រដ្ឋមន្រ្តីក្រសួងកសិកម្មជំរុញឱ្យសហគមន៍ព្រៃឈើចង្រ្កាន្តរយ រៀបចំជាកញ្ចប់សេវាទេសចរណ៍ ដើម្បីទាញកំណើនទេសចរ

អត្ថបទដោយ៖
CPA

សៀមរាប៖ ក្នុងឱកាសដឹកនាំគណៈប្រតិភូ និងដៃគូវិស័យឯកជន​ ទស្សនកិច្ចនៅសហគមន៍ព្រៃឈើចង្ក្រាន្តរយ ​ស្រុកវ៉ារិន ខេត្តសៀមរាប កាលពីថ្ងៃទី២៦ ខែមិថុនា ​រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម ឌិត ទីណា បានជំរុញឱ្យសហគមន៍នេះ​ រៀបចំជាកញ្ចប់សេវាទេសចរណ៍ ដើម្បីទាក់ទាញភ្ញៀ​វទេសចរមកក​ម្សាន្តឱ្យកាន់តែច្រើនថែមទៀត។ ​

​លោករដ្ឋមន្រ្តី បានលើកឡើង​ថា ការចុះពិនិត្យសក្តានុពលនៃតំបន់អភិវឌ្ឍសហគមន៍ព្រៃឈើចង្រ្កាន្តរយ​ ​ដើម្បីពិនិត្យមើលពីសក្តានុពលនៃការកែច្នៃ និងអភិវឌ្ឍតំបន់ការពារធនធានធម្មជាតិមួយនេះដោយផ្សារភ្ជាប់វិស័យកសិកម្ម ក្នុងការទាក់ទាញភ្ញៀវទេសចរមកកម្សាន្ត បន្ទាប់ពីតំបន់ប្រាសាទ។

យោងតាម​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ​ឯកឧត្តម ឌិត ទីណា ក៏​បានណែនាំដល់ប្រជាសហគមន៍ត្រូ​វចេះថែរក្សាសមិទ្ធផលដែលទទួលបាន ហើយរួមគ្នាការពារ អភិរក្ស និងទាញប្រយោជន៍ពីធនធានព្រៃឈើ​របស់សហគមន៍ដែលក្រសួងបានប្រគល់ឱ្យ​តាមរយៈការបង្កើត​ រៀបចំ និងផ្តល់សេវាដល់ភ្ញៀវទេ​សចរ​ប្រកបដោយភាពគុណភាព និងភាពរួសរាយរាក់ទាក់ ដោយមិនសំដៅតែលើភ្ញៀវទេសចរអន្តរជាតិ។

​ឯកឧត្តមបានថ្លែង​ថា ៖ «​សហគមន៍អាចរៀបចំជាកញ្ចប់សេវាទេសចរណ៍ មានការស្នាក់នៅ ម្ហូបអាហារ បន្លែ ត្រី សាច់ ដែលត្រូវបានដាំដុះ និងចិញ្ចឹមតាមបែបធម្មជាតិដល់ភ្ញៀវទេសចរណ៍ដែលមកលេងកម្សាន្ត ដែ​ល​ការងារនេះ នឹងអាចផ្តល់ប្រាក់ចំណូលជាប្រចាំ ឬតាមរដូវកាល បន្ថែមពីលើមុខរបរធ្វើស្រែចម្ការ»។ ដើម្បីឱ្យកិច្ចការនេះទទួលបានជោគជ័យ សហគមន៍ត្រូ​វមានភាពស្មោះត្រង់​ ​សាមគ្គីភាព​ និង​ធ្វើការរួមគ្នា ដោយមិនត្រូវ​កាប់បំផ្លាញព្រៃឈើដើម្បីតែផលប្រ​យោ​ជន៍ផ្ទាល់ខ្លួនរយៈពេលខ្លី តែត្រូវ​រួមគ្នាថែរក្សា និងការពារសម្បត្តិធម្មជាតិដែលនៅសេសសល់ សម្រាប់ទុកជាផ​លប្រយោជន៍រួមរយៈពេលយូរអង្វែងទៅមុខ។

ជុំវិញការជំរុញនេះ លោក ហុង វណ្ណៈ  អ្នកជំនាញសេដ្ឋកិច្ចនៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជ​បណ្ឌិ​ត្យសភាកម្ពុជា នៅ​ថ្ងៃទី​២៧ ខែមិថុនា បានប្រាប់ថា លោក​គាំទ្រឱ្យមានរៀបចំកន្លែងសហគមន៍ទេស​ចរណ៍ធម្មជាតិនានា ជាកញ្ចប់សេវាទេស​ចរណ៍ ដើម្បីទាក់ទាញទេសចរ ជួយលើកស្ទួយសេដ្ឋកិច្ចគ្រួសារពលរដ្ឋ និងដើម្បីអភិរក្សធនធានធម្មជាតិនៅតំបន់នោះថែមទៀត។

លោកបាន​​ថ្លែងថា ៖ «​បើកិច្ចការនេះ ​បង្កើតឡើងជោគជ័យ គឺពិតជាបានរួមចំណែកយ៉ាងច្រើនដល់វិស័យសេដ្ឋកិច្ច និងទេសចរណ៍កម្ពុជាកាន់តែទូលាយ ពិសេសជួយបំពេញតម្រូវការទេសចរធម្មជាតិបន្ថែមទៀត ខណៈខេត្តសៀមរាបមានសក្តានុពលសម្បត្តិវប្បធម៌សំបូរបែប មានប្រាង្គប្រាសាទជាច្រើន ហេតុនេះបើមា​នការយកចិត្តទុកដាក់លើការកែឆ្នៃលើសហគមន៍ទេសចរណ៍ ដូចជាផ្ទះស្នាក់​ឱ្យបានសមរម្យ នឹងធ្វើឱ្យព​លរដ្ឋទទួលបានប្រាក់ចំណូលបន្ថែមទៀត»។​​

ដោយឡែក នៅ​ថ្ងៃ​ដដែលនោះដែរ ឯកឧត្តម​ ឌិត ទីណា ក៏​បានចុះពិនិត្យ​មើលដំណាំស្វាយចន្ទីរបស់ក្រុមហ៊ុ​នសុភ័ណ្ឌធារី ក្នុងស្រុកជីក្រែង ផងដែរ ដើម្បីស្វែងយល់អំពីវឌ្ឍនភាព ​និងជំរុញការដាំដំណាំដ៏មានសក្តានុពលសម្រាប់ការនាំចេញរបស់កម្ពុជាមួយនេះ ឱ្យស្របតាមគោលនយោបាយប្រែក្លាយកម្ពុជា ជាប្រទេសអ​ធិរាជស្វាយចន្ទីរបស់រាជរដ្ឋាភិបាល។

នាឱកាសនោះ លោក​បានលើកទឹកចិត្តដល់ម្ចាស់ក្រុមហ៊ុនរិះរកវិធីកាត់បន្ថយថ្លៃដើមក្នុងការកែច្នៃគ្រាប់ស្វា​យចន្ទី និងស្វែងយល់ពីបញ្ហាប្រឈមផ្សេងៗរបស់ម្ចាស់ដំណាំពាក់ព័ន្ធនឹង​គុណភាពដី ការប្រឈមបម្រែប ម្រួលអាកាសធាតុ ការយាយីពីសត្វល្អិតចង្រៃ និងជំងឺផ្សេងៗជាដើម ដើម្បីស្វែងរកដំណោះស្រាយសមស្របណាមួយ។

​​សូមរម្លឹកថា​ កាលពីខែមីនា ឆ្នាំ២០២៣ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាបានប្រកាសចង់ឱ្យកម្ពុជា ក្លាយទៅ​ជាប្រទេសអធិរាជគ្រាប់ស្វាយចន្ទី ដោយអាចនាំចេញគ្រាប់ស្វាយចន្ទីឱ្យបានច្រើនជាងគេនៅលើពិភពលោក។ ​នៅឆ្នាំ២០២១ កម្ពុជា ផលិតគ្រាប់ស្វាយចន្ទីបានចំនួន ១, ១៨លានតោនក្នុងមួ​យឆ្នាំ ឈ​រនៅចំណាត់ថ្នាក់លេខមួយលើពិភពលោក ដោយមិនទាន់គិតពីដំណាំស្វាយចន្ទីដែលទើបដាំ ខណៈប្រទេសកូតឌីវ័រ ផលិតបាន ១,១លានតោន និងប្រទេសឥណ្ឌាផលិតបាន ៨សែន តោន៕

ដោយ៖បូរ ពេជ្រហ្សាលីន

ads banner