រដ្ឋមន្រ្តីពាណិជ្ជកម្ម៖ កម្ពុជាបង្កើនការនាំចេញអង្ករទៅចិនដល់៥០ម៉ឺនតោន ក្នុងឆ្នាំ២០២៣-២០២៤

ភ្នំពេញ៖​​ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម​ បានឱ្យដឹងថា ក្រសួងពាណិជ្ជកម្មបាននិងកំពុងចរចារៀបចំនីតិវិធីក្នុងការចុះអនុស្សរណៈយោគយល់លើកទី៧ បង្កើនការនាំចេញអង្ករក្នុងបរិមាណ៥០ម៉ឺនតោន សម្រាប់ឆ្នាំ២០២៣-២០២៤ ដែលគ្រោងចុះហត្ថលេខានាពេលខាងមុខនេះ។

ឯកឧត្តម ប៉ាន សូរស័ក្តិ​ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មបានថ្លែងបែបនេះ នៅអំឡុងពេលចូលរួមជាអធិបតី នៅក្នុងពិធីសម្ពោធការបើកទីផ្សារ អង្ករកម្ពុជា ទៅកាន់ប្រទេស​ហ្វីលីពីនកាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣ នាក្រសួងពាណិជ្ជកម្ម។

ឯកឧត្តមបានបញ្ជាក់ថា ៖ «យើង​មានការជជែក និងបង្កើត​ឱ្យមានកិច្ចរៀបចំពិសេសទ្វេភាគី ជាមួយប្រទេសនានា ជាពិ​សេសប្រទេសចិន ដែលយើងសម្រេចបាននូវការរីកចម្រើនលើការនាំចេញទៅកាន់ទីផ្សារប្រទេសចិន ហើយបច្ចុប្បន្ននេះ ក្រសួងពាណិជ្ជកម្មបាននិងកំពុងចរចារៀបចំនីតិវិធីក្នុងការចុះអនុស្សរណៈយោគយល់លើកទី៧ ក្នុងបរិមាណ ៥០ម៉ឺនតោន សម្រាប់ឆ្នាំ២០២៣-២០២៤ ដែលគ្រោងចុះហត្ថលេខានាពេលខាងមុខនេះ ដែលយើងខ្ញុំសង្ឃឹមថា និងជួយបង្កើនការនាំចេញអង្ករកម្ពុជា កាន់តែច្រើនថែមទៀត»។

ឯកឧត្តម ប៉ាន សូរស័ក្តិ បានបន្ថែមថា វិស័យស្រូវ-អង្ករ គឺជាវិស័យមួយដែលរាជរដ្ឋាភិបាល ជាពិសេស ប្រមុខរាជរដ្ឋាភិបាល តែ​ងតែផ្តោតអាទិភាពជំរុញឱ្យមានការវិនិយោគអភិវឌ្ឍវិស័យនេះឱ្យរីកចម្រើនបន្ថែមទៀត ដើម្បីពង្រីកទីផ្សារអង្ករកម្ពុជាទៅកាន់ទីផ្សារបរទេស។ «ជាក់ស្ដែងនៅក្នុងព្រឹត្តិការណ៍ប្រជុំអាស៊ានសប្ដាហ៍កន្លងទៅ សម្តេច​បានស្នើបន្ថែមទៀតឱ្យប្រទេសនានា រួមទាំងហ៊្វីលីពីន និងប្រទេសមួយចំនួនជួយទិញអង្ករពីកម្ពុជា ព្រមទាំងស្នើប្រទេសណូវែលហ្សេឡង់ឱ្យមកបណ្តាក់ទុនវិនិយោគ លើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗសម្រាប់វិស័យស្រូវ-អង្ករនេះ ដូចជាឃ្លាំងស្តុក ឡសម្ងួត និងការកែច្នៃបន្ថែមក្នុងប្រទេសកម្ពុជា ដើម្បីនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ»។

ឯកឧត្តមមានប្រសាសន៍បន្តថា មុននឹងឈានចូលដល់ការនាំចេញអង្ករទៅកាន់បណ្តាប្រទេសនីមួយៗ មិនមែនជារឿងងាយស្រួលនោះ ព្រោះត្រូ​វមានការជជែកឱ្យបានច្បាស់លាស់ទាក់ទងនឹងលក្ខខណ្ឌ និងតម្លៃផ្សេងៗ មុននឹងឈានដល់ការចុះកុងត្រាបាន។ យើងចាប់ផ្តើមទីផ្សារបន្តបន្ទាប់ទៀត ដែលឆាប់ៗនេះ គឺប្រទេសសិង្ហបុរី ដែលជាទីផ្សារបន្ទាប់ពីហ្វីលីពីន ដែលការពិភាក្សាមានសញ្ញាណជាវិជ្ជមានហើយ។ ថ្វីត្បិតតែសិង្ហបុរី ជាប្រទេសតូចមានប្រជាជនតិច ប៉ុន្តែប្រទេសនេះ ជាមជ្ឈមណ្ឌលចែកចាយមួយសំខាន់សម្រាប់អាស៊ី មជ្ឈឹមបូព៌ា និងប្រទេសផ្សេងៗទៀតក្នុងពិភពលោក។ ដូច្នេះ បើសិនជាយើងចូលក្នុងទីផ្សារសិង្ហបុរីបាន គឺអាចឈានដល់ទីផ្សារ អាស៊ីកណ្តាល ទៅអឺរ៉ុបជាដើម»។

