ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន ៖ ភាពជោគជ័យរបស់ប្អូនៗសិស្សានុសិស្ស កើតចេញពីការវិនិយោគរបស់មាតាបិតា និងមានតម្លៃខ្លាំងបំផុត
ភ្នំពេញ ៖ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា ភាពជោគជ័យរបស់ប្អូនៗសិស្សានុសិស្សនៅពេលនេះ កើតចេញពីការវិនិយោគរបស់មាតាបិតា ហើយការវិនិយោគនេះគឺជាការវិនិយោគដ៏មានតម្លៃ ដ្បិតការកសាងធនធានមនុស្សមានន័យស្មើនឹងការអភិវឌ្ឍ សង្គមជាតិ ការរក្សាបាននូវសន្តិភាពជូនប្រទេសជាតិនីមួយៗ ក៏ដូចជាពិភពលោកទាំងមូលផងដែរ ។
ឯកឧត្តម ហង់ ជួន ណារ៉ុន បានថ្លែងបែបនេះ ក្នុងពិធីប្រគល់សញ្ញាបត្របញ្ចប់ ការសិក្សាមធ្យមសិក្សាទុតិយភូមិអន្តរជាតិ ដែលមានការទទួលស្គាល់គុណភាពអប់រំ ដោយក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងគណៈកម្មការវាយតម្លៃ និងទទួលស្គាល់គុណភាពអប់រំអន្តរជាតិ ដែលហៅកាត់ថា WASC (Western Associaion for Schools and Colleges) ដល់សិស្សសាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឹសត៍ ចំនួន ១៧៧ រូប ដែលបានបញ្ចប់ការសិក្សាថ្នាក់ទី១២ ដោយជោគជ័យក្នុងឆ្នាំសិក្សា២០២២-២០២៣ នាព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣ ។
លោកឧកញ៉ាបណ្ឌិត ត្រាំង លី ប្រធានក្រុមប្រឹក្សាភិបាល នៃសាលា អន្តរជាតិ ស៊ី អាយ អេហ្វឺសត៍ បានថ្លែងថា សាលាអន្តរជាតិ ស៊ី អាយ អេហ្វឺសត៍ ផ្ដល់ជូនមុខវិជ្ជាត្រៀមមហាវិទ្យាល័យ AP (Advanced Placement Course) និង AP Capstone Diploma សម្រាប់សិស្សចាប់ពីថ្នាក់ទី១០ ដល់ទី១២ ដើម្បីពួកគេអាចត្រៀមខ្លួន រួចរាល់សម្រាប់ការសិក្សាក្នុងកម្រិតឧត្តមសិក្សា។ ការសិក្សាលើមុខវិជ្ជាទាំងនេះ បានធ្វើឱ្យបណ្តាសាកលវិទ្យាល័យធំៗនៅសហរដ្ឋអាមេរិក និងអឺរ៉ុបបានទទួលស្គាល់សិស្សរបស់យើង ជាបេក្ខជនលេចធ្លោក្នុងដំណើរការ ជ្រើសរើសឱ្យចូលរៀន និងជ្រើសរើសនិស្សិតអាហារូបករណ៍ ។
លោកឧកញ៉ាបណ្ឌិត ត្រាំង លី ក៏បានផ្តាំផ្ញើផងដែរ ដល់សិស្សជ័យលាភីឱ្យប្រើប្រាស់ពេលវេលាឱ្យ បានល្អ និងឆ្លៀតធ្វើកិច្ចការសង្គម ការងារស្ម័គ្រចិត្ត ការងារហាត់ការផ្សេងៗ ដើម្បីជាបទពិសោធន៍ក្នុងការ អនុវត្តជំនាញ និងគុណតម្លៃក្នុងភាពជានិស្សិត កសាងបណ្តាញទំនាក់ទំនងជាស្ពានដ៏រឹងមាំសម្រាប់អនាគត ក្រោយបញ្ចប់ថ្នាក់ឧត្តមសិក្សា។
ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន បានសម្ដែងនូវក្តីរំភើបរីករាយ និងចូលរួមអបអរសាទរដល់ប្អូនៗសិស្សានុសិស្សជ័យលាភីទាំង អស់ ដែលបានទទួលសញ្ញាបត្របញ្ចប់ការសិក្សានៅពេលនេះ។ ឯកឧត្ដមបណ្ឌិតសភាចារ្យរដ្ឋមន្ត្រី បានមាន ប្រសាសន៍បន្ថែមថា ការបញ្ចប់ ការសិក្សានាពេលនេះ ជាការបញ្ចប់ផង និងការចាប់ផ្តើមថ្មីផង ដ្បិតប្អូនៗសិស្សានុសិស្សទាំងអស់គួរបន្តការ សិក្សាកម្រិតបរិញ្ញាបត្រ អនុបណ្ឌិត បណ្ឌិត និងរក្សាការសិក្សាឥតដាច់ពេញមួយជីវិត ។
ឯកឧត្តមបណ្ឌិត សភាចារ្យរដ្ឋមន្រ្តី ក៏បានផ្តាំផ្ញើជូនប្អូនៗសិស្សានុសិស្សបញ្ចប់ការសិក្សា ឱ្យរៀបចំផែនការជីវិតឱ្យបានច្បាស់ លាស់ ដោយជ្រើសរើសមុខវិជ្ជាសិក្សាតាមចំណង់ចំណូលចិត្ត រួមបញ្ចូលនឹងមតិយោបល់ពីក្រុមគ្រួសារព្រមទាំង ពិចារណាលើទីផ្សារការងារក្នុងពេលបច្ចុប្បន្ន និងថ្ងៃអនាគតផងដែរ ។ ក្នុងបរិបទនៃការរីកចម្រើនយ៉ាងឆាប់ រហ័សនៃបច្ចេកវិទ្យាក្នុងពេលបច្ចុប្បន្ន ឯកឧត្តមបណ្ឌិតសភាចារ្យរដ្ឋមន្ត្រី បានផ្ដល់ជាដំបូន្មានល្អៗជូនប្អូនៗឱ្យ ខិតខំប្រឹងប្រែងសិក្សារៀនសូត្រ ដើម្បីក្លាយខ្លួនជាធនធានមនុស្សយ៉ាងពេញលេញមួយ ពោរពេញដោយបំណិន សម្បទា វិជ្ជាសម្បទា ចរិយាសម្បទា ជាពិសេសគឺជាចំណេះដឹងផ្នែកបច្ចេកវិទ្យាតែម្ដង ៕
ដោយ / គ្រី សម្បត្តិ