លោក បៃដិន៖ ពូទីន កំពុងចាញ់សង្រ្គាម នៅប្រទេសអ៊ីរ៉ាក់

ឈីខាហ្គោ៖ ប្រធានាធិបតីអាមេរិក បានអះអាងថា លោក ពូទីន កំពុងចាញ់សង្រ្គាម នៅប្រទេសអ៊ីរ៉ាក់ នៅក្នុងការច្រឡំពាក្យសម្តីថ្មីមួយទៀតរបស់មេដឹកនាំអាមេរិករូបនេះ។

ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បាននិយាយ កាលពីថ្ងៃពុធ សប្តាហ៍នេះថា ប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន កំពុងតែទទួលបរាជ័យក្នុងសង្រ្គាមនៅប្រទេសអ៉ីរ៉ាក់ នៅពេលដែលលោកចង់សំដៅលើអ៊ុយក្រែន។

ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន មុនពេលលោករៀបចាកចេញពីសេតវិមាន ក្នុងការធ្វើដំណើរមួយទៅកាន់ទីក្រុងឈីខាហ្គោ (Chicago) លោក បៃដិន ត្រូវបានគេសាកសួរថា តើលោក ពូទីន បានចុះទន់ខ្សោយដែរឬទេ បន្ទាប់ពីផ្ទុះព្រឹត្តិការណ៍បះបោររយៈពេលខ្លីថ្មីៗនេះ ដឹកនាំដោយមេទាហានស៊ីឈ្នួលរុស្ស៉ី Wagner ដែលកងកម្លាំងបានចូលរួម ក្នុងសង្រ្គាមឈ្លានពាននៅអ៊ុយក្រែន។

លោកប្រធានាធិបតីអាមេរិក បានឆ្លើយតបយ៉ាងដូច្នេះថា «វាពិបាកក្នុងការនិយាយឱ្យច្បាស់ណាស់។ ប៉ុន្តែអ្វីដែលជាក់ស្តែង គឺលោក ពូទីន កំពុងបរាជ័យក្នុងសង្រ្គាមនៅអ៉ីរ៉ាក់ ហើយក៏កំពុងតែចាញ់សង្រ្គាមនៅក្នុងប្រទេសខ្លួនឯងផងដែរ ខណៈនៅជុំវិញពិភពលោក លោក ពូទីន បានក្លាយជាបុគ្គលដែលហាក់លែងសូវមានអ្នករាប់រកតទៅទៀតហើយ ដោយវាមិនមែនតែអង្គការណាតូ (NATO) ឬសហភាពអឺរ៉ុបទេ គឺមានប្រទេសជាច្រើនទៀត ដូចជាជប៉ុនជាដើម»។

អ្វីដែលលោក បៃដិន និយាយខាងលើនេះ ត្រូវបានគេដឹងថា គឺជាការនិយាយច្រឡំមាត់ជាលើកទីពីររបស់លោក ក្នុងចន្លោះពេលត្រឹម២៤ម៉ោងប៉ុណ្ណោះ ដោយលើកទី១នោះ លោកបៃដិន ចង់និយាយពីនាយករដ្ឋមន្ត្រីឥណ្ឌា តែបែរជានិយាយលើមេដឹកនាំផ្សេងវិញ។ ការនិយាយច្រឡំមាត់ សឹងតែក្លាយទៅជារឿងធម្មតាទៅហើយ សម្រាប់ប្រធានាធិបតីអាមេរិក ដែលមានវ័យ៨០ឆ្នាំរូបនេះ។ ការស្ទង់មតិនាពេលកន្លងមក បានបង្ហាញថា ប្រជាជនអាមេរិកភាគច្រើនមានក្តីបារម្ភអំពីអាយុរបស់លោក បៃដិន៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner