បៃដិនថា អាមេរិក និងសម្ព័ន្ធមិត្ត មិនពាក់ព័ន្ធនឹងការបះបោរក្នុងស្រុករុស្ស៊ី ខណៈពូទីនថា លោកខាងលិចចង់ឱ្យរុស្ស៊ីសម្លាប់គ្នាឯង
អាមេរិក៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានថ្លែងកាលពីថ្ងៃចន្ទទី ២៦ ខែមិថុនា ថា សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត មិនពាក់ព័ន្ធនឹងការបះបោរដោយទាហានស៊ីឈ្នួលវ៉ាក់ណែក្នុងស្រុករុស្ស៊ីកាលពីចុងសប្ដាហ៍កន្លងទៅនោះទេ។
ខណៈមេដឹកនាំរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន ឯនោះវិញ បានចោទប្រកាន់អ៊ុយក្រែន និងលោកខាងលិចថា ចង់ឱ្យរុស្ស៊ីកាប់សម្លាប់គ្នាឯងក្នុងព្រឹត្តិការណ៍នេះ។ នេះបើយោងតាមការស្រង់សម្ដីរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។
ពេលដែលមេដឹកនាំរុស្ស៊ីបានប្រកាន់ជំហរយល់ឃើញដូច្នោះ លោក បៃដិន បានផ្តល់ការវាយតម្លៃយ៉ាងប្រយ័ត្នប្រយែងចំពោះការបះបោរដ៏ខ្លីនេះ ដើម្បីជាការបញ្ចៀសភាពតានតឹងជាមួយរុស្ស៊ី ដែលប្រដាប់ដោយអាវុធនុយក្លេអ៊ែរ ខណៈផ្តល់ការគាំទ្រយ៉ាងម៉ឺងម៉ាត់ចំពោះអ៊ុយក្រែន ក្នុងគោលបំណងប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ី។
លោកថ្លែងយ៉ាងដូច្នេះនៅសេតវិមានថា ៖ «យើងបានបញ្ជាក់យ៉ាងច្បាស់ថា យើងមិនពាក់ព័ន្ធ។ យើងមិនមានអ្វីដែលត្រូវធ្វើជាមួយរឿងនេះទេ»។
ជាមួយគ្នានេះផងដែរ ដើម្បីត្រៀមខ្លួនឆ្លើយតបនឹងសេណារីយ៉ូផ្សេងៗ នៅពេលការបះបោរក្នុងស្រុករុស្ស៊ីកើតឡើង លោក បៃដិន បានឱ្យដឹងដោយមិនលម្អិតថា លោកបានដឹកនាំក្រុមសន្តិសុខជាតិអាមេរិក ដើម្បីធ្វើបច្ចុប្បន្នភាពអំពីស្ថានភាពជាក់ស្ដែងជារៀងរាល់ម៉ោង។
ជាការបញ្ជាក់ឱ្យកាន់តែច្បាស់ថែមទៀតនោះ លោក បៃដិន បានថ្លែងថា លោកបាននិយាយគ្នាជាមួយសម្ព័ន្ធមិត្តសំខាន់ៗក្នុងជំនួបតាមប្រព័ន្ធវិដេអូមួយ ដើម្បីធ្វើឱ្យប្រាកដថា សម្ព័ន្ធមិត្តគ្រប់គ្នាសុទ្ធតែដើរផ្លូវដូចគ្នា ហើយសម្របសម្រួលក្នុងការឆ្លើយតបរបស់ប្រទេសមិត្តទាំងនោះ។
លោកថ្លែងយ៉ាងដូច្នេះថា ៖ «ពួកគេបានយល់ស្របជាមួយខ្ញុំថា យើងត្រូវធ្វើឱ្យប្រាកដថា យើងបង្ហាញឱ្យលោក ពូទីន ដឹងថា លោកគ្មានលេសដើម្បីបន្ទោសរឿងនេះលើលោកខាងលិច ឬណាតូ នោះទេ»។
លោក បៃដិន បានឱ្យដឹងផងដែរ លោកក៏បាននិយាយពីបញ្ហាដូចគ្នាជាមួយប្រធានាធិបតីអ៊ុយក្រែន លោក វ្ល៉ូឌីមៀរ ពូទីន កាលពីថ្ងៃអាទិត្យ ហើយថានឹងនិយាយគ្នាម្ដងទៀតដើម្បីបញ្ជាក់ថាអ៊ុយក្រែន ពិតជាដើរផ្លូវតែមួយជាមួយលោកខាងលិច។ មេដឹកនាំអាមេរិកដដែលគូសបញ្ជាក់ទៀតថា លោក និងមន្រ្តីក្រុមការងារនៅតែបន្តវាយតម្លៃអ្វីដែលបានកើតឡើងនៅរុស្ស៊ី។
