ថៃប្រារព្ធពិធីបុណ្យខ្មោចដ៏ធំប្រចាំឆ្នាំ
បាងកក៖ ប្រជាជនថៃរាប់រយនាក់វាយកណ្តឹង និងរាំរែកក្នុងក្បួនដង្ហែរដ៏ធំមួយ នៅក្នុងពិធីបុណ្យខ្មោចដ៏ធំប្រចាំឆ្នាំនៅភាគឦសានរបស់ប្រទេសថៃ។
ផ្លូវនានានៃស្រុក Dan Sai ខេត្ត Loei បានពោលពេញដោយសម្លៀកបំពាក់មានពណ៌ចម្រុះ និងការប្រគុំតន្ត្រីតាមបែបប្រពៃណី នៅឯពិធីបុណ្យ Phi Ta Khon ខណៈដែលអ្នកចូលរួមបានឧទ្ទិសហៅដួងព្រលឹង នៅចំពោះមុខអ្នកទស្សនារាប់ពាន់នាក់។ ដើមកំណើតនៃពិធីបុណ្យខ្មោចដ៏ធំប្រចាំឆ្នាំរបស់ថៃនេះ បានស្ថិតនៅក្នុងចំណោមពិធីបុណ្យប្រពៃណីព្រះពុទ្ធសាសនា។
វិចិត្រករថៃ លោក Pisit Tabtong អាយុ ៥៩ឆ្នាំ បាននិយាយថា ជាប្រពៃណី របាំងមុខខ្មោចដែលធ្វើពីអង្កាម មានការរចនាសាមញ្ញជាមួយនឹងពណ៌ដីឥដ្ឋ។ ប៉ុន្តែចាប់តាំងពីពិធីបុណ្យខ្មោចនេះ បានប្រែក្លាយជាភាពទាក់ទាញសម្រាប់អ្នកទេសចរណ៍នោះ របាំងមុខដែលគូរដោយដៃត្រូវបានរចនាមានពណ៌ចម្រុះ និងរស់រវើកជាងមុនក្នុងពេលប៉ុន្មានឆ្នាំថ្មីៗនេះ។
លោកបន្តថា ការរចនារបាំងមុខដ៏សាមញ្ញមួយ ត្រូវចំណាយពេលប្រហែលមួយទៅពីរសប្តាហ៍ដើម្បីធ្វើ ប៉ុន្តែការរចនាដ៏ស្មុគស្មាញអាចនឹងត្រូវចំណាយពេលរាប់ខែ។ លោក Pisit បន្ថែមថា អ្នកស្រុកមានជំនឿថា នឹងមានសំណាងអាក្រក់ បើរក្សាទុករបាំងមុខរបស់ពួកគេ បន្ទាប់ពីពិធីបុណ្យនេះ ហើយថា បន្ទាប់ពីពិធីនេះ ពួកយើងនឹងយករបាំងមុខទាំងនោះ ទៅវត្តពន់ឆៃ។ ហើយក្រោយមក ពួកយើងនឹងបណ្ដែតរបាំងមុខនោះតាមដងទន្លេ ព្រោះយើងជឿជាក់ថា វាជានិមិត្ដរូបនៃការលាងសម្អាតអំពើអាក្រក់ និងបោះចោលភាពអវិជ្ជមាន៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា






