សហព័ន្ធស្រូវអង្ករកម្ពុជា៖ រោងម៉ាស៊ីនកិនស្រូវ ចំនួន៦ និងសហគមន៍ចំនួន៤៦ ក្នុងខេត្តកំពង់ធំ បានចុះកិច្ចសន្យាកសិកម្ម
ភ្នំពេញ៖សហព័ន្ធស្រូវអង្ករកម្ពុជាបានឱ្យដឹងថា នៅថ្ងៃទី២៧ ខែមិថុនានេះ កិច្ចសន្យាកសិកម្មត្រូវបានធ្វើឡើងដោយមានចំនួន ៤៦ កិច្ចសន្យា ដែលអនុវត្តន៍ដោយសហគមន៍ចំនួន ៤០ និងក្រុមផលិតចំនួន៦ រួមទាំងអនុស្សរណៈយោគយល់ចំនួន១ ជាមួយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុក្នុងការធានាការទូទាត់នៅពេលប្រមូលផល ដោយនឹងមានការប្រមូលទិញស្រូវចំនួនជិតពីរម៉ឺនតោន និងបន្លែទៅតាមការប្រមូលផលជាក់ស្តែង។
សេចក្តីប្រកាសព័ត៌មានរបស់សហព័ន្ធស្រូវអង្ករកម្ពុជា បានឱ្យដឹងថា កិច្ចសន្យាទាំង៤៦ដែលបានធ្វើឡើងនាពេលនេះរួមមាន៖ កិច្ចសន្យាជាមួយក្រុមហ៊ុន AMRU Rice (Cambodia) Co.,Ltd មានចំនួន ២២ កិច្ចសន្យា ស្មើនឹង ៣ ០០០ តោនស្រូវ និងបន្លែ, ក្រុមហ៊ុនSignatures of Asia Co.,Ltd ចំនួន ៨ កិច្ចសន្យា ស្មើនឹង ៦ ៦៩០ តោន, ក្រុមហ៊ុនKompong Thom Rice Mill 1688 ចំនួន ៤ កិច្ចសន្យា ស្មើនឹង ២ ០២០ តោន។

ប្រភពដដែលបន្តថា ក្រុមហ៊ុនB.R.M Agro Co.,Ltd ចំនួន ២ កិច្ចសន្យា ស្មើនឹង ២ ៩២៨ តោន,ក្រុមហ៊ុន Daily Fresh Food, រោងម៉ាស៊ីនកិនស្រូវ ជូ ផេង ចំនួន២ កិច្ចសន្យា ស្មើនឹង ១ ១៨០ តោន និងរោងម៉ាស៊ីនកិនស្រូវ ងួន ហុង ចំនួន៣ កិច្ចសន្យា ស្មើនឹង១ ៨៤៥ តោន និងអនុស្សរណៈយោគយល់រវាងក្រុមហ៊ុនSignatures of Asia Co.,Ltd និងស្ថាប័នមីក្រូហិរញ្ញវត្ថុ AMK។
ក្នុងឱកាសអញ្ជើញជាអធិបតីនៃពិធីចុះកិច្ចសន្យានេះដែរឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានថ្លែងថា ទាំងខាងក្រសួងកសិកម្ម ធនាគារអភិវឌ្ឍន៍ជនបទ ក៏ដូចជាសហព័ន្ធស្រូងអង្ករកម្ពុជា និងភាគីព័ន្ធជាច្រើនជាទៀត មានការយកចិត្តទុកដាក់ខ្លាំងណាស់ លើការធ្វើកិច្ចសន្យាកសិកម្ម ដើម្បីដោះស្រាយបញ្ហាទីផ្សារ។
ឯកឧត្តមបានបញ្ជាក់ថា ៖ «ការចុះកិច្ចសន្យាកសិកម្ម ទាមទារឱ្យភាគីទាំងសងខាង ទាំងខាងក្រុមហ៊ុននាំចេញ រោងម៉ាស៊ីនកិនស្រូវ និងសហគមន៍ មានការគោរពកិច្ចនេះឱ្យបានច្បាស់លាស់ ដោយការគោរពតាមកិច្ចសន្យា មានភាពស្មោះត្រង់ជាមួយគ្នា មានន័យថា ជាការជួយគ្នាទៅវិញទៅមក និងជាជួយខ្លួនឯងផងដែរ»។

ឯកឧត្តមរដ្ឋមន្រ្តីក៏បានជំរុញឱ្យសហគមន៍ប្រើប្រាស់ពូជសុទ្ធ និងអនុវត្តបច្ចេកទេសឱ្យបានត្រឹមត្រូវ ដោយក្រសួងគ្រោងនឹងរៀបចំប្រព័ន្ធកសិកម្មថ្មី ដែលជួយកសាងសហគមន៍ឱ្យរឹងមាំ តាមរយៈការដាក់ចេញគោលនយោបាយមន្រ្តីបច្ចេកទេសកសិកម្មតាមឃុំ និងការគិតគូរក្នុងការជួយសហគមន៍ឱ្យរឹងមាំ គឺត្រូវធ្វើការរួមគ្នាប្រកបដោយតម្លាភាព គណនេយ្យភាព និងការទទួលខុសត្រូវរបស់សហគមន៍។
ឯកឧត្តម កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយក នៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានលើកឡើងនាឱកាសនោះដែរថា ផ្អែកលើលទ្ធផលនៃការវាយតម្លៃពីស្ថានភាពវិស័យស្រូវ-អង្ករកម្ពុជា ដែលបានរៀបចំឡើងដោយ ក្រុមហ៊ុនស្រាវជ្រាវ និងប្រឹក្សានព្វន្ត ក្រោមកិច្ចគាំទ្រដោយធនាគារ ARDB លើក្រុមហ៊ុនកិនកែច្នៃស្រូវ-អង្គរ និងរោងម៉ាស៊ីនកិនស្រូវចំនួន ៦៧ និងសហគមន៍កសិកម្មចំនួន ៥៨ នៅតាមបណ្តាខេត្តចំនួន ១៤ ក្នុងប្រទេស ចាប់ពីខែធ្នូ ឆ្នាំ២០១៩ រហូតដល់ខែមីនា ឆ្នាំ២០២០ បានបង្ហាញថា សមត្ថភាពផ្គត់ផ្គង់នៃវិស័យស្រូវ- អង្ករ ជាពិសេសសមត្ថភាពផលិតកម្មស្រូវ ឃ្លាំងស្តុក ឡសម្ងួត និងការកិនកែច្នៃស្រូវ-អង្គរ មានការអភិវឌ្ឍគួរឱ្យកត់សម្គាល់។
ឯកឧត្តមបានគូសបញ្ជាក់ទៀតថា បច្ចុប្បន្ននេះសមត្ថភាពឃ្លាំងស្តុកស្រូវ-អង្ករ ឡសម្ងួត និងការកិនកែច្នៃស្រូវ-អង្ករ មានលទ្ធភាពគ្រប់គ្រាន់ក្នុងការគាំទ្រគោលនយោបាយនាំចេញអង្កររបស់រាជរដ្ឋាភិបាល យ៉ាងតិចមួយលានតោន ក្នុងមួយឆ្នាំ ក៏ប៉ុន្តែដើម្បីសម្រេចបាននូវគោលដៅនេះ វិស័យស្រូវ-អង្ករអាចនៅបន្តបញ្ហាប្រឈមចម្បងមួយចំនួនទៀតដូចជា កត្តាពូជ ភាពសុទ្ធនៃពូជ និងកង្វះទុន ជាដើមដែលត្រូវរួមគ្នាដោះស្រាយ

ចំណែក លោក សុង សារ៉ន ប្រធានក្រុមប្រឹក្សាភិបាលសហព័ន្ធស្រូវអង្ករកម្ពុជា បានថ្លែងថា ការចុះកិច្ចសន្យាកសិកម្មនេះ ជានិម្មិតរូបនៃការចាប់ផ្តើមរីកចម្រើននៃប្រព័ន្ធខ្សែច្រវាក់តម្លៃ និងការផ្គត់ផ្គង់នៅក្នុងវិស័យកសិកម្មនៅកម្ពុជា ជាពិសេសផលិតកម្មស្រូវ ដែលផ្សារភ្ជាប់ និងធ្វើតំណភ្ជាប់ ទៅគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដូចជា អ្នកផលិត អ្នកកែច្នៃ អ្នកនាំចេញ អ្នកផ្តល់ឥណទាន និងអ្នកផ្គត់ផ្គងធាតុចូល ដើម្បីឆ្ពោះទៅរកគោលដៅរួមមួយគឺ ការកសាងវិស័យស្រូវអង្ករនៅ កម្ពុជាឱ្យប្រកបដោយនិរន្តរភាព និងភាពប្រកួតប្រជែងប្រកបដោយប្រាក់ចំណេញ។
លោកបានបញ្ជាក់ថា ៖ «តាមរយៈកិច្ចសន្យាកសិកម្មនាថ្ងៃនេះ នឹងបង្ហាញនូវគម្រូល្អបន្ថែមទៀតដល់ប្រភេទដំណាំកសិកម្មផ្សេងទៀត និងជួយឱ្យកសិករ មានលំនឹងលើការផ្គត់ផ្គង់ និងតម្លៃលក់កសិផលរបស់ខ្លួន។ តាមរយៈកិច្ចសន្យាកសិកម្មនេះដែរនឹងជួយដល់រោងម៉ាស៊ីនកិនស្រូវ និងអ្នកនាំចេញ អាចធានាបាននូវនិរន្តរភាពនៃការផ្គត់ផ្គង់ ផលិតកម្មកែច្នៃ និងគុណភាព សម្រាប់បំពេញតម្រូវការរបស់អតិថិជនផងដែរ»។
រីឯ លោក ចាន់ សុឃាំង ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បានឱ្យដឹងបន្ថែមថា កិច្ចសន្យាទាំង ៤៦គ្រប់ដណ្ដប់លើផ្ទៃដីចំនួន ៦ ៦៩០ ហិកតា និងអនុវត្តដោយកសិករចំនួន ២ ២៣៦ គ្រួសារ នៅក្នុងស្រុកទាំង៧ គ្រប់ដណ្តប់លើប្រភេទពូជស្រូវ និងទទួលទិញស្រូវចំណីចំនួន ១៧ ៦៦៣ តោន។
លោកបានបន្ថែមថា មានប្រភេទ ស្រូវមួយចំនួន ដែលភាគីទាំងពីរបានធ្វើ កិច្ចសន្យាលើការទទួលទិញរួមមាន៖ ប្រភេទផ្ការំដួលមានចំនួន ៦ ២៣៣ តោន, ស្រូវសែនក្រអូប មានចំនួន ២ ៨៩០ តោន, ស្រូវប្រភេទអូអឹមមានចំនួន១ ៨៥០ តោន, ស្រូវគ្រាប់ខ្ចី ចំនួន ៦ ៦៩០ តោន និងមានកិច្ចសន្យាលើបន្លែតាមបរិមាណជាក់ស្ដែងផងដែរ៕ អត្ថបទ៖វណ្ណ សុជាតា