លោក ចាន់​ សុឃាំង ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បានប្រាប់ឱ្យដឹង​ថា អ្វីដែលក្រសួងពាណិជ្ជកម្ម និងសហព័ន្ធស្រូវអង្ករកម្ពុជា រួមទាំងភាគីពាក់ព័ន្ធកំពុងតែធ្វើនេះ គឺនៅក្នុងគោលដៅមួយដែលត្រឹមត្រូវហើយ ដោយទីផ្សារចិនកន្លងទៅ មានកូតាត្រឹម៤០ម៉ឺនតោន  ខណៈដែលបច្ចុប្បន្ន មានសញ្ញាណវិជ្ជមានដោយបង្កើនកូតាដល់៥០ម៉ឺនតោន ដូចជាដំណឹងដ៏ល្អសម្រាប់​វិស័យស្រូវអង្ករ។

លោកបានបញ្ជាក់​ថា ៖ «ការសម្រេចឱ្យបានមួយលានតោននេះ នៅក្នុងគោលដៅរបស់ខ្ញុំគឺចង់សម្រេចឱ្យបាននៅត្រឹមឆ្នាំ២០២៥ខាងមុខនេះ។ ដូចនេះ ពីឥឡូវទៅយើងចាប់ផ្តើមរៀបចំយុទ្ធសាស្រ្តរបស់យើងជាបន្តបន្ទាប់ទៀតហើយ។ នៅខែតុលាខាងមុខនឹងគ្រោងតាំងពិព័រណ៍ ទីក្រុងកូឡូញ ប្រទេសអាល្លឺម៉ង់ ហើយទាំងនេះសុទ្ធតែជាកំពូលព្រឹត្តិការណ៍ ក្នុងការដាក់ប​ង្ហាញចំណីអាហារលើពិភពលោក»។

ជាមួយគ្នានេះ លោក ចាន់ ពេជ្រ អ្នកគ្រប់គ្រងទូទៅនៃក្រុមហ៊ុន ស៊ីកនេតឈ័រ អហ្វ អេស៊ា បានប្រាប់ឱ្យដឹងដែរ​ថា ថ្វីត្បិតតែក្រុមហ៊ុនរបស់លោក ផ្តោតការនាំចេញអង្ករទៅកាន់តែសហគមន៍អឺរ៉ុប និងអាមេរិកមែន ប៉ុន្តែលោកសាទរចំពោះដំណឹងនៃការបង្កើនបរិមាណទិញអង្ករពីកម្ពុជា ពីសំណាក់ប្រទេសចិន​។

លោកបានប្រាប់ថា ៖ «ទីផ្សារចិនជាទីផ្សារមួយដែលល្អ ដែលស្រូបយកអង្ករកម្ពុជាយើងបានច្រើន និងជាទីផ្សារមួយ ដែលមា​នតម្រូវការខ្ពស់ទៅលើបរិមាណ។ ខ្ញុំអបអរសាទរ ដោយសារយើងឃើញថាយើងបានកូតាច្រើនជាងមុនបែបនេះ  ការនាំចេញអ​ង្ករកម្ពុជាទៅកាន់ទីផ្សារចិន កាន់តែរីកធំធាត់ឡើង ហើយរោងម៉ាស៊ីនក្នុងស្រុកអាចមានទីផ្សារកាន់តែច្រើន»។

យោងតាមរបាយការណ៍នាំចេញរបស់សហព័ន្ធស្រូវអង្ករកម្ពុជា បានបញ្ជាក់ថា ក្នុងរយៈពេល៥ខែ ដើមឆ្នាំ ២០២៣ ដែល​កម្ពុជា សម្រេចបានអង្ករ តាមរយៈក្រុមហ៊ុនចំនួន ៤៨ក្រុមហ៊ុន ទៅកាន់គោលដៅចំនួន ៤៩ បានបរិមាណអង្ករចំនួន ២៧៨ ១៨៤ តោន ដែលគិតជាទឹកប្រាក់មានចំនួន ១៩១,៦៤ លានដុល្លារសហរដ្ឋអាមេរិក និងស្រូវចំនួន ២ ១៤២ ៤៨៣តោន (ប្រមាណជា ១,៣៧លានតោនអង្ករ) ទៅកាន់ប្រទេសជិតខាង ដែលគិតជាទឹកប្រាក់ប្រមាណ៥៤៥,២៦ លានដុល្លារ៕ ដោយ៖វណ្ណ សុជាតា

ads banner