ទីលានទុកដាក់សំរាមស្តង់ដារទំនើបតម្លៃបួនលានដុល្លារ នៅខេត្តកំពង់ធំ ដាក់ឱ្យដំណើរការ
កំពង់ធំ៖ ទីលានទុកដាក់សំរាមតម្លៃជាងបួនលានដុល្លារ ក្នុងខេត្តកំពង់ធំ នៃគម្រោងកែលម្អគ្រប់គ្រងបរិស្ថានក្រុងជុំវិញបឹងទន្លេសាបជំហានទី២ ត្រូវបានសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ ដើម្បីលើកកម្ពស់សេវាថែរក្សាអនាម័យ និងការគ្រប់គ្រងបរិស្ថានតំបន់ជុំវិញបឹងទន្លេសាប។
ការប្រកាសសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ និងប្រគល់ទីលានទុកដាក់សំរាម ខេត្តកំពង់ធំ ដល់រដ្ឋបាលខេត្តគ្រប់គ្រង និងប្រតិបត្តិការបន្ត បានធ្វើឡើងក្រោមអធិបតីភាពឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន, តំណាងធនាគារអភិវឌ្ឍន៍អាស៊ី, មន្រ្តីបច្ចេកទេសពាក់ព័ន្ធ អាជ្ញាធរដែនដី ប្រជាពលរដ្ឋ និងសិស្សានុសិស្សជាច្រើនរូប នាថ្ងៃទី២៦ ខែមិថុនា។

យោងតាមរបាយការណ៍របស់ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា ទីលានទុកដាក់សំរាមនេះ មានទីតាំងស្ថិតនៅភូមិត្រពាំងឫស្សី ឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ដែលគម្រោងនេះជាគម្រោងមួយនៅក្នុងគម្រោងកែលម្អគ្រប់គ្រងបរិស្ថាន ក្រុងជុំវិញបឹងទន្លេសាប ជំហានទី២ ដោយប្រើប្រាស់ឥណទានពីធនាគារអភិវឌ្ឍន៍អាស៊ី(ADB )ក្នុងការស្ថាបនា ជាមួយទំហំទឹកប្រាក់ ៤ ៦២៩ ៣៩៩ ដុល្លារអាមេរិក។
ប្រភពដដែលបានបន្តថា ទីលាននេះ បានចាប់ផ្តើមធ្វើការសាងសង់កាលពីខែកក្កដា ឆ្នាំ២០២១ និងបានបញ្ចប់ការសាងសង់នៅចុងខែវិច្ឆិកា ឆ្នាំ២០២២។ សាងសង់លើផ្ទៃដីទំហំ ១៤,៧៣ ហិកតា នៃផ្ទៃដីសរុប ១៩,៧៦ ហិកតា។ រណ្តៅទុកដាក់សំរាមមានទទឹង៨០ម៉ែត្រ បណ្តោយ១៧០ម៉ែត្រ ជម្រៅ០២ម៉ែត្រ ដែលត្រូវជា ១,៣៦ហិកតា។

ក្រសួងបានបញ្ជាក់ថា តាមផែនការរណ្តៅនេះ នឹងត្រូវបំពេញសំរាមរហូតដល់កម្ពស់ ១០ម៉ែត្រ គីតពីមាត់រណ្តៅ ដែលអាចផ្ទុកបរិមាណសំរាមបានប្រមាណ ៩៧ ៨៨៦ ម៉ែត្រគូប ហើយគ្រោងនឹងដាក់ឱ្យប្រើប្រាស់រយៈពេល២០ឆ្នាំ សម្រាប់ប្រជាជន ប្រមាណជា ៣៦ ៤៧៨នាក់ នៅក្នុង ជុំវិញទីរួមខេត្តកំពង់ធំ។
ថ្លែងក្នុងពិធីប្រគល់-ទទួល ទីលានទុកដាក់សំរាមក្រុងស្ទឹងសែននេះឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានលើកឡើងថា ទីលានទុកដាក់សំរាម និងកាកសំណល់នានា ធ្វើឡើងស្របតាមបទដ្ឋានបច្ចេកទេស ខ្នាតស្តង់ដារត្រឹមត្រូវនេះ ខណៈទីលាននេះក៏ជាសមិទ្ធផលថ្មីបន្ថែមទៀតសម្រាប់ប្រជាពលរដ្ឋខេត្តកំពង់ធំ។ឯកឧត្តមក៏បានឱ្យដឹងដែរថា ទីលានទុកដាក់សំរាមបែបនេះ ត្រូវបានសាងសង់បានចំនួនប្រាំពីរកន្លែង មកហើយ ដែលមាននៅក្នុងខេត្តព្រះសីហនុ បាត់ដំបង់ កំពត កែប កំពង់ឆ្នាំង និងខេត្តពោធិ៍សាត់។
ឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល មានប្រសាសន៍ថា ការដែលមានទីលានទុកដាក់សំរាមត្រឹមត្រូវ ស្របតាមបទ ដ្ឋានបច្ចេកទេសបែបនេះ គឺពិតជាបានចូលរួមចំណែក ក្នុងការលើកកម្ពស់គុណភាព សុខុមាលភាពការរស់នៅ របស់បងប្អូននៅក្នុងតំបន់ ក៏ដូចជាតំបន់ជុំវិញ។

ទន្ទឹមនឹងការលើកឡើងនេះឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ បានចាត់ទុកថា ទីលានទុកដាក់សំរាម ដែលបានបញ្ចប់ការសាងសង់ និងដាក់ឱ្យប្រើប្រាស់នាពេលនេះ នឹងចូលរួមចំណែកក្នុងការលើកកម្ពស់គុណភាពការរស់នៅបងប្អូននៅក្នុងតំបន់ និងតំបន់ជុំវិញ ជាពិសេសគឺការកាត់បន្ថយបញ្ហាប្រឈមទៅលើកត្តាសុខភាព និងការបំពុលបំផ្លាញបរិស្ថានផងដែរ។
ទន្ទឹមនឹងសមិទ្ធផលថ្មី ទីលានទុកដាក់សំរាម ដែលសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នាឱកាសនោះដែរឯកឧត្តម ស៊ុន ចាន់ថុល ក៏បានបង្ហើបថា សមិទ្ធផលធំៗនានានឹងមានវត្តមាននៅខេត្តកំពង់ធំនាពេលខាងមុខ ក្នុងនោះរួមមាន គម្រោងផ្លូវជាតិលេខ៥០សេ តភ្ជាប់ពីកំពង់ធំទៅកំពង់លែង, គម្រោងសិក្សាផ្លូវតភ្ជាប់ពីក្រចេះ មកកាន់កំពង់ធំ, គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប ឆ្លងកាត់កំពង់ធំ ដែលបានចុះកិច្ចព្រមព្រៀងក្របខ័ណ្ឌរួចរាល់, និងគម្រោងសិក្សាផ្លូវដែកពី ប៉ោយប៉ែត-សៀមរាប-កំពង់ធំ-កំពង់ឆ្នាំង មកកាន់រាជធានីភ្នំពេញជាដើម៕ ដោយ៖ បូរ ពេជ្រហ្សាលីន