អាជ្ញាធរមីន បានប្រកាសក្រុងមួយ និងស្រុកចំនួនបីនៃខេត្តពោធិ៍សាត់ ជាក្រុង ស្រុកអស់មីន
ពោធិ៍សាត់៖ អាជ្ញាធរមីន រដ្ឋបាលខេត្តពោធិ៍សាត់ និងអង្គភាពស៊ីម៉ាក់ រួមមទាំងអាជ្ញាធរដែនដីគ្រប់ជាន់ថ្នាក់ ប្រជាពលរដ្ឋ និងប្រតិបត្តិករជាតិ-អន្តរជាតិ បានចូលរួមអបអរសាទរនៃការប្រកាសក្រុងពោធិ៍សាត់ ស្រុកបាកាន ស្រុកក្រគរ និងស្រុកកណ្តៀង នៃខេត្តពោធិ៍សាត់ ជាក្រុងស្រុកអស់មីន។
ពិធីនេះបានធ្វើឡើង នាថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣ ក្រោមអធិបតីភាពឯកឧត្តម ស៊ុយ សែម រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តពោធិ៍សាត់ និងឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន និងមន្រ្តីជាន់ខ្ពស់ជាច្រើនរូបទៀតផងដែរ។

តាមរយៈអាជ្ញាធរមីនឯកឧត្តម ស៊ុយ សែម បានលើកឡើងថា ទោះបីសង្រ្គាមផ្ទៃក្នុងត្រូវបានបញ្ចប់ហើយ សន្តិភាពកើតមានក៏ពិតមែន ប៉ុន្តែវត្តមាននៃគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម នៅតែបន្តជាឧបសគ្គ និងជាបន្ទុកដ៏ធ្ងន់ធ្ងរចំពោះជាតិ និងប្រជាជន។
ឯកឧត្តមបានបញ្ជាក់ថា ខេត្តពោធិ៍សាត់ គឺជាខេត្តមួយធ្លាប់រងគ្រោះដោយសារសង្រ្គាមយ៉ាងធ្ងន់ធ្ងរ ហើយគិតត្រឹមខែឧសភា ឆ្នាំ២០២៣ ខេត្តពោធិ៍សាត់ មានជនរងគ្រោះចំនួន ៣៩៣៥ នាក់ ស្មើនឹង ៦,០៥ភាគរយនិងជាប់ចំណាត់ថ្នាក់ទី៥ នៃគ្រោះថ្នាក់ទូទាំងប្រទេស បន្ទាប់ពីខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ ខេត្តសៀមរាប និងខេត្តឧត្តរមានជ័យ ក្នុងចំណោមជនរងគ្រោះដោយសារគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះសរុបចំនួន ៦៥ ០២៥ នាក់ ។
ឯកឧត្តម ស៊ុយ សែម ក៏បានថ្លែងដែរថា តាំងពីចាប់ផ្តើមស្តារ ការរស់ឡើងវិញ និងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកសកម្មភាពមីន ជាផ្នែកមួយដ៏សំខាន់ក្នុងការរៀបចំគោលនយោបាយកាត់បន្ថយភាពក្រីក្រ និងផែនការយុទ្ធសាស្រ្តជាតិសំខាន់ៗជាច្រើនទៀតផងដែរ។

យោងតាមរបាយការណ៍អាជ្ញាធរមីន នៅក្នុងខេត្តពោធិ៍សាត់ ចាប់ពីឆ្នាំ១៩៩៣មក មានគ្រាប់មីនប្រឆាំងមនុស្សចំនួន ៨៨ ៧២៦ គ្រាប់, មីនប្រឆាំងរថក្រោះចំនួន ៤១៤ គ្រាប់ និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះដទៃទៀត ចំនួន ៧៩ ៣៨៦ គ្រាប់ ត្រូវបានរកឃើញ និងកំទេចចោលផងដែរ។
របាយការណ៍បានបន្តថា ផ្ទៃដីមានមីន/គ្រាប់នៅក្នុងក្រុងពោធិ៍សាត់ ស្រុកបាកាន ស្រុកក្រគរ និងស្រុកកណ្តៀង ដែលត្រូវប្រកាសអស់មីន ចំនួន ៨ ៦៨៩ ១៦៥ ម៉ែត្រក្រឡា ត្រូវបានបោសសម្អាតរួច ដោយរកឃើញ និងកម្ទេចចោលគ្រាប់មីនប្រឆាំងមនុស្សចំនួន ៦៣ ៩៩៣ គ្រាប់ មីនប្រឆាំងរថក្រោះ ៥៥ គ្រាប់ និងយុទ្ធភណ្ឌមិនទាន់ផ្ទុះដទៃទៀត ៣៣ ៣៦៦ គ្រាប់។
នាឱកាសនោះដែរឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានថ្លែងដែរថា ទោះបីបញ្ចប់វត្តមានគ្រាប់មីនដែលយើងបានដឹងក្នុងក្រុងស្រុកចំនួន ៤ និងត្រូវប្រកាសអស់មីនក៏ដោយ ខេត្តពោធិ៍សាត់ នៅសល់ស្រុកចំនួន ៣ ទៀត កំពុងរងផលប៉ះពាល់ខ្លាំងដោយសារគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ។
លោកបានបន្តថា ស្រុកបីនោះ រួមមាន ស្រុកភ្នំក្រវាញ ស្រុកវាលវែង និងស្រុកតាលោសែនជ័យ ក្នុងទំហំផ្ទៃដីប្រមាណជា ៧០ ០៤៩ ៥៦៩ ម៉ែត្រក្រឡា ស្មើនឹង ៦៨៣ ចម្ការមីននិងគ្រាប់ និងតំបន់សង្ស័យថ្មីៗមួយចំនួនទៀត ដែលប្រតិបត្តិកររបស់យើងបានរកឃើញ និងកំពុងពិនិត្យវាយតម្លៃ ដោយអាជ្ញាធរមីន។
សម្រាប់ឆ្នាំ២០២៣ នេះ ដោយមានការតាំងចិត្តពីរាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងមានការចូលរួមពីប្រទេសជាមិត្ត និងដៃគូអភិវឌ្ឍន៍ ផ្ទៃដីមានមីនប្រមាណជា ៣៥៦ គីឡូម៉ែត្រក្រឡា ត្រូវបានរៀបចំផែនការបោសសម្អាត។ នេះបើតាមការបញ្ជាក់ពីឯកឧត្តម លី ធុជ។
ឯកឧត្តមបានបញ្ជាក់ថា កម្ពុជា នឹងមានរាជធានីខេត្តចំនួន ១៨ ត្រូវប្រកាសអស់មីន ហើយក្រោយឆ្នាំ២០២៣ កម្ពុជាអាចនឹងនៅសល់ផ្ទៃដីមានមីន ដែលបានដឹងខេត្តចំនួនប្រាំពីរ រួមមាន ខេត្តកោះកុង ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង ខេត្តប៉ៃលិន ខេត្តបន្ទាយមានជ័យ ខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ ដែលជាតំបន់ស្ថិតនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ មានបញ្ហាមីនស្មុគស្មាញ និងហានិភ័យខ្ពស់»៕ ដោយ៖ នាង សុគន្ធា