សហគមន៍ចំនួនប្រាំ បានទទួលការបណ្ដុះបណ្តាលស្តីពីការអភិរក្សជីវៈចម្រុះ និងធនធានធម្មជាតិ
ភ្នំពេញ៖ អង្គការជីវិតធម្មជាតិនៅកម្ពុជាបានផ្ដល់វគ្គបណ្ដុះបណ្តាលស្តីពីការអភិរក្សជីវៈចម្រុះ និងធនធានធម្មជាតិ ទៅដល់សហគមន៍ចំនួនប្រាំ ដែលស្ថិតក្នុងនិងជាប់តំបន់ការពារដែនជម្រកសត្វព្រៃលំផាត់ ដើម្បីឱ្យសហគមន៍ចេះអង្កេតតាមដានជីវៈចម្រុះនៅក្នុងតំបន់ការពារធម្មជាតិរបស់ខ្លួន។
វគ្គបណ្ដុះបណ្ដាលនេះបានរៀបចំឡើងរយៈពេលបីថ្ងៃកាលពីថ្ងៃទី២០ ដល់ ថ្ងៃទី២២ ខែមិថុនា កន្លងទៅ ជូនដល់សមាជិក គណៈកម្មការសហគមន៍តំបន់ការពារធម្មជាតិចំនួន៣ និងសហគមន៍គោលដៅចំនួន២។

សហគមន៍ទាំងនោះ រួមមាន៖ សហគមន៍ការពារធម្មជាតិអូររ៉ៃ សហគមន៍ការពារធម្មជាតិអូរគរគី សហគមន៍ការធម្មជាតិវាលកំបោ ក្រុមអភិរក្សជីវចម្រុះស្រែជ្រៃ និងសហគមន៍ភូមិរវាក់ ដែលស្ថិតក្នុង និងជាប់តំបន់ការពារដែនជម្រកសត្វព្រៃលំផាត់ ភូមិសាស្រ្តខេត្តរតនគិរី និងខេត្តមណ្ឌលគិរី។
អង្គការជីវិតធម្មជាតិនៅកម្ពុជាបានឱ្យដឹងនៅថ្ងៃទី២៦ ខែមិថុនាថា គោលបំណងនៃវគ្គបណ្តុះបណ្តាលនេះ គឺដើម្បីបង្កើនចំណេះដឹងដល់ជនបង្គោលរបស់សហគមន៍ទាំងនេះពីប្រភេទនៃជីវៈចម្រុះសំខាន់ៗ និងទំនាក់ទំនងរវាងបរិស្ថាន និងជីវៈចម្រុះ មូលហេតុសេដ្ឋកិច្ចសំរាប់ការអភិរក្ស គុណតម្លៃនៃទំនាក់ទំនងរវាងមនុស្ស និងធម្មជាតិនិងវិធីសាស្រ្តមូលដ្ឋានក្នុងការអង្កេត និងស្រាវជ្រាវជីវចម្រុះ ជាដើម។ វគ្គបណ្ដុះបណ្ដាលនេះ ក៏ផ្តោតលើការស្រាវជ្រាវនិងអភិរក្សប្រភេទសត្វស្លាបកម្រ និងជិតពូជ ដែលកំពុងមានវត្តមានក្នុងដែនជម្រកសត្វព្រៃលំផាត់ ក្នុងនោះរួមមាន៖ សត្វត្រយងយក្ស សត្វត្រយងចង្កំកស និងសត្វក្រៀលផងដែរ។

អង្គការជីវិតធម្មជាតិនៅកម្ពុជាបន្ថែមថា ក្រោយបញ្ចប់វគ្គនេះសិក្ខាកាមទាំងអស់ដែលមកពីសហគមន៍ចំនួន៥ នឹងត្រូវប្រើវីធីសាស្រ្តដែលបានរៀនដើម្បីរៀបចំសកម្មភាពសិក្សាស្រាវជ្រាវ និងចុះទីវាលដើម្បីអង្កេតតាមដាន សំបុកនិងទំនោរប្រជាសាស្រ្តនៃប្រភេទទាំងបីនេះផងដែរ។
លោក ប៊ូ វរសក្ស នាយកកម្មវិធីនៃអង្គការជីវិតសត្វស្លាបអន្តរជាតិប្រចាំកម្ពុជា (BirdLife International Cambodia Programme)បានឱ្យដឹងនៅថ្ងៃទី២៦ ខែមិថុនាថា វគ្គបណ្ដុះបណ្ដាលពីការអភិរក្សជីវៈចម្រុះ និងធនធានធម្មជាតិនេះ នឹងត្រូវធ្វើជាបន្តបន្ទាប់ទៀតសម្រាប់សហគមន៍ ដែលស្ថិតក្នុងនិងជាប់តំបន់ការពារដែនជម្រកសត្វព្រៃលំផាត់ ភូមិសាស្រ្តខេត្តរតនគិរី និងខេត្តមណ្ឌលគិរី។

លោកថា ក្រៅពីតំបន់ទាំងនេះហើយ អង្គការបានរៀបចំវគ្គបណ្ដុះបណ្ដាលទៅដល់សហគមន៍ផ្សេងទៀតដែលនៅតំបន់បឹងទន្លេឆ្មារ និងតំបន់ស្ទឹងសែនផងដែរ។
លោក ប៊ូ វរសក្ស ថ្លែងថា សហគមន៍ការពារធម្មជាតិ ជាសហគមន៍មួយដែលទទួលបានការអនុញ្ញាតពីក្រសួងបរិស្ថានក្នុងការគ្រប់គ្រងតំបន់ដែលផ្ដល់ឱ្យ។ អ៊ីចឹងយើងបានជួយពួកគាត់ក្នុងការអនុវត្ត អង្កេតតាមដានជីវៈចម្រុះ និងរៀបចំផែនការក្នុងការគ្រប់គ្រងតំបន់ការពារធម្មជាតិទាំងអស់ហ្នឹង ខណៈដែលតម្រូវឱ្យគាត់មានសមត្ថភាពក្នុងការអនុវត្តផែនការនៅក្នុងតំបន់ការពារធម្មជាតិទាំងអស់ហ្នឹង។
លោកបន្ថែមថា ការផ្ដល់វគ្គបណ្ដុះបណ្ដាលនេះ នឹងធ្វើសហគមន៍ពួកគាត់អាចចូលរួមអភិរក្សធនធានធម្មជាតិនៅតំបន់របស់ពួកគាត់ ដែលប្រគល់ដោយក្រសួងបរិស្ថាន ជាពិសេសគឺការដែលធ្វើឱ្យពួកគាត់ចេះអភិរក្សប្រភេទសត្វស្លាបដែលកម្រនៅក្នុងតំបន់របស់ពួកគាត់។
ចំណែក អ្នកនាំពាក្យក្រសួងបរិស្ថាន ឯកឧត្តម នេត ភក្ត្រា ក៏បានប្រាប់ឱ្យដឹងផងដែរថា ការបណ្ដុះបណ្ដាលទៅដល់សហគមន៍ដែលនៅតំបន់ដែនជម្រកសត្វព្រៃលំផាត់នេះ ជាផ្នែកមួយក្នុងការពង្រឹងសមត្ថភាពសហគមន៍ ចូលរួមការពារ និងអភិរក្សធនធានធម្មជាតិ។
ឯកឧត្តមបានឱ្យដឹងទៀតថា ការបង្កើតតំបន់ការពារធម្មជាតិសម្រាប់សហគមន៍ទាំងនេះ គោលបំណងសំខាន់ គឺដើម្បីចែករំលែកការទទួលខុសត្រូវក្នុងការអភិរក្សធនធានធម្មជាតិរបស់សហគមន៍ ហេតុនេះសហគមន៍ ពួកគាត់ចាំបាច់ត្រូវមានសមត្ថភាព យល់ដឹងកាន់តែទូលំទូលាយពាក់ព័ន្ធនឹងការងារអភិរក្សធនធានធម្មជាតិ។
ឯកឧត្តម នេត ភក្ត្រា បញ្ជាក់ថា នៅពេលពួកគាត់បានទទួលចំណេះដឹងផ្សេងៗលើធនធានធម្មជាតិ លើការអភិរក្ស នោះគាត់នឹងចូលរួមកាន់តែសកម្មថែមទៀតលើការពារ អភិរក្ស ។ជាពិសេសតំបន់ដែនជម្រកសត្វព្រៃលំផាត់នេះ វាជាផ្នែកដែលយើងគ្រោងនឹងលក់ឥណទានកាបូនដែរ។ អ៊ីចឹងសហគមន៍ត្រូវតែសកម្មក្នុងទប់ស្កាត់បទល្មើសព្រៃឈើ និងអភិរក្សធនធានធម្មជាតិ៕ ដោយ៖ ជា សុខនី