បើតាមអ្នកនាំពាក្យរបស់សេតវិមាន លោក ចន ឃឺរប៊ី សាររបស់លោក បៃដិន ដែលថាលោកខាងលិចមិនជាប់ទាក់ទងនឹងការបះបោររបស់ទាហានស៊ីឈ្នួលវ៉ាក់ណែ ត្រូវបានផ្ញើដោយផ្ទាល់ទៅកាន់ប្រជាជនរុស្ស៊ី តាមរយៈបណ្តាញការទូតផ្សេងៗ។
លោក ឃឺរប៊ី មិនបានបញ្ជាក់ ថារុស្ស៊ីបានឆ្លើយតបបែបណានោះទេ ចំពោះសាររបស់លោក បៃដិន ខណៈប្រភពដែលដឹងព័ត៌មានច្បាស់ បានប្រាប់រ៉យទ័រជាអនាមិកថា ចារកម្មអាមេរិកបានដឹងថា ការបះបោររបស់ទាហានស៊ីឈ្នួលវ៉ាក់ណែ ដែលរៀបចំដោយលោកចៅហ្វាយនាយ យឺវជឺនី ប្រ៊ីហ្គោហ្ស៊ីន អាចនឹងកើតមានឡើង ហើយបានប្រាប់ការណ៍នេះទៅសភាអាមេរិក មុនពេលវាចាប់ផ្ដើមមែនទែន។
មិនថាយ៉ាងណាក៏ដោយ ទីភ្នាក់ងារព័ត៌មានរដ្ឋរុស្ស៊ី TASS បានដកស្រង់សម្តីរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov ដែលបានថ្លែងកាលពីថ្ងៃចន្ទថា ចារកម្មរុស្ស៊ីកំពុងស៊ើបអង្កេតថាតើភ្នាក់ងារចារកម្មលោកខាងលិច មានដើរតួនាទីនៅក្នុងការបះបោរកាលពីចុងសប្ដាហ៍ដែរឬអត់។
បន្ថែមពីលើការស៊ើបអង្កេតនេះ លោក ពូទីន បានថ្លែងក្នុងសុន្ទរកថាដំបូងទៅកាន់ប្រទេសជាតិ ចាប់តាំងពីវ៉ាក់ណែដងថយថា លោកបានចេញបញ្ជាដើម្បីបញ្ជៀសការបង្ហូរឈាម និងបានផ្តល់ការលើកលែងទោសដល់យុទ្ធជនវ៉ាក់ណែ។
ប៉ុន្តែលោក ពូទីន បានបន្តយ៉ាងដូច្នេះថា ៖ «វាច្បាស់ណាស់ថា នេះជាជម្លោះដែលសត្រូវរបស់រុស្ស៊ីចង់បាន មិនថាក្រុងកៀវដែលជាពួកណាហ្ស៊ីនិយម និងពួកបស្ចិមប្រទេសដែលជាអ្នកជួយជ្រោមជ្រែង ឬអ្នកក្បត់ជាតិគ្រប់ប្រភេទនោះទេ។ ពួកគេចង់ឱ្យទាហានរុស្ស៊ី សម្លាប់គ្នាទៅវិញទៅមក»។
គួររំឭកថា ការបះបោររបស់ក្រុមទាហានស៊ីឈ្នួលវ៉ាក់ណែ ដែលដឹកនាំដោយលោក ប្រ៊ីហ្គោហ្ស៊ីន បានកើតឡើងកាលពីថ្ងៃសៅរ៍កន្លងទៅ បន្ទាប់ពីលោក ប្រ៊ីហ្គោហ្ស៊ីន បានចោទប្រកាន់រដ្ឋមន្រ្តីក្រសួងការពារជាតិរុស្ស៊ី លោក Sergey Shoigu ថាបានបញ្ជាឱ្យកងទ័ពរុស្ស៊ី ធ្វើការវាយប្រហារលើជំរុំកងកម្លាំងរបស់ខ្លួននៅក្នុងប្រទេសអ៊ុយក្រែន។ លោក ប្រ៊ីហ្គោហ្ស៊ីន បានទទូចជាថ្មីនៅថ្ងៃចន្ទថា ការបះបោរនៃក្រុមទាហានរបស់ខ្លួន គឺមិនដើម្បីផ្ដួលរំលំរដ្ឋាភិបាលនោះទេ ប៉ុន្តែដើម្បីលាតត្រដាងពីបរាជ័យរបស់យោធារុស្ស៊ី ដែលចង់បំផ្លាញកងកម្លាំងអង្គភាពរបស់ខ្លួនចោល។
