សម្តេចតេជោ ហ៊ុន សែន ប្រកាសកម្ទេចចោលនយោបាយក្រុមជ្រុលនិយម របស់ក្រុមប្រឆាំង ដូចពួកខ្មែរក្រហម

កំពង់ស្ពឺ៖ ក្នុងពិធីសំណេះសំណាលជាមួយកម្មករ និយោជិតសរុប ១៩,០៨៥នាក់ មកពីរោងចក្រ សហគ្រាសចំនួន៩ ដែលកំពុងដំណើរការអាជីវកម្មក្នុងក្រុងច្បារមន និងស្រុកសំរោងទង ខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសកម្ទេចចោលអង្គការចាត់តាំង របស់ ក្រុមនយោបាយជ្រុលនិយម ដូចការកម្ទេចចោលអង្គការចាត់តាំងខ្មែរក្រហម ដើម្បី បញ្ចៀសការនាំគ្រោះដល់ជាតិ។

សម្តេចតេជោ បានថ្លែងថា សម្តេចមិនមនុស្សទេ គឺសម្លាប់នយោបាយជ្រុលនិយមតែម្តង ព្រោះពួកគេធ្វើនយោបាយជ្រុលហួសហេតុពេក។ ជាមួយគ្នានេះ នរណាក៏ដោយ បើចង់ភ្ជាប់ជាមួយពួកជ្រុលនិយម នឹងមិនទទួលបានការលើកលែងទោស ពីសម្តេច ដែលជាប្រមុខដឹកនាំកំពូលរាជរដ្ឋាភិបាលនោះទេ ។

សម្តេចតេជោ បានបញ្ជាក់ថា អញ្ចឹងបានជាពួកវាធ្វើទៅកាន់តែឯកោទៅៗ ហើយខ្ញុំសូមជម្រាបថា ក្រុមជ្រុលនិយមនេះ ខ្ញុំមិនអត់ឱនសូម្បីតែបន្តិច ខ្ញុំប្រាប់ឲ្យហើយ។ ធ្វើឲ្យហ្អែងរលំរលាយអង្គការចាត់ទាំងនយោបាយ និងយោធា ដូចខ្មែរក្រហមអញ្ចឹង។ បន្ថែមលើនេះ សម្តេច បានអំពាវនាវឱ្យកម្មករ កម្មការិនី ត្រូវហ៊ានប្រឈមមុខជាមួយពួកអាចង្រៃ ដែលព្យាយាមបំផ្លាញឆ្នាំងបាយកម្មករ កម្មការិនី ដោយរារាំងមិនឱ្យមានការវិនិយោគ និងមិនឱ្យទិញទំនិញពីកម្ពុជាជាដើម ។

សម្តេចតេជោ បានអះអាងបន្ថែមថា គ្រាន់តែលោកគ្រូ សាន សុជា មកជួបសម្តេច ក៏ពួកប្រឆាំងហាមដែរ ហើយទង្វើនេះ នឹងធ្វើឱ្យក្រុមប្រឆាំងកាន់តែឯកោ។ សម្តេចតេជោ នាយករដ្ឋមន្ត្រី បានបន្តថា ក្រុមប្រឆាំង «ចេះតែព្រុស» តែរាជរដ្ឋាភិបាលចេះតែដើរ ៕


អត្ថបទ៖ វណ្ណលុក, រូបភាព៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner