ចិនបង្ហាញឆន្ទៈចង់បង្កើនកិច្ចសហប្រតិបត្តិការយោធាកាន់តែជិតស្និទ្ធជាមួយវៀតណាម
ហាណូយ៖ កំលុងពេលជួបជាមួយសមភាគីវៀតណាម រដ្ឋមន្ត្រីការពារជាតិចិន លោក លី សាងហ្វ៊ូ (Li Shangfu) បានលើកឡើងថា ប្រទេសចិនមានឆន្ទៈក្នុងការធ្វើការជាមួយប្រទេសវៀតណាម ដើម្បីពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការកម្រិតខ្ពស់រវាងយោធារបស់ភាគីទាំងពីរ។
ក្រសួងការពារជាតិចិនបានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា អំឡុងពេលកិច្ចប្រជុំនៅទីក្រុងប៉េកាំង លោក លី បានថ្លែងថា ស្ថានភាពអន្តរជាតិមានភាពស្មុកស្មាញ និងប្រទាក់ក្រឡាគ្នា ហើយសន្តិសុខនៃតំបន់អាស៊ីប៉ាស៊ីហ្វ៊ិកក៏កំពុងប្រឈមមុខនឹងបញ្ហាជាច្រើនផងដែរ។
លោក លី បាននិយាយនៅក្នុងកិច្ចពិភាក្សាជាមួយរដ្ឋមន្ត្រីក្រសួងការពារជាតិវៀតណាម លោក ផាន់ វ៉ាន ហ្គ៊ាង ថា «ចិន និងវៀតណាមគួរតែបន្តធ្វើការរួមសហការគ្នា និងរួបរួមក្នុងដំណើរសង្គមនិយមថ្មីមួយ ដើម្បីការពារផលប្រយោជន៍យុទ្ធសាស្ត្ររួមរបស់ប្រទេសទាំងពីរ និងរួមចំណែកជាវិជ្ជមានដល់សន្តិភាព និងស្ថិរភាពក្នុងតំបន់»។
លោក លី បាន ប្រាប់ទៅកាន់លោក ផាន់ ថា ទំនាក់ទំនង រវាង យោធា របស់ ពួកគេ បានវិវត្តទៅមុខ យ៉ាង ល្អ។ លោក បាន បន្ថែម ថា យោធា របស់ ចិន ចង់ធ្វើការ ជំរុញ ទំនាក់ទំនងនេះ ទៅមុខ មួយកម្រិត បន្ថែមទៀត។ គួរដឹងដែរថា កិច្ចប្រជុំរបស់រដ្ឋមន្ត្រីទាំងពីរ បានធ្វើឡើងបន្ទាប់ពីនាវាអាមេរិកប្រភេទ USS Ronald Reagan បានចតឈប់នៅកំពង់ផែវៀតណាម ក្នុងទីក្រុង ដាណាង (Danang) កាលពីថ្ងៃអាទិត្យ។ ហើយនេះគឺជាលើកទីបីហើយដែលនាវាផ្ទុកយន្តហោះអាមេរិកបានមកទស្សនកិច្ចនៅវៀតណាម រាប់ចាប់តាំងពីសង្គ្រាមវៀតណាមបានបញ្ចប់ទៅ។
ដំណើរទស្សនកិច្ចរបស់កងទ័ពជើងទឹកអាមេរិកនេះផងដែរ ធ្វើឡើងចំពេលភាពតានតឹងរវាងចិន និងសហរដ្ឋអាមេរិកនៅតំបន់សមុទ្រចិនខាងត្បូងកំពុងកើនឡើងខ្លាំង។ គួរដឹងដែរថា ប្រទេសចិនបាននឹងកំពុងទាមទារតំបន់ភាគច្រើននៃសមុទ្រចិនខាងត្បូង ហើយមហាអំណាចទាំងពីរក៏កំពុងប្រជែងគ្នាដណ្តើមឥទ្ធិពលនៅក្នុងតំបន់ដែលសម្បូរធនធាននេះផងដែរ។
ក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងមកនេះ លោក លី បានជួបជាមួយមេបញ្ជាការកងកម្លាំងការពារជាតិប្រទេសអាហ្វ្រ៊ិកខាងត្បូង និងមេទ័ពរបស់ប្រទេសថៃផងដែរ ប៉ុន្តែលោកមិនបានជួបពិភាក្សាជាមួយរដ្ឋមន្ត្រីការពារជាតិអាមេរិក លោក ឡយ អូស្ទីន (Lloyd Austin) នោះទេ។ ទាំងលោក លី និង អូស្ទីន បានចូលរួមកិច្ចប្រជុំកំពូលសន្តិសុខនៅប្រទេសសិង្ហបុរីកាលពីដើមខែមិថុនាដូចគ្នា ប៉ុន្តែលោក លី បានបដិសេធការស្នើសុំជួបរបស់ភាគីអាមេរិកអំឡុងថ្ងៃនៃកិច្ចប្រជុំនោះ។
គួរបញ្ជាក់ថា លោក លី ដែលត្រូវបានតែងតាំងជារដ្ឋមន្ត្រីការពារជាតិចិនកាលពីខែមីនា កំពុងស្ថិតនៅក្រោមការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកដោយបានចោទប្រកាន់លោកថាបានទិញអាវុធពីក្រុមហ៊ុននាំចេញអាវុធដ៏ធំបំផុតរបស់រុស្ស៊ីកាលពីឆ្នាំ២០១៧។ ចិនបានឱ្យដឹង ថា ខ្លួន ចង់ ឱ្យសហរដ្ឋអាមេរិកដក ទណ្ឌកម្ម នេះ ចេញ ដើម្បី សម្រួល ដល់ ជំនួបពិភាក្សារវាងភាគីទាំងពីរ។
រហូតមកទល់ពេលនេះ ភាពតានតឹងកំពុងកើតមានកាន់តែក្តៅគគុកនៅតំបន់សមុទ្រចិនខាងត្បូង ដែលជាកន្លែងដែលប្រទេសជាច្រើនបាននឹងកំពុងទាមទារតំបន់កាន់កាប់ត្រួតស៊ីគ្នា។ មិនត្រឹមតែប៉ុណ្ណោះ ប្រទេសមួយចំនួនក៏ធ្លាប់បានធ្វើសមយុទ្ធយោធានៅក្នុងដែនទឹករបស់ខ្លួនផងដែរ។ ការណ៍នេះបានធ្វើឱ្យប្រទេសនៅក្នុងតំបន់ដែលមានទំនាក់ទំនងយោធាជាមួយចិន និងអាមេរិក កំពុងត្រូវបានសហគមន៍អន្តរជាតិឃ្លាំមើលយ៉ាងយកចិត្តទុកដាក់។
កាលពីខែសីហាឆ្នាំមុន ទីក្រុងប៉េកាំងបានបិទបណ្តាញទំនាក់ទំនងយោធាសំខាន់ៗចំនួនបីជាមួយសហរដ្ឋអាមេរិក ដោយបានអះអាងថា ការធ្វើបែបនេះគឺជាការបង្ហាញពីការមិនពេញចិត្តរបស់ពួកគេចំពោះដំណើរទស្សនកិច្ចដែលធ្វើឡើងដោយប្រធានសភាអាមេរិក លោកស្រី ណានស៊ី ប៉េឡូស៊ី (Nancy Pelosi) ទៅកាន់កោះតៃវ៉ាន់៕
ប្រែសម្រួល៖ធា សុណា