កម្ពុជានៅតែជាប្រទេសដែលមានសត្វទន្សោងច្រើនជាងគេនៅលើពិភពលោក
ភ្នំពេញ៖ មកដល់ពេលនេះកម្ពុជានៅតែជាប្រទេសដែលមានសត្វទន្សោង ច្រើនជាងគេនៅលើពិភពលោក បើ ទោះបីជាចំនួនសត្វទន្សោង នៅលើ ពិភព លោកធ្លាក់ចុះក៏ដោយចុះ។

ទំព័រហ្វេសប៊ុករបស់ក្រសួងបរិស្ថានបានឱ្យដឹងថាកម្ពុជាត្រូវបានអ្នកជំនាញសត្វព្រៃសន្និដ្ឋានថាមានវត្តមានសត្វទន្សោងប្រមាណ ១៥០០ ក្បាលកំពុង រស់នៅក្នុងតំបន់ការពារធម្មជាតិកម្ពុជា។
សម្រាប់រូបភាពទន្សោងនេះដែរ ត្រូវបានថតដោយម៉ាស៊ីនថតស្វ័យ ប្រវត្តិ ក្នុងតំបន់អភិរក្សកម្ពុជា។
គួរបញ្ជាក់ថាទន្សោងចូលចិត្តរស់នៅតំបន់ព្រៃល្បោះ វាលស្មៅ ព្រៃគុម្ពោត ជាដើម និងចូលចិត្តរកស៊ីនៅតាមមាត់អូរ។ វាមិនសូវរស់នៅតំបន់ មាន ទីជម្រាលទេ។ វាចូលចិត្តរស់នៅជាហ្វូងៗ ឬនៅជាមួយគោព្រៃ ប្រើស ខ្ទីង ជាដើម។ ទន្សោងចេញរកស៊ីនៅពេលព្រលឹម និងពេលព្រលប់។ ជាធម្មតាទន្សោងចាស់ជាងគេតែងតែជាអ្នកដឹកនាំហ្វូង។ ទន្សោងបន្តពូជ នៅខែឧសភាដល់ មិថុនា និងអាចបង្កើតកូនបាន ១-២ក្បាល បន្ទាប់ ពីផើមរយៈពេល ១០ខែ ហើយអាចដោយ ឈ្មោលម្តង ទៀតក្រោយ ពេលកើតកូនបានពីរខែ។

ក្រសួងបរិស្ថានក៏បានបង្ហាញនូវខ្លឹមសារអំពាវនាវថា”សូមចូលរួមការពារនិងអភិរក្សសត្វព្រៃទាំងអស់គ្នា និងសូមនិយាយថាទេចំពោះសាច់សត្វព្រៃ! ក្នុងព្រៃ គ្មានអន្ទាក់, ក្នុងភោជនីយដ្ឋាន គ្មានសាច់សត្វព្រៃ”៕ដោយ៖ម៉ាដេប៉ូ