សម្ដេចតេជោ ហ៊ុន សែន អំពាវនាវដល់ប្រជាពលរដ្ឋ កុំរើសអើងអ្នកកើតជំងឺអេដស៍
កំពង់ស្ពឺ៖ ក្នុងពិធីសំណេះសំណាលជាមួយកម្មករ និយោជិតសរុប ១៩,០៨៥នាក់ មកពីរោងចក្រ សហគ្រាសចំនួន៩ ដែលកំពុងដំណើរការអាជីវកម្មក្នុងក្រុងច្បារមន និងស្រុកសំរោងទង ខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់ថា ក្នុងឆ្នាំ២០២២ មានករណីឆ្លងថ្មី នៃ មេរោគអេដស៍នៅកម្ពុជាចំនួន ១,៤០០ករណី ដែលកើនលើសឆ្នាំ២០២១ ដល់ទៅ ៣០០ ករណី ដូច្នេះសម្ដេចតេជោក៏បានអំពាវនាវសាជាថ្មីដល់ប្រជាពលរដ្ឋ អាជ្ញាធរពាក់ ព័ន្ធ និងបុគ្គលិកសុខាភិបាលទូទាំងប្រទេសចូលរួមទប់ស្កាត់ការឆ្លងមេរោគ/ជំងឺអេដស៍នេះឡើងវិញ។
សម្ដេចតេជោ បានបង្ហាញរបាយការណ៍របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងជំងឺអេដស៍ថា នៅឆ្នាំ២០២២ មានករណីឆ្លងថ្មីនៃមេរោគអេដស៍នៅកម្ពុជាចំនួន១,៤០០ករណី ដែលកើនលើសឆ្នាំ២០២១ដល់ទៅ៣០០ករណី ហើយភាគច្រើនកើតលើអ្នកស្រឡាញ់ភេទដូចគ្នា ពិសេសប្រុសនិងប្រុស។

សម្ដេច បន្តថា តាមរយៈការដាក់ចេញគោលនយោបាយទប់ស្កាត់របស់រាជរដ្ឋាភិបាល ជំងឺអេដស៍នេះបានថមថយនៅក្នុងប្រទេសកម្ពុជាយ៉ាងប្រសើរទៅហើយ ប៉ុន្តែបែរជាមកកើនឡើងក្នុងដំណាក់កាលចុងក្រោយនេះវិញ ដែលទាមទារឱ្យគ្រប់គ្នានៅទូទាំងប្រទេសមានការប្រុងប្រយ័ត្ន និងបង្កើនវិធានការទប់ស្កាត់។
សម្ដេចតេជោបានថ្លែងទៀតថា អ្វីដែលជាកង្វល់ គឺការឆ្លងមេរោគអេដស៍ ដែលមានការកើនឡើងដល់ទៅ៣០០ករណី, នៅឆ្នាំ២០២២ មានករណីឆ្លង១៤០០ករណី គឺកើនលើសឆ្នាំ២០២១ដល់ទៅ៣០០ករណី ភាគច្រើនកើតលើអ្នកយកភេទដូចគ្នា ពិសេសប្រុសនិងប្រុស ជំងឺអេដស៍មិនទាន់អស់ពីកម្ពុជានោះទេ ដូច្នេះត្រូវតែមានការប្រុងប្រយ័ត្ន ។
សម្ដេចតេជោ បន្តទៀតថា នៅប្រទេសកម្ពុជា គ្មានការរើសអើងចំពោះអ្នកស្រឡាញ់ភេទដូចគ្នានោះទេ ហើយច្បាប់នៅកម្ពុជាក៏គ្មានការហាមឃាត់មិនឱ្យស្រឡាញ់ភេទដូចគ្នាដែរ គ្រាន់តែច្បាប់មិនអនុញ្ញាតឱ្យប្រជាជនដែលមានភេទដូចគ្នារៀបការនឹងគ្នានោះឡើយ។
សម្ដេច ក៏បានអំពាវនាវដល់សាធារណជនទូទៅ សូមកុំមានការរើសអើងចំពោះអ្នកស្រឡាញ់ភេទដូចគ្នាឱ្យសោះ និងគួរផ្ដល់ឱកាសការងារសម្រាប់ពួកគេ រាប់អានគ្នាធម្មតា ក្នុងភាពជាប្រជាជាតិតែមួយ។ សម្ដេចតេជោបានក្រើនរំឭកថា ចំពោះអ្នកដែលមានដៃគូភេទដូចគ្នាក៏ត្រូវមានវិធានការការពារខ្លួនពីមេរោគនិងជំងឺអេដស៍ដែរ។ ក្នុងករណីសង្ស័យថា មានជំងឺអេដស៍ ត្រូវទៅធ្វើតេស្ដជាបន្ទាន់ ដើម្បីទទួលបានសេវាព្យាបាល ៕

អត្ថបទ៖ វណ្ណលុក, រូបភាព៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