ព្រឹទ្ធសភាបានពិនិត្យ ហើយឱ្យយោបល់ឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់បោះឆ្នាតទាំងមូលដោយឥតកែប្រែ

ភ្នំពេញ៖ អង្គប្រជុំព្រឹទ្ធសភាបានពិនិត្យ ហើយឱ្យយោបល់ឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់បោះឆ្នាត ទាំងមូលដោយឥតកែប្រែ ចំនួន ៥៩សំឡេង នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល។ ការឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់នេះ នៅក្នុងសម័យប្រជុំលើកទី១០ ព្រឹទ្ធសភានីតិកាលទី៤ នៅព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣។

ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ តំណាងសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ប្រធានក្រុមការងាររាជរដ្ឋាភិបាលបានឡើងថ្លែងការពារសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់បោះឆ្នាត នៅក្នុងអង្គប្រជុំព្រឹទ្ធសភា។ ឯកឧត្តម កើត រិទ្ធបានបញ្ជាក់ថា ការធ្វើបវិសោធនកម្មនេះនេះ មិនខុសទៅនឹងច្បាប់ ឬក៏រដ្ឋធម្មនុញ្ញទេ គឺសេចក្តីព្រាងច្បាប់នេះធ្វើឡើងស្របតាមរដ្ឋធម្មនុញ្ញ។ សេចក្តីព្រាងច្បាប់នេះ ស្របទៅតាមមាត្រា ៩១ថ្មី នៃរដ្ឋធម្មនុញ្ញ និងធ្វើស្របតាមមាត្រា ៣៤ថ្មី (មួយ)នៃរដ្ឋធមម្មនុញ្ញ។ មូលដ្ឋានគ្រឹះនៃការធ្វើវិសោធនកម្មនេះ គឺមានរឹងមាំទាំងក្នុងទ្រឹស្តី ទាំងក្នុងរដ្ឋធម្មនុញ្ញ។

រដ្ឋមន្ត្រីក្រសួងយុត្តិធម៌បានបញ្ជាក់ថា “វិសោធនកម្មនេះ គឺមិនប៉ះពាល់ដល់សិទ្ធិបោះឆ្នោទេ វិសោធមកម្មនេះ គឺប៉ះពាល់តែទៅលើសិទ្ធិនៅក្នុងការឈរឈ្មោះឲ្យគេបោះឆ្នោត។ បើយើងជាពលរដ្ឋល្អក្នុងសង្គមប្រជាធិបតេយ្យ យើងស្រឡាញ់ប្រជាធិបតេយ្យត្រូវចាប់ផ្តើមដំបូងមុនគេបំផុតត្រូវចេញទៅបោះឆ្នោតសិន បើយើងមិនទាន់បានធ្វើជាគំរូគេផង យើងម៉េចទៅធ្វើជាអ្នកដឹកនាំកើត។ លក្ខខណ្ឌមួយនេះ មិនត្រឹមតែការពារទៅលើកិច្ចដំណើរការបោះឆ្នោត ប៉ុន្តែលើកម្ពស់គុណតម្លៃស្នូលនៃប្រជាធិបតេយ្យតាមរយៈការពអ្រឹងលើកកម្ពស់ការទទួលខុសត្រូវរបស់អ្នកដែលជាអនាគតមេដឹកនាំនយោបាយដែលត្រូវជ្រើសរើសតាមរយៈការបោះឆ្នោត”។

ប្រភពដដែលបានអះអាងថា “ច្បាប់នេះ មិនប៉ះពាល់ដល់សិទ្ធិបោះឆ្នោត ប្រជាពលរដ្ឋមានសិទ្ធិនឹងចេញទៅបោះឆ្នោតក៏បាន មិនចេញទៅបោះឆ្នោតក៏បាន នៅតែជាសិទ្ធិមិនមានចែងជាកាតព្វកកិច្ចដូចបណ្តាប្រទេសមួយចំនួនទេ។ ប្រទេសមួយចនួន គឺគេចែងជាកាតព្វកិច្ចដូចជានៅសិង្ហបុរី អូស្ត្រាលី និងបណ្តាប្រទេសមួយចំនួនទៀត។ វិសោធនកម្មនេះ ក៏មិនប៉ះទៅដល់សិទ្ធិនៃការបោះឆ្នោតរបស់ប្រជាពលរដ្ឋដែរ។ ប៉ុន្តែប៉ះធំជាងគេ គឺប៉ះអ្នកដែលនាំឲ្យប្រជាពលរដ្ឋប្រើប្រាស់សិទ្ធិរបស់ខ្លួនមិនត្រឹមត្រូវ ហើយនាំទៅដល់ការបំផ្លាញប្រជាធិបតេយ្យ”។

ឯកឧត្តម កើត រិទ្ធ បានសង្កត់ធ្ងន់ថា “ហេតុអ្វីបានជាមានច្បាប់នេះ មានច្បាប់នេះដោយសារវាមានផែនការ វាមានឧបាយកលរបស់ក្រុមអ្នកណាមួយដើម្បីជំរុញដល់ការបំផ្លាញដល់កិច្ចដំណើរការនៃការបោះឆ្នោត។ យើងបានដឹងហើយ បើបំផ្លាញកិច្ចដំណើរការបោះឆ្នោត គឺមានន័យថា បំផ្លាញនូវប្រព័ន្ធប្រជាធិបតេយ្យ ព្រោះប្រជាធិបតេយ្យវាជាការបោះឆ្នោត។ អ៊ីចឹងបើសិនជាដាក់ផែនការឧបាយកលដើម្បីបំផ្លាញចោលនៅការបោះឆ្នោត មានន័យថា បំផ្លាញប្រជាធិបតេយ្យដែលបានចារឹកនៅក្នុងរដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូលរបស់ជាតិ។

ដូច្នេះការរៀបចំច្បាប់មួយដើម្បីការពារប្រជាធិបតេយ្យដូចជាមិនមានអ្វីខុសឆ្គងទេ ហើយគិតថាវាគឺជារឿងត្រឹមត្រូវបំផុត។ មានមតិយោបល់មួយចំនួនលើកឡើងខ្វះការគិតគូរឲ្យបានគ្រប់ជ្រុងជ្រោយ។ ច្បាប់នេះ គោលបំណងពិតប្រាកដអត់មានអ្វីក្រៅពីការពារប្រជាធិបតេយ្យទេ។ មិនត្រឹមតែការពារបាននៅដំណើរការប្រជាធិបតេយ្យទេ ប៉ុន្តែលើកកម្ពស់បាននៅគុណតម្លៃស្នូលនៃលទ្ធិប្រជាធិបតេយ្យតាមរយៈការពង្រឹងការទទួលខុសត្រូវរបស់អនាគតមេដឹកនាំនយោបាយដែលនឹងត្រូវជ្រើសរើសតាមរយៈការបោះឆ្នោត”។

សូមជម្រាបថា កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣ រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់បោះឆ្នោត ដោយសំឡេងគាំទ្រ ១១១សំឡេងលើ១១១សំឡេង។ ការអនុម័តសេចក្តីព្រាងច្បាប់នេះ បានធ្វើឡើងក្នុងសម័យប្រជុំរដ្ឋសភាលើកទី៩ នីតិកាលទី៦ ក្រោមអធិបតីភាពដ៏ ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ដោយមានសមាជិក សមាជិកា រដ្ឋសភាចូលរួមប្រជុំចំនួន ១១១រូប៕ ដោយ៖ពលជ័យ
រូបភាព៖ព្រឹទ្ធសភា

ads banner