គិតត្រឹមខែមិថុនា ក្រសួងពាណិជ្ជកម្មបានចុះបញ្ជីទាំងម៉ាកក្នុងស្រុក និងម៉ាកអន្តរជាតិបានប្រមាណ១២ម៉ឺនម៉ាក

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ នាយកដ្ឋាកម្មសិទ្ធិបញ្ញានៃក្រសួងពាណិជ្ជកម្មបានបញ្ជាក់ថា បច្ចុប្បន្នក្រសួង បានចុះបញ្ជីទាំងម៉ាកក្នុងស្រុក និងម៉ាកអន្តរជាតិបានប្រមាណ១២ម៉ឺនម៉ាក និងម៉ាកសម្គាល់ភូមិសាស្ត្រទំនិញចំនួនប្រាំពីរខណៈក្រសួងកំពុងបន្តយកចិត្តទុកដាក់ទៅលើកិច្ចការពារកម្មសិទ្ធិបញ្ញានិងការទាញប្រយោជន៍ជាអតិបរិមាពីកម្មសិទ្ធិបញ្ញា ដែលរួមចំណែកដ៏សំខាន់នៅក្នុងការលើកកម្ពស់ឧត្តមភាពប្រកួតប្រជែងរបស់ក្រុមហ៊ុន និងសហគ្រាស។

លោក សួន វិជ្ជា ទីប្រឹក្សាក្រសួងពាណិជ្ជកម្ម ជាប្រធានលេខាធិការដ្ឋានគណៈកម្មាធិកាជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា និងជាប្រធាននាយកដ្ឋានកម្មសិទ្ធិបញ្ញា បានថ្លែងថា មកទល់បច្ចុប្បន្ននេះនាយកដ្ឋាកម្មសិទ្ធិបញ្ញានៃក្រសួងពាណិជ្ជកម្មបានចុះបញ្ជីទាំងម៉ាកក្នុងស្រុក និងម៉ាកអន្តរជាតិបានប្រមាណ១២ម៉ឺនម៉ាក និងម៉ាកសម្គាល់ភូមិសាស្ត្រទំនិញចំនួនប្រាំពីរ ដូចជា៖ ម្រេចកំពត ស្ករត្នោតកំពង់ស្ពឺ ក្រូចថ្លុងកោះទ្រង់ ទឹកឃ្មុំព្រៃមណ្ឌលគិរី អំបិលកំពតកែប បង្កងតាកែវ និងទឹកត្រីកំពតកែប។

លោកបានលើកឡើងដូចនេះ នៅក្នុងកម្មវិធីជជែកធុរកិច្ចលើកទី៦ ស្តីពី ការគ្រប់គ្រង និងធ្វើពាណិជ្ជកម្មលើកម្មសិទ្ធិបញ្ញា៖ ការផ្តល់អាជ្ញាបណ្ណ និងប្រគល់សិទ្ធិផ្តាច់មុខចំពោះកម្មសិទ្ធិបញ្ញា កាលពីចុងសប្តាហ៍មុននេះ។

តាមរយៈនាយកដ្ឋានកម្មសិទ្ធបញ្ញានៃក្រសួងពាណិជ្ជកម្ម លោកសួន វិជ្ជា បានឱ្យដឹងដែរថា កម្មសិទ្ធិបញ្ញាគឺជាប្រធានបទមួយដែលមានលក្ខណៈទូលំទូលាយ ដោយចរិកលក្ខណៈរបស់កម្មសិទ្ធិប ញ្ញាត្រូវបានបែងចែកទៅតាមប្រភេទផ្សេងៗគ្នា ដូចជា ម៉ាកសិទ្ធិអ្នកនិព្ធនិងសិទ្ធិប្រហាក់ប្រហែល តកក្កកម្ម គំនូរឧស្សាហកម្ម សៀគ្វីបង្រួម ទំនិញសម្គាល់ភូមិសាស្ត្រ និងព័ត៌មានសង្ងាត់ ជាដើម។

លោកបានបញ្ជាក់ថា ៖ «ការពិតណាស់ រាល់ការធ្វើធុរកិច្ចទាំងអស់តែងជាប់ទាក់ទងនឹងការប្រើប្រាស់ផ្នែកណាមួយនៃកម្មសិទ្ធិបញ្ញា ដូចជា ការបំពាក់ម៉ាកផលិតផលទៅលើទំនិញ ឬសេវាដើម្បីញ៉ែកផលិតផលឱ្យមានលក្ខណៈដាច់ដោយឡែក ពីផលិតផលដទៃទៀតនៅលើទីផ្សារ»។

លោកបានបន្តទៀតថា នៅក្នុងបរិការណ៍នៃការប្រកួតប្រជែងក្នុងវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម ការយកចិត្តទុកដាក់ទៅលើកិច្ចការពារកម្មសិទ្ធិបញ្ញា និងការទាញប្រយោជន៍ជាអតិបរិមាពីកម្មសិទ្ធិបញ្ញាជាកត្តាមួយ ដែលរួមចំណែកដ៏សំខាន់នៅក្នុងការលើកកម្ពស់ឧត្តមភាពប្រកួតប្រជែងរបស់ក្រុមហ៊ុន និងសហគ្រាសនីមួយៗតាមរយៈសិទ្ធិផ្តាច់មុនក្នុងការប្រើប្រាស់កម្មសិទ្ធិបញ្ញា និងសិទ្ធិនៅក្នុងការផ្ទេរម្ចាស់កម្មសិទ្ធិឬការអនុញ្ញាតឱ្យអ្នកផ្សេងប្រើប្រាស់ក្រោមកិច្ចសន្យាអជ្ញាប័ណ្ណ។

