ក្រុមសង្គ្រោះតស៊ូពេញមួយយប់ ដើម្បីជួយជីវិតមនុស្សក្នុងនាវាមុជទឹក Titan ដែលបាត់ខ្លួន
បូស្តុន៖ កិច្ចខិតខំប្រឹងប្រែងស្វែងរក និងជួយសង្រ្គោះដ៏ធំសម្រាប់នាវាមុជទឹកដែលបាត់ខ្លួន នៅជិតបំណែកកប៉ាល់ Titanic កំពុងស្ថិតក្នុងដំណាក់សំខាន់បំផុត ព្រោះសល់តែប៉ុន្មានម៉ោងទៀតទេ នឹងអស់អុកស៊ីហ្សែនសម្រាប់មនុស្ស ៥នាក់ ដែលស្ថិតនៅក្នុងនាវានោះ ដែលគេរំពឹងថា នឹងអស់នៅថ្ងៃព្រហស្បតិ៍នេះ។

ទោះបីជាយ៉ាងណាក៏ដោយ មន្ត្រីឆ្មាំឆ្នេរសមុទ្របាននិយាយថា ពួកគេនៅតែមានក្តីសង្ឃឹម ជាមួយនឹងការកើនឡើងនៃឧបករណ៍ និងអ្នកជំនាញដែលចូលរួមក្នុងប្រតិបត្តិការនេះ ខណៈដែលប្រព័ន្ធសូណាចាប់បានសំឡេងនៅក្រោមទឹកដែលមិនស្គាល់អត្តសញ្ញាណ ហើយបញ្ហាប្រឈមនៃការកំណត់ទីតាំង និងការសង្គ្រោះមនុស្ស ដែលនៅមានជីវិតបានលេចចេញជារូបរាងកាន់តែខ្លាំងឡើង។

អ្នករៀបចំការឆ្លើយតបចម្រុះជាតិសាសន៍ ដែលរួមមានយន្តហោះយោធាអាមេរិក និងកាណាដា នាវាឆ្មាំសមុទ្រ និង រ៉ូបូតបញ្ជាតាមតេឡេ កំពុងផ្តោតលើកិច្ចខិតខំប្រឹងប្រែងរបស់ពួកគេ នៅមហាសមុទ្រអាត្លង់ទិកខាងជើងនៅជិតតំបន់មានសំឡេងក្រោមទឹក ដែលរកឃើញដោយប្រព័ន្ធសូណា។ សំឡេងក្រោមសមុទ្រនោះ បានបង្កើនក្តីសង្ឃឹមថា អ្នកដំណើរលើនាវាមុជទឹកទេសចរណ៍ខ្នាតតូចនោះនៅមានជីវិតនៅឡើយ ត្បិតអ្នកជំនាញមិនអាចបញ្ជាក់ពីប្រភពបានក៏ដោយ។

ជាមួយគ្នានេះ មេបញ្ជាការឆ្មាំសមុទ្រអាមេរិក លោក Jamie Frederick បាននិយាយថា យើងមិនដឹងថា សំឡេងនោះជាអ្វីនោះទេ និយាយដោយស្មោះជាមួយអ្នក តែយើងត្រូវតែមានសុទិដ្ឋិនិយម និងក្តីសង្ឃឹម”។
សូមរម្លឹកថា នាវាមុជទឹកខ្នាតតូចឈ្មោះ Titan របស់ក្រុមហ៊ុន OceanGate ដែលបានធ្វើទេសចរទៅកាន់ទីតាំងខ្មោចកប៉ាល់ Titanic បានបាត់ខ្លួន ចាប់តាំងពីថ្ងៃអាទិត្យចុងសប្តាហ៍មុននេះ។

គិតត្រឹមម៉ោង ៤រសៀល ថ្ងៃទី២២ ខែមិថុនានេះ នៅសល់មិនដល់ប៉ុន្មាននាទីទៀតទេ អុកស៊ីហ្សែនដែលផ្គត់ផ្គង់នៅក្នុងនាវាមុជទឹកដែលបាត់ខ្លួន Titan របស់ក្រុមហ៊ុន OceanGate នឹងអស់ហើយ។ ក្នុងនាវាមុជទឹកនេះ មានបុគ្គលល្បីៗ និងជាមហាសេដ្ឋីលំដាប់ពិភពលោកដូចជា៖
១. មហាសេដ្ឋីប៉ាគីស្ថានលោក Shahzada DaWood និងកូនប្រុស Sulaiman Dawood
២. មហាសេដ្ឋីអង់គ្លេសលោក Hamish Harding
៣. អ្នករុករកដ៏ល្បីល្បាញជនជាតិបារាំង Paul Henry Nargeolet
៤. អគ្គនាយកប្រតិបត្ដិក្រុមហ៊ុន OceanGate លោក Stockton Rush៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

