គ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ពិនិត្យ ព្យាបាលជំងឺដោយឥតគិតថ្លៃជូនពលរដ្ឋខេត្តកណ្តាលជិតប្រាំពីរពាន់នាក់

អត្ថបទដោយ៖
CPA

កណ្ដាល៖ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី បានធ្វើការចុះពិនិត្យព្យាបាលជំងឺដល់ប្រជាពលរដ្ឋក្នុងឃុំសន្លុង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល សរុបចំនួន ៦ ៧១៨នាក់ ដោយឥតគិតថ្លៃ ដែលជាអំណោយសប្បុរសធម៌ដោយគ្មានការរើសអើងជាតិសាសន៍ ឬនិន្នាការនយោបាយអ្វីឡើយ។

តាមរយៈរដ្ឋបាលខេត្តកណ្តាល លោក ប៊ុន ផេង អភិបាលរងខេត្តកណ្តាល បានថ្លែងអំណរគុណដល់ឯកឧត្តម ហ៊ុន ម៉ានី ដែលតែងតែបានចាត់បញ្ជូនក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តចុះបំពេញបេសកកម្មមនុស្សធម៌ក្នុងការជួយពិនិត្យនិងព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ក្នុងពេលនេះ និងរយៈពេលកន្លងទៅនៅក្នុងខេត្តកណ្តាល ក៏ដូចនៅក្នុងទូទាំងប្រទេស។

លោកថ្លែងថា ៖ «សកម្មភាពមនុស្សធម៌នេះពិតជាបានរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាក៏ដូចជាអាជ្ញាធរដែនដីក្នុងខេត្តកណ្តាល ដែលបាននឹងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំង ក្នុងគោលដៅអនុវត្តយុទ្ធសាស្ត្រនៃការលើកកម្ពស់សុខភាពប្រជាជននិងអាហារូបត្ថម្ភ ដើម្បីគាំទ្រដល់ការអភិវឌ្ឍធនធានមនុស្ស កំណើនសេដ្ឋកិច្ច និងវឌ្ឍនភាពសង្គមប្រកបដោយចីរភាព»។

បន្ថែមពីនេះ លោក ប៊ុន ផេង ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់បន្តថែរក្សាសុខភាពឲ្យបានល្អថែមទៀតដោយហូបស្អាត ផឹកស្អាត និងរស់នៅស្អាត និងសូមបន្តយកចិត្តទុកដាក់ បង្ការនូវជំងឺឆ្លងផ្សេងៗ ដើម្បីរួមចំណែកអភិវឌ្ឍន៍សង្គមជាតិ និងជីវភាពរស់នៅរបស់យើងទាំងអស់គ្នា។

យោងតាមរដ្ឋបាលខេត្តកណ្តាលបានឱ្យដឹងថា សម្រាប់ខេត្តកណ្តាល ក្នុងរយៈពេលកន្លងទៅនេះ ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី បានចុះមកពិនិត្យព្យាបាលជំងឺដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋ មានចំនួន១៩លើកមកហើយ សរុបមានប្រជាពលរដ្ឋចូលរួម ៩៤,១២៤នាក់។

ដោយឡែក បើគិតត្រឹមរយៈពេល ១១ឆ្នាំ ដោយគិតចាប់បី ថ្ងៃទី ០២ ធ្នូ ឆ្នាំ២០១២ រហូតដល់ ថ្ងៃទី១១ មិថុនា ឆ្នាំ២០២៣ ក្រោមការដឹកនាំររបស់លោក ហ៊ុន ម៉ានី មានក្រុមគ្រូពេទ្យចំនួន ១២,០៦៩នាក់ បានពិនិត្យ ព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃក្នុង២៥រាជធានី-ខេត្ត បានចំនួន១០៧៦លើកហើយ ដោយបានព្យាបាលជំងឺបានចំនួន ១១,៧៧២,១០៣នាក់ ក្នុងនោះស្ត្រីមានចំនួន ៦,០១៣,៨៣៨នាក់ផងដែរ៕ ដោយ៖ បូរ ពេជ្រហ្សាលីន

ads banner