ការប្រណាំងទូកជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ២០២៣ ពានរង្វាន់សម្ដេចក្រឡាហោម លើកទី១០ នឹងធ្វើឡើងនៅដើម ខែសីហា ឆ្នាំ២០២៣
ភ្នំពេញ ៖ សហព័ន្ធកីឡាទូកកានូ និង រ៉ូអ៊ីងកម្ពុជា បានប្រកាសជូនដំណឹងថា ក្រោមកិច្ចសហការ ពីក្រសួងអប់រំយុវជន និង កីឡា សហព័ន្ធ ការប្រណាំង ទូកប្រពៃណីខ្នាតអន្តរជាតិ ទូកកានូ ទូកកាយ៉ាក់ និងទូករ៉ូអ៊ីង ជ្រើសរើសជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ២០២៣ និង ពានរង្វាន់សម្ដេចក្រឡាហោម លើកទី១០ នឹងធ្វើឡើង រយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១០ ដល់ទី១២ ខែសីហា ខាងមុខនេះ នៅដងស្ទឹងសង្កែ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។
សេចក្តីជូនតំណឹងបានបញ្ជាក់ទៀតថា ក្នុងឆ្នាំនេះ មានវិញ្ញាសាជាច្រើន ដែលគណៈ កម្មការរៀបចំដាក់ឲ្យធ្វើការប្រកួត រួមមាន៖វិញ្ញាសាទូកប្រពៃណី “ខ្នាតអន្តរជាតិ” ចំណុះ ១២នាក់ បុរស ចម្ងាយ៨០០ម៉ែត្រ ៥០០ម៉ែត្រ និង វិញ្ញាសា២៥០ម៉ែត្រ និងចំណុះ ១២នាក់ នារី ចម្ងាយ២៥០ម៉ែត្រ ។វិញ្ញាសាទូកផ្កាចារខ្នាត អន្ដរជាតិ ចំណុះ៥នាក់ បុរស នារី ចម្ងាយ ៥០០ម៉ែត្រ និង វិញ្ញាសា២៥០ម៉ែត្រ ក្រៅពីនេះនៅមាន ការប្រណាំង ទូក កានូ កាយ៉ាក់ និង ទូករ៉ូអ៊ីង ផងដែរ ដែលក្នុងនោះ មានវិញ្ញាសា ៥០០ម៉ែត្រ ទូកកានូ អុំម្នាក់ឯងបុរស នារី (C1), វិញ្ញាសា ទូកកាយ៉ាក់ អុំម្នាក់ឯង ចម្ងាយ៥០០ម៉ែត្រ (K1) បុរសនារី និង វិញ្ញាសាទូករ៉ូអ៊ីង ផ្នែក ចម្ងាយ១០០០ម៉ែត្រ (1X)បុរស នារី ។
នេះជាព្រឹត្តិការណ៍ដ៏សំខាន់១ សម្រាប់ប្រភេទកីឡាទូកប្រណាំង ដែលត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំ ដោយក្រសួងអប់រំយុវជន និង កីឡាក្រោមកិច្ចសហការបច្ចេកទេស ជាមួយសហព័ន្ធកីឡាទូកកានូ និង រ៉ូវីងកម្ពុជា ដើម្បីផ្ដល់ឱកាសឲ្យអត្តពលិកទាំងអស់ បញ្ចេញសមត្ថភាព និងវាស់ស្ទង់កំរិតបច្ចេកទេស ដែលខ្លួនខិតខំហ្វឹកហាត់ក្នុងរយៈពេលកន្លងមក សម្រាប់ពន្លឿនការអភិវឌ្ឍ ដើម្បីសហព័ន្ធ ជ្រើសបាន កីឡាករ-កិឡាការិនី មានទេពកោសល្យ និង បច្ចេកទេសខ្ពស់ចូលក្នុងក្រុមជម្រើសជាតិ សម្រាប់តំណាង ឲ្យជាតិ ទៅចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡាថ្នាក់អន្ដរជាតិ ឲ្យទទួលបានលទ្ធផលល្អប្រសើរ ពិសេសការប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៥ នៅប្រទេសថៃ ។
សម្រាប់ការដាក់ពាក្យចូលរួម នឹងចាប់ទទួលពីថ្ងៃជូនដំណឹងនេះតទៅ រហូតដល់ថ្ងៃទី ០១ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង ១៧:០០ នាទីល្ងាច នៅទីស្នាក់ការ សហព័ន្ធកីឡាទូកកានូ និង រ៉ូវីងកម្ពុជា ស្ថិតក្នុងអាគារលេខ១ នៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ជាន់ទី៣ បន្ទប់លេខ៣ ដោយភ្ជាប់មកជាមួយនូវ ៖ ពាក្យចូលរួមប្រកួត ចំនួន ០៣ ច្បាប់, កិច្ចសន្យា០៣ ច្បាប់, បញ្ជីរាយនាម ប្រតិភូ គ្រូបង្វឹក កីឡាករ-កីឡាការិនី ០៣ ច្បាប់ និង អាល់ប៊ុមបិទរូបថតថ្មីទំហំ 4cm x 6cm ចំនួន ៣ ដែលមាន រូបថតប្រតិភូ កីឡាករ កីឡាការិនី ទំហំ 4cm x 6cm ម្នាក់ៗ ០២ សន្លឹក។
បញ្ជាក់៖សហព័ន្ធកីឡាទូកកានូ និង រ៉ូវីងកម្ពុជាមានទូកសម្រាប់ប្រកួតរួចហើយ ដោយឡែកសមាគមនដែលចូលរួមប្រកួតត្រូវយកច្រវាទូកប្រពៃណី មកជាមួយផង។ រាល់ការចំណាយ ការស្នាក់នៅ ហូបចុក ថ្លៃធ្វើដំណើរជាបន្ទុករបស់ ក្រសួង ស្ថាប័ន រាជធានី-ខេត្ត ។ ចំពោះព៌ត័មានលម្អិត សូមអញ្ជើញទំទាក់ទំនងមកសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា ឬ តាមរយៈទូរស័ព្ទលេខ ០៦៦ ៦៩ ៧៨ ៧៩, ០១០ ៨៨ ៩៨ ៩៤ ៕
អត្ថបទ៖ ជាវ ចន្ធូ