រដ្ឋមន្រ្តីកសិកម្ម ជំរុញដល់អាជ្ញាធរមូលដ្ឋានការពារដីវិនិយោគដែលជាដីរបស់រដ្ឋ ហើយប្រឈមនឹងការទន្ទ្រានខុសច្បាប់

 
ភ្នំពេញ:​​ រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម ឌិត ទីណា បានធ្វើការជំរុញ និងលើកទឹកចិត្តដល់អាជ្ញាធរមូលដ្ឋានចូលរួមខិតខំការពារដីវិនិយោគរបស់ក្រុមហ៊ុន ដែលជាដីរបស់រដ្ឋ ហើយកំពុងប្រឈមនឹងការចូលទន្រ្ទានកាន់កាប់ដោយខុសច្បាប់ ។
 
ការជំរុញនេះ បានធ្វើឡើងក្នុងអំឡុងពេលលោកដឹកនាំគណៈប្រតិភូទៅធ្វើទស្សនកិច្ចនៅក្រុមហ៊ុនវិនិយោគដំណាំកសិ-ឧស្សាហកម្ម មេហ្គាហ្វាមខេមបូឌៀ លើដីសម្បទានសេដ្ឋកិច្ចរបស់រដ្ឋ ជាង៨ពាន់ហិក តា ស្ថិតនៅស្រុករវៀង ខេត្តព្រះវិហារ កាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣។


នាឱកាសនោះ ឯកឧត្តម ឌិត ទីណា បានគូស បញ្ជាក់ថា គោលដៅសំខាន់របស់រដ្ឋាភិបាល ក្នុងការផ្តល់ដីសម្បទានសេដ្ឋកិច្ចទៅឱ្យក្រុមហ៊ុន គឺដើម្បីអភិវឌ្ឍន៍ឱ្យរីកចម្រើនកាន់តែខ្លាំងលើវិស័យកសិកម្ម កសិ-ឧស្សាហកម្ម និងចិញ្ចឹមសត្វជាដើម ឱ្យក្លាយជាកន្លែងផលិតដែលមិនត្រឹមតែសម្រាប់ការផ្គត់ផ្គង់នៅក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែក៏សម្រាប់ការនាំចេញក្រៅប្រទេសទៀតផងដែរ។ នេះបើតាមការចុះផ្សាយរបស់ក្រសួងកសិកម្ម រក្ខាប្រមាញ់ និងនេសាទ។
ទន្ទឹមគ្នានេះ ឯកឧត្តមបានសង្កត់ធ្ងន់ទៀតថា៖« ដោយផ្អែកលើទស្សនទាននេះ ក្រសួង និងភាគីពាក់ព័ន្ធកំពុងជំរុញឱ្យមានការអភិវឌ្ឍន៍ដីសម្បទានសេដ្ឋកិច្ចទៅតាមផែនការកំណត់របស់រដ្ឋាភិបាល។ បន្ថែមពីលើនេះ យើងក៏បានលើកទឹកចិត្តដល់អាជ្ញាធរមូលដ្ឋានការពារដីវិនិយោគរបស់ក្រុមហ៊ុន ដែលជាដីរបស់រដ្ឋ ប្រឈមនឹងការចូលទន្រ្ទាមកាន់កាប់ដោយខុសច្បាប់ ថែមទៀត»។
តាមរយៈដំណើចុះទស្សនកិច្ចនេះដែរ ឯកឧត្តម ឌិត ទីណា ក៏បានទៅពិនិត្យការសាងសង់ឃ្លាំងស្តុក និងម៉ាស៊ីនកែច្នៃផលពោតដែលប្រមូលបាន និងស្វែងយល់ពីការរៀបចំហេដ្ឋារចនាសម្ព័ន្ធដាំដុះ ប្រព័ន្ធស្រោចស្រពទឹក និងការប្រើប្រាស់គ្រឿងចក្រដើរដោយប្រព័ន្ធបច្ចេកវិជ្ជាស្វ័យប្រវត្តិជាដើម។ មានដូចជា ត្រាក់ទ័រ យន្តហោះដ្រូន ដើម្បីប្រតិបត្តិការស្រោចស្រពទឹក ដាក់ជី បាញ់ថ្នាំការពារសត្វល្អិតចង្រៃ ព្យាបាលជំងឺដំណាំ និងប្រមូលផលដោយការប្រើប្រាស់គ្រឿងចក្រស្វ័យប្រវត្តិ ព្រមទាំងមធ្យោបាយដាំដុះដំណាំដែលអាចរក្សាគុណភាពដីប្រកបដោយនិរន្តរភាពផងដែរ។

ទាក់ទិននឹងការជំរុញលើសកម្មភាពការទន្ទ្រានដីរដ្ឋនេះដែរ អនុប្រធានផ្នែកឃ្លាំមើលសិទ្ធមនុស្ស ដីធ្លី និងធនធានធម្មជាតិ និងជាអ្នក នាំ ពាក្យ សមាគម ការពារ សិទ្ធិ មនុស្ស អាដហុក លោក សឹង សែនករុណា  បានបង្ហាញការគាំទ្រចំពោះការជំរុញរបស់រដ្ឋមន្រ្តីក្រសួងកសិកម្ម ដោយលោកយល់ថា ការទប់ស្កាត់ការទន្រ្ទានដីរដ្ឋពីស្ថាប័នពាក់ព័ន្ធនាពេលកន្លងមក នៅមិនទានច្បាស់លាស់ត្រឹមត្រូវ និងមានប្រសិទ្ធភាពនៅឡើយទេ។

 គួរជម្រាបថា កាលពីថ្ងៃទី ៥ មិថុនា ឆ្នាំ២០២៣ សម្ដេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន បានផ្ញើសារពាក់ព័ន្ធបទល្មើសការទន្ទ្រានដីរដ្ឋថា ត្រូវតែអនុវត្តន៍ដោយម៉ឺងម៉ាត់ ចំពោះអ្នកណាដែលកាប់ទន្ទ្រានយកដីរដ្ឋ ហើយមិនត្រូវលើកលែង ក្រោមហេតុផលប៉ះពាល់ សំឡេងឆ្នោតនោះឡើយ បើទោះបីជាការបោះឆ្នោតជិតឈានចូលមកក៏ដោយ។ ជាមួយគ្នានេះ សម្ដេចតេជោ ហ៊ុន សែន ក៏បន្តដាក់បទបញ្ជាដល់បណ្ដាអភិបាល និងអាជ្ញាធរតាមបណ្ដាខេត្តទាំងអស់ត្រូវទប់ស្កាត់ឱ្យបានការកាប់ទន្រ្ទាន រុករានព្រៃឈើល្មើសច្បាប់នៅតាមខេត្តរបស់ខ្លួន ខណៈនាពេលកន្លងទៅមានក្រុមមេខ្យល់បានកើនប្រជាជនទៅទន្រ្ទានដីឯកជន និងដីរបស់រដ្ឋ។ លើសពីនេះ សម្ដេចតេជោក៏បានព្រមានថា មន្រ្ដីរាជការណាក៏ដោយ បើសិនរកឃើញថាមានការពាក់ព័ន្ធការទន្រ្ទានដីរដ្ឋ នឹងត្រូវអនុវត្តតាមផ្លូវច្បាប់ដោយមិនមានការលើកលែងឡើយ៕
អត្ថបទ៖ បូរ ពេជ្រហ្សាលីន

ads banner