អគាររដ្ឋបាលមន្ទីរពាណិជ្ជកម្មខេត្តតាកែវ ត្រូវបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការ

អត្ថបទដោយ៖
CPA

តាកែវ៖ ក្រសួងពាណិជ្ជកម្មបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគាររដ្ឋបាលមន្ទីរពាណិជ្ជកម្មនៅខេត្តតាកែវ ដែលជាសមិទ្ធផលថ្មីមួយទៀត ដើម្បីរួមចំណែកលើកកម្ពស់មុខមាត់ប្រទេសជាតិ និងបង្កើនភាពសុខដុមជូនប្រជាពលរដ្ឋ ពិសេសជំរុញកំណើនសេដ្ឋកិច្ចនិងការងារ។ពិធីសម្ពោធនេះធ្វើឡើងក្រោមអធិបតីឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជ ដោយមានការចូលរួមពីឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ ប្រតិភូអន្តរជាតិមកពីមជ្ឈមណ្ឌលពាណិជ្ជកម្ម ឧស្សាហកម្ម ខេត្តអាងយ៉ាង ប្រទេសវៀតណាម និងមន្ទីរពាណិជ្ជកម្មរាជធានី-ខេត្ត ព្រមទាំងសាខា ក.ប.ប. ជាច្រើនរូបទៀតផងដែរ។ នេះបើតាមក្រសួងពាណិជ្ជកម្ម បានឱ្យដឹងនៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣នេះ។

ឯកឧត្តម ប៉ាន សូរស័ក្តិ បានលើកឡើងក្នុងពិធីសម្ពោធថា វិស័យពាណិជ្ជកម្ម ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាចាត់ទុកជាវិស័យអាទិភាពគន្លឹះមួយ ក្នុងចំណោមវិស័យអាទិភាពផ្សេងៗទៀត សម្រាប់ជំរុញកំណើនសេដ្ឋកិច្ចជាតិ កំណើនការងារ ការបែងចែកផ្លែផ្កាប្រកបដោយសមធម៌ និងប្រសិទ្ធភាព ព្រមទាំងរួមចំណែកកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន។ ក្នុងន័យនេះ ក្រសួងពាណិជ្ជកម្ម បានខិតខំប្រឹងប្រែងប្រកបដោយភាពបុរេសកម្ម រហូតសម្រេចបានសមិទ្ធផលសំខាន់ៗជាច្រើន រួមមាន ការផ្តល់សេវាសាធារណៈប្រកបដោយការទទួលខុសត្រូវខ្ពស់ (ការផ្តល់វិញ្ញាបនបត្របញ្ជាក់ដើមកំណើតទំនិញ) ការចុះបញ្ជីក្រមហ៊ុន-សហគ្រាស ការកសាងច្បាប់ បទប្បញ្ញត្តិ និងលិខិតបទដ្ឋាននានា ការកសាងបង្កើតម៉ាកសមូហភាព ម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ និងការពារកម្មសិទ្ធិបញ្ញាជាដើម។ លោកបន្ថែមថា៖« ការរក្សាបាននូវស្ថេរភាពទីផ្សារ ស្ថេរភាពថ្លៃទំនិញចាំបាច់សម្រាប់ជីវភាពប្រចាំថ្ងៃ ការពង្រឹងតុល្យភាពជញ្ជីងពាណិជ្ជកម្មរវាងការនាំចេញនាំចូល ការបន្តធ្វើពិពិធកម្មទីផ្សារនិងផលិតផលរបស់កម្ពុជា រួមទាំងការសម្របសម្រួល និងបង្កើតនូវបរិស្ថានវិនិយោគ និងធុរកិច្ចប្រកបដោយអំណោយផល»។

បើទោះបីជាពិភពលោកកំពុងជួបប្រឈមនូវវិបត្តិធំៗជាសកល ក៏កម្ពុជានៅតែរក្សាបាននូវលំនឹងសេដ្ឋកិច្ច ពាណិជ្ជកម្ម នយោបាយ ការប្រយុទ្ធឈ្នះជំងឺកូវីដ១៩ ព្រមទាំងទំហំពាណិជ្ជកម្ម មានសន្ទុះកើនទ្បើងគួរកត់សម្គាល់។ នេះជាការបញ្ជាក់របស់រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម។

ជាមួយគ្នានេះឯកឧត្តម ប៉ាន សូរស័ក្តិ វាយតម្លៃខ្ពស់ចំពោះគណៈអភិបាលខេត្ត គណៈកម្មាការសាងសង់ ភាគីឯកជន មន្ទីរ-អង្គភាពពាក់ព័ន្ធ មន្រ្តីមន្ទីរពាណិជ្ជកម្មខេត្តតាកែវ ដែលបានសហការគ្នាយ៉ាងល្អរហូតសម្រេចបាននូវសំណង់អគាររដ្ឋបាលថ្មីរបស់មន្ទីរពាណិជ្ជកម្មខេត្តតាកែវ ដែលជាសមិទ្ធផលដ៏មានសារៈសំខាន់ថ្មីមួយទៀត ដើម្បីរួមចំណែកលើកកម្ពស់មុខមាត់ប្រទេសជាតិផង និងបង្កើនភាពសុខដុមជូនប្រជាពលរដ្ឋផង។ លោកបន្តថា អគាររដ្ឋបាលមន្ទីរពាណិជ្ជកម្មនេះក៏ជាសមាសភាគរួមផ្សំមួយ បង្ហាញពីភាពរីកចម្រើនជាបន្តបន្ទាប់នៃហេដ្ឋារចនាសម្ព័ន្ធរូបវន្តរបស់ខេត្ត ស្របពេលដែលប្រទេសកម្ពុជាកំពុងមានសុខសន្តិភាពពេញលេញមានការអភិវឌ្ឍលើគ្រប់វិស័យនិងប្រជាជនកំពុងរស់នៅយ៉ាងសុខសាន្ត។

រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ក៏បានថ្លែងអំណរគុណចំពោះអាជ្ញាធរខេត្ដតាកែវដែលតែងផ្ដល់កិច្ចសហការល្អ និងគាំទ្រដល់ការអភិវឌ្ឍវិស័យពាណិជ្ជកម្ម ព្រមទាំងបានស្នើដល់មន្រ្តីមន្ទីរពាណិជ្ជកម្ម និងមន្រ្តីសាខា ក.ប.ប ខេត្ត បន្តដើរតួនាទីលើការជួយផ្សព្វផ្សាយ និងចែករំលែកអំពីព័ត៌មានទីផ្សារ ក្តាប់ និងតាមដានការវិវត្តន៍ នៃស្ថានភាពទីផ្សារ។ ជាមួយគ្នានេះឯកឧត្តមជំរុញឱ្យមន្ទីរពាណិជ្ជកម្មខេត្តតាកែវ ផ្តល់សេវាពាណិជ្ជកម្មនានា សម្រាប់ជួយគាំទ្រដល់វិស័យឯកជនឱ្យកាន់តែប្រសើរឡើងថែមទៀត ជាពិសេសត្រូវបង្កើនការចុះត្រួតពិនិត្យគុណភាពទំនិញ ផលិតផល សុវត្ថិភាពចំណីអាហារតាមទីផ្សារសាធារណៈ សណ្ឋាគារ និងភោជនីយដ្ឋាន និងការប្រកបអាជីវកម្មគ្រប់ប្រភេទ ។

សូមជម្រាបថា បច្ចុប្បន្នកម្ពុជាបាននិងកំពុងធ្វើការចរចាបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ទ្វេភាគី និងពហុភាគី ទាំងក្នុងក្របខ័ណ្ឌ តំបន់ និងសកលលោក មានជាអាទិ៍កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-ចិន កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-កូរ៉េ កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយកម្ពុជា-អេមីរ៉ាតអារ៉ាប់រួម(CEPA) ព្រមទាំងចរចាបង្កើតកិច្ចព្រមព្រៀងដៃគូពាណិជ្ជកម្ម រវាងកម្ពុជា ជាមួយបណ្តាប្រទេសផ្សេងៗទៀត ក្នុងទ្វីបអាស៊ី អឺរ៉ុប អាម៉េរិក និងទ្វីបអាហ្រ្វិក៕ ដោយ៖ ជា សុខនី

ads banner