ឯកឧត្តម នេត្រ ភក្រ្តា៖ សំឡូតជាព្រៃសម្បូរទៅដោយជីវចម្រុះដែលយើងចាំបាច់ត្រូវ ការពារ និងកុំឱ្យមានអន្ទាក់
ខេត្តបាត់ដំបង៖ តំបន់ប្រើប្រាស់សំឡូតគឺជាព្រៃសម្បូរទៅដោយជីវចម្រុះដែលយើង ចាំបាច់ត្រូវយកចិត្តទុកដាក់ការពារ ទប់ស្កាត់ ហើយធ្វើយ៉ាងណាកុំឱ្យអន្ទាក់ចូលមក ក្នុងតំបន់ព្រៃរបស់យើង ។ ក្រៅពីនេះយើងក៏ទប់ស្កាត់មិនឱមានការទន្រ្ទានកាន់កាប់ដីព្រៃខុសច្បាប់ដែលធ្វើឱ្យប៉ះពាល់ដល់ជម្រកសត្វដំរី និងជីវៈចម្រុះផ្សេងៗទៀតដែរ។ នេះជាការថ្លែងបញ្ជាក់ពីសំណាក់ ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋលេខាធិការ និងជាមន្រ្តីនាំពាក្យក្រសួងបរិស្ថាន។
ថ្លែងក្នុងយុទ្ធនាការ “អន្ទាក់សូន្យ”ក្នុងដំណាក់កាលទី២ដែលបានរៀបចំឡើងនា ខេត្ត បាត់ដំបង នៅថ្ងៃទី ២២ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋលេខាធិការ និងជាមន្រ្តីនាំពាក្យក្រសួងបរិស្ថានបានឱ្យដឹងថា”បងប្អូនប្រាកដជាបានដឹងហើយថាតំបន់ប្រើប្រាស់សំឡូតដែលក្រសួងបរិស្ថានបានគ្រប់គ្រងមានមន្រ្តីឧទ្យានុរក្សចូលរួមនិងក្រៅពីនេះយើងក៏មានការចូលរួមពីសំណាក់ លោកស្រី អ៊ែន ជីណាចូលី ដែលជាតារាហូលីវូដដ៏ល្បីឈ្មោះរបស់ពិភពលោកផងដែរ។នេះក៏ជាកិត្តិយសដែលជនល្បីឈ្មោះម្នាក់ដែលមកចូលរួមអភិរក្សព្រៃធនធានធម្មជាតិរបស់យើង។គាត់ស្រឡាញ់ព្រៃសំឡូតណាស់ គាត់បានដាក់ថវិការរបស់គាត់ចូលរួមគឺដើម្បីអ្វី គឺដើម្បីផលប្រយោជន៍របស់បងប្អូនប្រជាពលរដ្ឋ នៅសំឡូត នៅប៉ៃលិន និយាយដោយឡែក និងនិយាយជារួមរបស់បងប្អូនប្រជាពលរដ្ឋនៅខេត្តប៉ៃលិន និងបាត់ដំបង ហើយនិងប្រទេសកម្ពុជាទាំងមូល។ខេត្តបាត់ដំបងនិងប៉ៃលិនជាទិសដៅទេសចរណ៍ដ៏សំខាន់ ក្រៅពីមានប្រាសាទ មានអគារពីសម័យរាណក៏ដូចជាទីកន្លែងប្រវត្តិសាស្រ្ត”។
ឯកឧត្តមរដ្ឋលេខាធិការបានលើកឡើងដោយបញ្ជាក់បន្ថែមថា”ការការពារ និងអភិរក្សរបស់យើងកន្លងមកល្អប្រសើរ។យើងមិនចង់ឱ្យមានព្រៃហើយអត់មានសត្វនោះទេ ហើយមានសត្វហើយមិនត្រឹមមានតួនាទីជីវៈចម្រុះ និងប្រព័ន្ធអេកូឡូស៊ីទេ វាក៏ជាផ្នែកមួយសម្រាប់ទាក់ទាញភ្ញៀវទេសចរទៀតផង”។
ឯកឧត្តម ផេង សិទ្ធី អភិលរង នៃគណៈអភិបាលត្ត បាត់ដំបងបានថ្លែងថា៖ អាជ្ញាធរប្តេជ្ញាចូលរួមលុបលំបាត់នូវការដាក់អន្ទាក់ ដែលជាការបំផ្លាញសត្វព្រៃដ៏មានតម្លៃសម្រាប់ទឹកដីខេត្តបាត់ដំបង។ជាមួយគ្នាក្នុងព្រៃខេត្តបាត់ដំបងត្រូវតែអស់អន្ទាក់ ព្រមជាមួយគ្នានៅតាមភោជនីយដ្ឋានមិនត្រូវមានការលក់មុខម្ហូបធ្វើពីសត្វព្រៃផងដែរ។
ឯកឧត្តមបានថ្លែងដោយអំពាវនាវឱ្យពលរដ្ឋមួយចំនួនដែលកាប់ទន្រ្ទានដីលិចទឹក ទន្រ្ទានដីធនធានធម្មជាតិ និងព្រមជាមួយគ្នាអ្នកដាក់អន្ទាក់សត្វព្រៃត្រូវបញ្ឈប់ សម្លាប់សត្វព្រៃ បើពុំនោះទេពួកគេនឹងប្រឈមផ្លូវច្បាប់ជាក់ជាពុំខាន។
អភិលរងនៃគណៈអភិបាលខេត្តប៉ៃលិន ឯកឧត្តម ងួនលីណា បានថ្លែងថា យុទ្ធនាការអន្ទាក់សូន្យបានផ្តល់នូវសារៈប្រយោជន៍យ៉ាងសំខាន់ក្នុងការទប់ស្កាត់ការសម្លាប់សត្វព្រៃ។ ខេត្តប៉ៃលិននឹងសហការជាមួយមន្រ្តីពាក់ព័ន្ធក្នុងបទល្មើសដូចជាការទន្ទ្រានដី ការដាក់អន្ទាក់សម្លាប់សត្វព្រៃ ក៏ដូចជាការជួញដូរសត្វព្រៃ។
គួរបញ្ជាក់ថា យុទ្ធនាការអន្ទាក់សូន្យដំណាក់កាលទី២បានធ្វើឡើងចំនួន៦ខេត្តដោយក្នុងនេះចាប់ផ្តើមដំបូងពីខេត្ត ពោធិ៍សាត់ កំពង់ស្ពឺ កោះកុង សៀមរាប និងចុងក្រោយរួមបញ្ចូលគ្នារវាងខេត្ត ប៉ៃលិននិងបាត់ដំបង។ចំណែកយុទ្ធនាការអន្ទាក់សូន្យដំណាក់កាលទី១បានធ្វើឡើងរយៈពេល៦ខែពោលគឺចាប់ពីខែមិនា ឆ្នាំ ២០២២ដល់ខែ កញ្ញា ឆ្នាំ ២០២២ក្នុងខេត្តចំនួន ៦ដូចជា ក្រចេះ ស្ទឹងត្រែង រតនៈគិរី មណ្ឌលគិរី ព្រះវិហារ និងកំពុងធំ៕
អត្ថបទ៖ជិន ម៉ាដេប៉ូ
រូបភាព៖ លោក ងិន ឆៃហួត