គ.ជ.ប ចេញសេចក្តីជូនដំណឹងស្តីពីការបន្តសុពលភាពអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរគំរូថ្មី ដែលបានអស់សុពលភាពសម្រាប់បម្រើឱ្យការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧
ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានចេញសេចក្តីជូនដំណឹងដល់ប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០២២ គណៈកម្មការរៀបចំការបោះឆ្នោតគ្រប់លំដាប់ថ្នាក់ និងភាគីពាក់ព័ន្ធ ជ្រាបថា អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរគំរូថ្មី ដែលអស់សុពលភាពប្រើប្រាស់ក្នុងឆ្នាំ២០២២ និងឆ្នាំ២០២៣ ត្រូវបានបន្តសុពលភាពសម្រាប់ប្រើប្រាស់ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ស្របតាមអនុក្រឹត្យលេខ ១៣២ អនក្រ.បក ចុះថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣ របស់រាជរដ្ឋាភិបាលកម្ពុជា។ ដូច្នេះ អ្នកបោះឆ្នោតអាចប្រើប្រាស់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរគំរូថ្មី ដែលអស់សុពលភាពខាងលើនេះ ដើម្បីបំពេញលក្ខខណ្ឌបោះឆ្នោតក្នុងថ្ងៃបោះឆ្នោតបាន។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ គ.ជ.ប នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៣។
គ.ជ.ប បានបញ្ជាក់ថា ចំពោះប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០២២ ដែលបានប្រើឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឱ្យការចុះឈ្មោះបោះឆ្នោត ហើយមិនទាន់មានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ (អ.ខ) ឬមិនទាន់ទទួលបាន ឬបាត់ ឬខូច ឬកែតម្រូវ សូមប្រញាប់រួសរាន់ទៅស្នើសុំឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឱ្យការបោះឆ្នោត (ឯ.អ) ពីគណៈកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោត និងត្រូវបញ្ជាក់សុពលភាពដោយអាជ្ញាធរឃុំ សង្កាត់ នៃឃុំ សង្កាត់ ដែលខ្លួនត្រូវទៅបោះឆ្នោតឱ្យបានទាន់ពេលវេលា។ ការចេញ ឯ.អ មានរយៈពេល៣០ថ្ងៃ ចាប់ផ្តើមពីថ្ងៃទី២២ ខែមិថុនា នឹងត្រូវបញ្ឈប់នៅថ្ងៃសុក្រ ទី២១ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោង ៥:៣០ នាទីល្ងាច។
គ.ជ.ប សង្ឃឹមយ៉ាងមុតមាំថា ប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០២២ គណៈកម្មការរៀបចំការបោះឆ្នោតគ្រប់លំដាប់ថ្នាក់ និងភាគីពាក់ព័ន្ធនឹងអនុវត្តសេចក្តីជូនដំណឹងនេះឱ្យមានប្រសិទ្ធភាពខ្ពស់៕
ដោយ៖ពលជ័យ