដល់ទល់ពេលនេះ ហើយសុខភាពហាក់ល្អប្រសើរច្រើន ដែលអាចធ្វើការងារបានធម្មតាដូចមុនបាន ។ប៉ុន្តែលោកនៅតែពិនិត្យសុខភាពតាមការណាត់របស់គ្រួពេទ្យ។
លោកនិយាយថា ពេលខ្លះជីវិតគឺអយុត្តិធម៌ និងមិនអាចទាយទុកជាមុនបាន ហើយអ្វីដែលសំខាន់បំផុតនោះគឺយើងគួរតែរៀនទទួលយកនិងរស់នៅជាមួយវា ទោះត្រូវឆ្លងព្យុះភ្លៀងជីវិតជាច្រើន អ្វីដែលសំខាន់គឺមានពេលវេលាមួយជាមួយក្រុមគ្រួសារ។ បង្កើតក្ដីសុខឱ្យបានច្រើន និងរៀនជំនាញថ្មី ក៏ដូចជាសម្រេចក្ដីស្រមៃរបស់ខ្លួនផងដែរ។
លើសពីនេះ លោក ថាន់ ប៉ុនថាន់ បានផ្ញើសារជាលើកទឹកចិត្តដោយនិយាយថា មិនថានរណាម្នាក់មានជំងឺកាចសាហាវប៉ុនណា ឬជួបបញ្ហាជីវិតបែបណានោះទេ។ ក្ដីសង្ឃឹមតិចតួចក៏ដោយ ប៉ុន្តែអ្នកត្រូវមានភាពក្លាហានប្រឈមជាមួយវា!។រឿងមិននឹកស្មានអាចនឹងកើតឡើងបានគ្រប់ពេល ប្រសិនជាអ្នកមិនបោះបង់ខ្លួនឯង»។ លោកបានលើកទឹកចិត្តទៅដល់មនុស្សគ្រប់គ្នាថា រឿងរ៉ាវដែលកើតឡើងនៅក្នុងជីវិតសុទ្ធសឹងតែបង្រៀនឱ្យមនុស្សមានភាពអត់ធ្មត់ ហ៊ានក្រោកឈរ តតាំងជាមួយវាឧបសគ្គទើបអាចឆ្លងកាត់វិញ្ញាសារជីវិតដ៌លំបាកមួយនេះបាន។
គួរបញ្ជាក់ដែរថា បច្ចុប្បន្ន លោក ខាន់ ប៊ុនថាន់ មិនទាន់បានជាដាច់ពីជំងឺមហារីកគ្រាប់ឈាមសនេះនៅឡើយនោះទេ។ លោកនៅតែទទួលការព្យាបាល ដោយការប្រើប្រាស់ថ្នាំជារៀងរាល់ខែនៅមជ្ឈមណ្ឌលវេជ្ជសាស្ត្រ មេត្តា ករុណា (MMC)។ ប៉ុន្តែការរស់នៅរបស់លោកជាមួយនឹងក្រុមគ្រួសារ គឺពោរពេញទៅដោយសេចក្ដីសុខ និងមានសុខភមង្គល ហើយក្រៅពីអាជីពជាមគ្គុទេ្ទសក៍ទេសចរណ៍ លោកក៏ក្លាយជាអ្នកថតរូបភ្ញៀវទេសចរមួយរូបផងដែរ៕ ដោយ៖ នី ស្រីពៅ