គេមើលឃើញថា ភាពតានតឹងរវាងកងទ័ពរុស្ស៊ី និងទាហានវ៉ាក់ណែ ដែលសុទ្ធតែប្រយុទ្ធអមជាមួយគ្នាក្នុងប្រតិបត្តិការឈ្លានពានអ៊ុយក្រែនរបស់រុស្ស៊ី បានកើនឡើងនៅពេលលោក ប្រ៊ីហ្គោហ្ស៊ីន បានបង្កើនការចោទប្រកាន់ថ្នាក់ដឹងនាំយោធានៃក្រសួងការពារជាតិរុស្ស៊ីលើបញ្ហាផ្សេងៗ រួមទាំងថា យោធារុស្ស៊ីមិនផ្គត់ផ្គង់គ្រឿងផ្ទុះឱ្យទាហានវ៉ាក់ណែជាដើម ហើយទាមទារឱ្យមានការដកដំណែងរបស់លោក Shoigu។
ការបះបោរកើតឡើង ដោយក្រុមវ៉ាក់ណែធ្វើការដង្ហែក្បួនយោធាឆ្ពោះទៅរដ្ឋធានីមូស្គូ ដែលធ្វើឱ្យមានការព្រួយបារម្ភថា សង្រ្គាមស៊ីវិលរុស្ស៊ីអាចផ្ទុះឡើង។ យ៉ាងណាមិញ ភាពតានតឹងបានបញ្ចប់ទៅ បន្ទាប់ពីមេដឹកនាំបេឡារូស លោក អេឡិចហ្សេនឌឺរ លូខាហ្សិនកូ (Alexander Lukashenko) ដែលជាសម្ព័ន្ធមិត្តប្ដូរផ្ដាច់របស់លោក ពូទីន បានជួបនិយាយពិភាក្សាជាមួយ លោក ប្រ៊ីហ្គោហ្ស៊ីន។
ក្រោយការពិភាក្សាគ្នានោះ លោកប្រ៊ីហ្គោហ្ស៊ីន បានបញ្ជាឱ្យទាហានរបស់ខ្លួនបញ្ឈប់ការដង្ហែក្បួន ជាថ្នូរនឹងការផ្ដល់ជូនមួយចំនួន រួមទាំងការទម្លាក់ចោលរាល់ការចោទប្រកាន់ព្រហ្មទណ្ឌលើរូបលោក និងទាហានពាក់ព័ន្ធក្រោមអំណាចរបស់លោក ការនិរទេសខ្លួនទៅបេឡារូសជាដើម ទោះបីជាមានការព្រមានពីមេដឹកនាំ លោក ពូទីន នៅមុននោះថា អ្នកដែលពាក់ព័ន្ធនឹងការបះបោរទាំងអស់ ត្រូវតែទទួលទោសក៏ដោយ។
ក្នុងសុន្ទរកថាកាលពីថ្ងៃចន្ទដដែល លោកពូទីនបានថ្លែងអំណរគុណដល់មន្ត្រីសន្តិសុខរបស់លោក សម្រាប់ការបំពេញការងារពេលការបះបោរប្រដាប់អាវុធកើតឡើង នៅក្នុងកិច្ចប្រជុំមួយ ដែលរួមមានទាំងលោក Shoigu ដែលជាគោលដៅសំខាន់នៃការបះបោររបស់ពួកវ៉ាក់ណែ។ លោកថ្លែង បន្ថែមពីលើការអរគុណដល់ទាហានវ៉ាក់ណែដែលដកថយ ថា៖ «សាមគ្គីភាពស៊ីវិលបានបង្ហាញថា ការចោទប្រកាន់ណាមួយ ការប៉ុនប៉ងណាមួយក្នុងការរៀបចំភាពចលាចលផ្ទៃក្នុង នឹងត្រូវបរាជ័យ»។
យ៉ាងណាមិញ ខណៈស្ថានការណ៍នៅថ្ងៃចន្ទ បានវិលត្រឡប់ទៅរងភាពធម្មតាទៅហើយក្ដី អ្នកវិភាគនៅតែមើលឃើញថា ការបះបោររបស់វ៉ាក់ណែ បង្ហាញពីភាពងាយរងគ្រោះរបស់លោក ពូទីន។ ចំណែកឯអគ្គលេខាធិការអង្គការណាតូ លោក ជេនស៍ ស្តូលធេនប៊ឺគ វិញ បាននិយាយថា ការបះបោរបង្ហាញពីភាពទន់ខ្សោយនៃភាពជាអ្នកដឹកនាំរបស់រុស្ស៊ី និងកំហុសជាយុទ្ធសាស្ត្ររបស់វិមានក្រឹមឡាំង ក្នុងការធ្វើសង្គ្រាមនៅអ៊ុយក្រែន៕
ប្រែសម្រួល៖ហួន ឌីណា
ប្រភព៖ US, allies not involved in uprising against Putin: Biden
Putin accuses West of wanting Russians ‘to kill each other’ in mutiny
Russian mercenary leader says revolt sought to save Wagner, not overthrow government
Wagner mutiny shows Moscow’s ‘big strategic mistake’ in attacking Kyiv: NATO