គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងអង្គការជនពិការ នឹងសហការគ្នាដើម្បីលើកកម្ពស់សិទ្ធិជនមានពិការភាព

អត្ថបទដោយ៖
CPA

ភ្នំពេញ៖គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានទទួលជួបអង្គការជនពិការកម្ពុជា ដើម្បីពិភាក្សាគ្នាស្វែងរកកិច្ចសហប្រតិបត្តិការពាក់ព័ន្ធសិទ្ធិជនមានពិការភាព និងការអនុវត្តគម្រោងរបស់អង្គកាស្ដីពីការផ្សព្វ​ផ្សាយ និងបញ្ជ្រាបពីសេវាសុខភាពដល់ជនមានពិការភាពទូទាំងប្រទេស។

ជំនួបនេះមានការចូលរួមពីលោកស្រី អ៊ុច និពន្ធ សមាជិក និងជាអគ្គនាយករដ្ឋបាល និងបណ្តឹងនៃ​​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជាមួយនឹង​​លោកស្រី ម៉ាក់ ម៉ូនីកា នាយិកាប្រតិបត្តិអង្គការជនពិការកម្ពុជា ដើ​​ម្បីពិភាក្សា និងស្វែងរកកិច្ចសហប្រតិបត្តិការពាក់ព័ន្ធសិទ្ធិជនមានពិការភាព​ កាលពីថ្ងៃទី២៦ ខែមិថុនា ​។

យោងតាម​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា​លោកស្រី ម៉ាក់ ម៉ូនីកា ​បានលើកឡើងថា គោលបំណងសំខាន់ដែលអង្គការអ្នកស្រី ព្រមទាំងសហការី សុំជួបគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាដោយសារតែ​លោកស្រីចង់​ចែករំលែក និងផ្សព្វផ្សាយពីផែនការមេអាស៊ាន២០២៥ ស្តីពី​ការបញ្ជ្រាបសិទ្ធិជនមានពិការភា​ព និងផ្សព្វផ្សាយការយល់ដឹងសិទ្ធិជនមានពិការភាព និងសេវាសុខភាពឥតគិតថ្លៃសម្រាប់ជនងាយរងគ្រោះ និងជនមានពិការភាព។

ជាការឆ្លើយតប លោកស្រី អ៊ុច និពន្ធ ក៏បានលើកឡើងថា សិទ្ធិមនុស្ស គឺមានជាប់ពាក់ព័ន្ធជាអន្តរវិស័យ ហើ​យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាដែលជាសេនាធិការរបស់រាជរដ្ឋាភិបាលក្នុងការការពារ និងលើកកម្ពស់សិទ្ធិមនុស្ស តែងតែធ្វើការយ៉ាងជិតស្និទ្ធជាមួយស្ថាប័នពាក់ព័ន្ធ អង្គទូត  និងអង្គការសង្គមស៊ីវិលនានា។

ទន្ទឹមនឹងនេះ លោកស្រីថា រាជរដ្ឋាភិបាលកម្ពុជា មានការយកចិត្តទុកដាក់ក្នុងការលើកកម្ពស់សិទ្ធិជនមានពិការភាពដោយបានដាក់ចេញនូវផែនការយុទ្ធសាស្ត្រជាតិស្ដីពីជនមានពិការភាព និងផែនការសកម្មភាពផ្សេ​ងៗទៀត។

លោកស្រី អ៊ុច និពន្ធ បានបញ្ជាក់ថា ៖ «គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា រីករាយទទួលស្វាគមន៍ចំពោះកិ​ច្ចសហប្រតិបត្តិពីអង្គការសង្គមស៊ីវិលនានា ក៏ដូចជាអង្គការជនពិការកម្ពុជា ដើម្បីជំរុញឱ្យការលើកក​ម្ព​ស់​សិទ្ធិមនុស្ស ក៏ដូចជាសិទ្ធិជនមានពិការភាពនៅកម្ពុជាបានកាន់តែប្រសើរ»។​

សូមរម្លឹក​ផងដែរថា ​ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្ប​ទា ​បានសហការជាមួយអង្គការស​ហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា ដោយ​បានផ្ដល់វគ្គបណ្តុះបណ្តាលស្តីពី អនុសញ្ញាស្ដីពីសិទ្ធិជនមានពិការភាព បទដ្ឋានសិទ្ធិមនុស្សអន្តរជាតិ និងលិខិតបទដ្ឋានជាតិដែលពាក់ព័ន្ធនឹងកិច្ចការគាំពារជនពិការទៅដល់ខេត្តកំពង់ស្ពឺ និងខេត្តព្រះសីហនុ។

​នាពេលថ្មីនេះៗដែរ​ ក្រសួង​ រួមទាំងអង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិ ក៏បានពិភាក្សា និងពិគ្រោះយោ​បល់គ្នាពីការកសាងផែនការយុទ្ធសាស្រ្តជាតិស្តីពីពិការភាព ២០២៤-២០២៨ ដើម្បីប្រមូលធាតុចូលលើសេចក្តីព្រាង ក្នុងការធានាបរិយាប័ន្ន អត្ថប្រយោជន៍ អាចសម្រេចបាន និងស្របតាមគំនិតផ្តួចផ្តើមច្បាប់គោលនយោបាយ និងអនុសញ្ញាស្តីពីសិទ្ធិជនមានពិការភាព និងគោលនយោបាយ គ្មានអ្នកណាម្នាក់ត្រូវបានទុកចោល។

បើតាមក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្ប​ទា បញ្ជាក់ថា ផែនការយុទ្ធសាស្ត្រនេះ គ្រោងនឹង​អនុម័ត និងដាក់ឱ្យដំណើរការនៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៣ ក្នុងទិវាជនមានពិការភាពអន្តរជាតិ៕

ដោយ៖ជា សុខនី

ads banner