លោក ចាន់ ស៊ីថា ម្ចាស់សហគ្រាសផលិតទឹកត្រីកំពត ង៉ូវ ហេង បានប្រាប់ឱ្យដឹងនៅថ្ងៃទី២៦ ខែមិថុនា ថា ការទទួលបានកម្មសិទ្ធិបញ្ញា ទៅលើផលិតផល ដែលខ្លួនផលិតបាន ជាមោទនភាពមួយ ដែលបង្ហាញឱ្យឃើញថា អ្នកផលិត មានសមត្ថភាព និងត្រូវបានការពារដោយច្បាប់ មិនបារម្ភខ្លាចមានការក្លែងបន្លំម៉ាក។

លោកបានថ្លែងថា ៖ «ខ្ញុំគាំទ្រឱ្យមានការចុះកម្មសិទ្ធិបញ្ញា ទៅលើផលិតផលដែលយើងផលិតបាន មិនថា ជាផលិតបរិភោគ ឬផលិតប្រើប្រាស់នោះទេ ព្រោះជាការលើកទឹកចិត្តដល់អ្នកដែលមានសមត្ថភាពភាពសិក្សាស្រាវជ្រាវ មានភាពច្នៃប្រតិដ្ឋនៅក្នុងការបង្កើតផលិតផលថ្មី និងគំរូអាជីវកម្មថ្មី ដែលចាំបាច់ត្រូវមានការផ្សារភ្ជាប់ទៅនឹងកិច្ចការពារកម្មសិទ្ធិបញ្ញា»។

សូមជម្រាបថា ដើម្បីផ្តល់កិច្ចការពារដល់ម្ចាស់កម្មសិទ្ធិបញ្ញា និងធានាការប្រកួតប្រជែងដោយស្មើភាព ព្រមទាំងអនុលោមទៅតាមកាតព្វកិច្ចរបស់កម្ពុជាក្រោមអង្គការពាណិជ្ជកម្មពិភពលោកដែលព្រះរាជាណាចក្រកម្ពុជាចូលជាសមាជិកនៅក្នុងឆ្នាំ២០០៤ រាជរដ្ឋាភិបាលកម្ពុជាបានកសាងច្បាប់ពាក់ព័ន្ធកម្មសិទ្ធិបញ្ញាជាច្រើនដែលកំពុងត្រូវបានអនុវត្តនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

នៅក្នុងនោះរួមមាន ច្បាប់ស្តីពី ម៉ាក ពាណិជ្ជនាម និងអំពើនៃការប្រកួតប្រជែងមិនស្មោះត្រង់នៅឆ្នាំ២០០២, ច្បាប់ស្តីពី សិទ្ធិអ្នកនិពន្ធ និងសិទ្ធិប្រហាក់ប្រហែល នៅឆ្នាំ២០០៣ ,ច្បាប់ស្តីពីប្រកាសនីយបត្រតក្កកម្មវិញ្ញាបនបត្រម៉ូដែលមានអត្ថប្រយោជន៍ និងគំនូរឧស្សាហកម្ម ២០០៣, ច្បាប់ស្តីពីការគ្រប់គ្រងពូជដំណាំ និង សិទ្ធិអ្នកបង្កាត់ពូជដំណាំឆ្នាំ២០០៨ ,ច្បាប់ស្តីពីម៉ាកសម្គាល់ភូមិសាស្ត្រទំនិញឆ្នាំ២០១៤។

បច្ចុប្បន្ននេះ ដើម្បីរួមចំណែកជំរុញការប្រើប្រាស់កម្មសិទ្ធិបញ្ញាប្រកបដោយបរិយាបន្ន គណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញាដែលមានសមាសភាព ក្រសួងចំនួន១៨ កំពុងធ្វើសេចក្តីព្រាង គោលយោបាយជាតិស្តីពីកម្មសិទ្ធិបញ្ញា ដោយបានបញ្ចូលនូវសកម្មភាពមួយចំនួន ដើម្បីផ្សារភ្ជាប់កម្មសិទ្ធិបញ្ញាទៅនឹងគ្រឹះស្ថានអប់រំ តាមរយៈការរៀបចំ និងបញ្ចូលកម្មវិធីសិក្សា កម្មសិទ្ធិបញ្ញាតាមជំនាញ។

កម្មវិធីសុក្សាទាំងនោះមានដូចជា៖ ច្បាប់ ធុរកិច្ចសម្រាប់គ្រឹះស្ថាន អប់រំថ្នាក់ឧត្តមនិងក្រោយឧត្តមសិក្សា និងវិក្រឹតការ ,ការរៀបចំនិងបញ្ចូលកម្មវិធីសិក្សាកម្មសិទ្ធិបញ្ញា សម្រាប់គ្រឹះស្ថានអប់រំកម្រិតមធ្យមសិក្សាចំណេះទូទៅ, រៀបចំ និងបញ្ជូលកម្មវិធីសិក្សាមុខវិជ្ជា កម្មសិទ្ធិបញ្ញាដែលទាក់ទងនឹងគោលគំនិតបច្ចេកវិទ្យា និងនវានុវត្តន៍ សម្រាប់ការបញ្ចូលទៅក្នុងកម្មវិធីសិក្សារបស់សាកលវិទ្យាល័យ វិទ្យាស្ថានពាក់ព័ន្ធបច្ចេកវិទ្យា វិទ្យាសាស្ត្រសុខាភិបាល វិស្វកម្ម និងស្ថាប័នពាក់ព័ន្ធនានាផងដែរ៕ ដោយ៖ វណ្ណ សុជាតា

ads banner