ហ្វីលីពីន សម្លឹងមើលពីការប្រើប្រាស់បញ្ញាសិប្បនិមិត្ត ដើម្បីជួយប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្ស

ម៉ានីល៖ ក្រសួងយុត្តិធម៌ហ្វីលីពីន(DOJ) បានបញ្ជាក់ពីចំណាប់អារម្មណ៍របស់ខ្លួនលើការសាកល្បងប្រើបញ្ញាសិប្បនិមិត្ត ឬអេអាយ(AI) ក្នុងវិធានការដើម្បីប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្ស។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានអនឡាញ CoinGeek នៅថ្ងៃព្រហស្បតិ៍នេះ។

ក្រសួងនិយាយថា ខ្លួននឹងពឹងផ្អែកលើ AI ដើម្បីបង្ហាញព័ត៌មានបុគ្គលដែលធ្វើដំណើរចេញ ចូលក្នុងប្រទេសរបស់ខ្លួន ដោយការប៉ុនប៉ងប្រើប្រាស់បច្ចេកវិទ្យានេះ នឹងផ្តោតលើការស្វែងរកបុគ្គលដែលងាយរងគ្រោះ ដែលមានហានិភ័យនៃការជួញដូរ។

លេខាធិការក្រសួងយុត្តិធម៌លោក Jesus Crispin Remulla បានថ្លែងយ៉ាងដូច្នេះថា៖ «យើងនឹងព្យាយាមមើល ថាតើយើងអាចប្រើប្រាស់បញ្ញាសិប្បនិម្មិតដែរឬយ៉ាងណា ក្នុងការពិនិត្យមនុស្សជាច្រើនដែលចង់ចេញពីប្រទេស ជាពិសេសលើអ្នកដែលងាយប្រឈមមុខនឹងការជួញដូរ»។ លោកបន្តថា៖ «ខ្ញុំសង្ឃឹមថា ពួកគេនឹងយល់ថាវាជាផ្នែកមួយនៃវប្បធម៌របស់យើង ដើម្បីការពារប្រជាជនហ្វីលីពីនរបស់យើងពីការជួញដូរ និងក្លាយជាទាសករសម័យទំនើប»។

កន្លងមក ក្រុមអ្នករិះគន់បានលើកឡើងពីការព្រួយបារម្ភថា ការដាក់អ្នកដំណើរឱ្យឆ្លងកាត់ការត្រួតពិនិត្យដោយ AI អាចបង្កើនបន្ទុក ដែលអ្នកដំណើរហ្វីលីពីនត្រូវប្រឈមមុខនៅព្រលានយន្តហោះ។ យ៉ាងណាមិញ លោក Remulla បានជំរុញអ្នកធ្វើដំណើរ ឱ្យធ្វើដំណើរទៅដល់អាកាសយានដ្ឋានឱ្យបានលឿន ចំពេលមានប្រតិបត្តិការរបស់ក្រុមប្រឹក្សាអន្តរទីភ្នាក់ងារប្រឆាំងនឹងការជួញដូរមនុស្ស (IACAT) របស់ហ្វីលីពីន ដើម្បីកាត់បន្ថយការរអាក់រអួល។

ជាមួយគ្នានេះ លោក Remulla បាននិយាយទៀតថា បន្ថែមពីលើ AI ហ្វីលីពីននឹងពង្រឹងកម្លាំងបុគ្គលិកអន្តោប្រវេសន៍ក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ ដើម្បីដោះស្រាយបញ្ហាកកស្ទះ ដោយលោកបានបញ្ជាក់ពីការគ្រោងបង្កើនបញ្ជរអន្តោប្រវេសន៍ ដើម្បីដោះស្រាយការតម្រង់ជួរនៅព្រលានយន្តហោះរបស់ហ្វីលីពីន។

គួររំឭកថា នៅឆ្នាំ ២០២២ សមាជិកសភាហ្វីលីពីនបានលើកឡើងការជូនដំណឹងអំពីការកើនឡើងនៃករណីជួញដូរមនុស្ស ដែលមានទាំងជនជាតិហ្វីលីពីន ក្រោមការគ្រប់គ្រងដោយក្រុមសង្ងាត់របស់ជនជាតិចិន។ ឧក្រិដ្ឋជនបានទាក់ទាញជនរងគ្រោះដោយសន្យាផ្ដល់ឱ្យការងារដែលមានប្រាក់ខែខ្ពស់ រួចហើយបង្ខំពួកគេ ឱ្យអនុវត្តការបោកប្រាស់ទ្រព្យសម្បត្តិតាមប្រព័ន្ធឌីជីថល ក្រោមការគំរាមកំហែងដែលហិង្សា។

ខណៈដែល DOJ កំពុងសាកប្រើ AI ដោយបើកចំហ និយតករទូទាំងពិភពលោកកំពុងដំណើរការដោយប្រុងប្រយ័ត្នលើហានិភ័យពីបច្ចេកវិទ្យាប្រភេទនេះ។ អាជ្ញាធរនៅអឺរ៉ុប ដែលប្រកាន់ខ្ជាប់នឹងច្បាប់ការពារឯកជនភាព និងទិន្នន័យដែលមានស្រាប់ បច្ចុប្បន្ននេះកំពុងស្វែងរកការហាមឃាត់លើការប្រើប្រាស់ប្រព័ន្ធកំណត់អត្តសញ្ញាណជីវមាត្រពីចម្ងាយតាមពេលវេលាជាក់ស្ដែង។

ទោះបីជាព័ត៌មានលម្អិតមានលក្ខណៈតូចតាចក៏ដោយ វាហាក់បីដូចជា DOJ នឹងពឹងផ្អែកលើប្រព័ន្ធកំណត់អត្តសញ្ញាណតាមពេលវេលាជាក់ស្តែង ដែលអ្នករិះគន់អះអាងថា អាចបង្កឱ្យមានការរើសអើង និងការលំអៀងដែលជំរុញដោយ AI ។ អ្នករិះគន់និយាយថា អវត្ដមាននៃក្របខ័ណ្ឌបទប្បញ្ញត្តិត្រឹមត្រូវសម្រាប់ AI នៅហ្វីលីពីន អាចនឹងធ្វើឱ្យប៉ះពាល់ដល់ចេតនាថ្លៃថ្នូរបស់ក្រសួងយុត្តិធម៌៕ ប្រែសម្រួលដោយ៖ ហួន ឌីណា

ads banner