ក្រសួងការបរទេស៖ «ការហោះចូលដែនអាកាសកម្ពុជារបស់យន្តហោះគ្មានមនុស្សបើកបរ គឺការរំលោភបំពានយ៉ាងគន្លើន និងមិនអាចអត់ឱនឱ្យបាន មកលើអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា»

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានតាមដានដោយការយកចិត្តទុកដាក់បំផុត ចំពោះហេតុការណ៍ដែលបានកើតឡើងប៉ុន្មានថ្ងៃមុននេះ នៅក្នុងខេត្ត ដាឡាក់ (Dak Lak) ប្រទេសវៀតណាម និងចាត់ទុកការវាយប្រហារដោយក្រុមប្រដាប់អាវុធខុសច្បាប់ទៅលើស្នាក់ការប៉ូលិសនៅក្នុងឃុំ Ea Tieu និង Ea Ktur គឺជាអំពើភេរវកម្ម ដែលប៉ះពាល់ដ៏ ធ្ងន់ធ្ងរដល់សន្តិសុខ និងស្ថេរភាពរបស់ប្រទេសជិតខាងជាមិត្ត។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តេជាតិ នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣។

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តេជាតិ បានបន្តថា ក្នុងស្មារតីប្រកាន់យ៉ាងខ្ជាប់ខ្ជួននូវការគោរពអធិបតេយ្យ និងគោលការណ៍មិនអនុញ្ញាតឱ្យកម្លាំងអមិត្តណាមួយ ប្រើប្រាស់ទឹកដីរបស់ខ្លួន ប្រឆាំងនឹងប្រទេសជិតខាងជាមិត្តនោះ កម្ពុជាបាននិងកំពុងសហការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរ និងកម្លាំងប្រដាប់អាវុធវៀតណាម ក្នុងការទប់ស្កាត់ មិនឱ្យអំពើខុសច្បាប់បែបនេះកើតឡើងជាថ្មីនោះឡើយ។

ជាមួយនេះ បន្ទាប់ពីព្រឹត្តិការណ៍ហិង្សាខាងលើនេះ កម្ពុជាក៏ទទួលបានព័ត៌មានពីអាជ្ញាធរ និងកម្លាំងមានសមត្ថកិច្ចនៅតាមបណ្ដោយខេត្តជាប់ព្រំដែនជាមួយនឹងវៀតណាម ពោលគឺខេត្ត រតនគិរី និងខេត្តមណ្ឌលគីរី មានយន្តហោះគ្មានមនុស្សបើកបរ (drones) ហោះចូលដែន អាកាសកម្ពុជា ជាញឹកញាប់ ចាប់ពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣។

ទង្វើរបស់ក្រុមមិនស្គាល់អត្តសញ្ញាណនេះ គឺជាការរំលោភបំពានយ៉ាងគន្លើននិងមិនអាច អត់ឱនឱ្យបានមកលើអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា។ រាជរដ្ឋាភិបាលកម្ពុជា បានបើប្រាស់សិទ្ធិការពារខ្លួន និងចាត់វិធានការយ៉ាងម៉ឺងម៉ាត់ និងសមស្របខាងផ្នែកយោធា ដើម្បីរារាំងនូវការហោះចូលដោយយន្តហោះគ្មានមនុស្សបើកបរនោះ សាជាថ្មីចូលមកក្នុងដែនអាកាសរបស់កម្ពុជា។ ក្នុងករណីរកឃើញប្រភពពិតនៃយន្តហោះគ្មានមនុស្សបើកបរទាំងនោះ រាជរដ្ឋាភិបាលកម្ពុជា នឹងមានវិធានការបន្តខាងផ្លូវច្បាប់ និងការទូត ដើម្បីប្តឹងតវ៉ាទៅនឹងការឈ្លានពាននេះមកលើអធិបតេយ្យភាព និងបូរណ៍ភាពទឹកដីរបស់កម្ពុជា៕

ads banner