ឥណ្ឌូណេស៊ី ប្ដូរទីតាំងធ្វើសមយុទ្ធយោធារួមរបស់អាស៊ាន ចេញពីសមុទ្រចិនខាងត្បូង

ហ្សាការតា៖ យោធាឥណ្ឌូណេស៊ីបានឱ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថា ខ្លួននឹងប្ដូរទីតាំងធ្វើសមយុទ្ធយោធារួមជាលើកដំបូងបំផុតរបស់បណ្ដាប្រទេសសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ទៅកាន់កន្លែងថ្មីឆ្ងាយពីសមុទ្រចិនខាងត្បូង ដែលប្រទេសមួយចំនួនរួមទាំងចិន ធ្វើការទាមទារលើតំបន់ត្រួតស៊ីគ្នា។ នេះបើតាមការរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

សមយុទ្ធដែលមានពាក់ព័ន្ធនឹងការប្រយុទ្ធរបស់សមាជិកអាស៊ាន ដើមឡើយគ្រោងនឹងធ្វើឡើងនៅក្នុងដែនទឹកភាគខាងត្បូងនៃសមុទ្រចិនខាងត្បូង។ ប៉ុន្តែអ្នកនាំពាក្យយោធាឥណ្ឌូណេស៊ី ដែលរៀបចំសមយុទ្ធនេះ លោក Julius Widjojino បាននិយាយថា សមយុទ្ធចាប់ពីថ្ងៃទី ១៨-២៥ កញ្ញា នឹងត្រូវដកចេញពីផ្លូវទឹកយុទ្ធសាស្ត្រទាំងស្រុង ហើយទៅធ្វើនៅសមុទ្រណាទូណាខាងត្បូង ក្នុងដែនទឹកឥណ្ឌូនេស៊ីវិញ។

លោក Widjojino បាននិយាយថា៖ «សមយុទ្ធនេះមិនផ្តោតលើការប្រយុទ្ធទេ ដូច្នេះវាសាកសមបំផុតសម្រាប់ភាគខាងត្បូងដែលមានទំនាក់ទំនងផ្ទាល់ជាមួយប្រជាជន» ដោយបន្ថែមថា សមយុទ្ធនឹងធ្វើឡើងនៅក្នុង និងជុំវិញកោះ Batam ដែលស្ថិតនៅចុងច្រកសមុទ្រម៉ាឡាកា។

គួរបញ្ជាក់ថា ការពួតដៃគ្នារបស់អាស៊ានរងការសាកល្បងអស់រយៈពេលជាច្រើនឆ្នាំមកហើយ ដោយសាតែការប្រជែងគ្នារវាងសហរដ្ឋអាមេរិក និងចិន នៅតំបន់ចម្រូងចម្រាស់សមុទ្រចិនខាងត្បូង ដែលជាផ្លូវទឹកពាណិជ្ជកម្ម ដែលដឹកជញ្ជូនទំនិញប្រហែល ៣,៥ ទ្រីលានដុល្លារក្នុងមួយឆ្នាំៗ។

ចិនបានទាមទារស្ទើរតែដែនសមុទ្រនេះទាំងមូល រួមបញ្ជូលទាំងផ្នែកខ្លះនៃតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ឥណ្ឌូនេស៊ី ខណៈប្រទេសអាស៊ានដូចជាវៀតណាម ហ្វីលីពីន ប្រ៊ុយណេ និងម៉ាឡេស៊ី សុទ្ធតែធ្វើការទាមទារដូចគ្នាលើតំបន់ត្រួតស៊ីគ្នាមួយចំនួន។

ទោះបីជាយ៉ាងណាក៏ដោយ យោធានៃប្រទេសឥណ្ឌូណេស៊ី ដែលជាប្រធានអាស៊ាននៅឆ្នាំនេះ បាននិយាយថា ការសម្រេចចិត្តផ្លាស់ប្តូរទីតាំង គឺជាការសម្រេចចិត្តដោយឯករាជ្យមួយ ហើយថាវាមិនមាន «ការអន្តរាគមន៍» ពីប្រទេសផ្សេងទៀតនោះទេ៕ ប្រែសម្រួលដោយ៖ ហួន ឌីណា

ads banner