សម្ដេចតេជោ ហ៊ុន សែន ស្នើអ្នកបង្កើតគណនី TikTok ដោយប្រើឈ្មោះ និងរូបថតរបស់សម្ដេច មកជួបដើម្បីសុំយកមកគ្រប់គ្រងវិញ ព្រមទាំងផ្តល់តួនាទីជាជំនួយការរបស់សម្តេច

ភ្នំពេញ៖ តាមរយៈសារសំឡេងមួយ លើបណ្ដាញ Telegram នៅវេលាថ្ងៃត្រង់ ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា បានផ្ញើទៅកាន់ អ្នកដែលបានបង្កើតគណនី TikTok ដោយប្រើប្រាស់ឈ្មោះរបស់សម្ដេច ដើម្បីមកជួប និងសុំយកមកគ្រប់គ្រងវិញ ក្រោយសម្ដេចមើលឃើញថា អ្នកដែលបង្កើតនេះគ្មាន ចេតនា អាក្រក់នោះទេ ។

សម្ដេចតេជោ បានបញ្ជាក់ថា ប្រសិនបើត្រូវបិទចោលនូវគណនីដែលមាន ឈ្មោះ របស់ សម្ដេចស្រាប់នោះ វាជារឿងដែលគួរឲ្យស្ដាយដោយសារគណនីនោះ មានអ្នកតាម ដាន រហូតដល់ជាង ៣០ម៉ឺននាក់ និងអ្នកចុច like ជាង ៤លាននាក់ ឯណោះ។

ក្រៅពីមិនស្ដីបន្ទោសហើយនោះ សម្ដេចតេជោ ហ៊ុន សែន បានណែនាំឲ្យអ្នកដែលបង្កើតគណនីនោះ ទៅជួបផ្ទាល់ជាមួយ ឯកឧត្តម ដួង តារា រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ដ្រី ដែលជាជំនួយការរបស់សម្ដេច ដើម្បីពិភាក្សាការងារនេះ ហើយសម្ដេច ថែមទាំងផ្ដល់តួនាទីជាជំនួយការឲ្យថែមទៀតផង។

សម្ដេចតេជោ នាយករដ្ឋមន្ត្រី បញ្ជាក់ថា ក្នុងករណីសម្ដេច ទទួលបានគណនី TikTok នោះយកមកគ្រប់គ្រងវិញ សម្ដេចអាចនឹងបញ្ឈប់ការប្រើប្រាស់គណនីថ្មីដែលទើបបង្កើត ហើយបន្ដប្រើប្រាស់គណនីចាស់ ដែលមានអ្នកតាមដាន និងចុច Like ស្រាប់ដើម្បីផ្ដល់ភាពងាយស្រួលដល់អ្នកដែលតាមដាន និងមានសកម្មភាពរបស់សម្ដេចស្រាប់។

សម្ដេចតេជោ ហ៊ុន សែន បានយល់ឃើញថា គណនី TikTok នោះមានអ្នកចូលគាំទ្រច្រើន ដោយសារប្រើប្រាស់រូបភាព និងឈ្មោះរបស់សម្ដេច ពិសេសបានបង្ហោះរាល់សកម្មភាព ទាំងវីដេអូ និងរូបភាពរបស់សម្ដេចតែម្ដង ៕
ដោយ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner