មណ្ឌលផ្ដល់សេវាសាធារណៈទី៧របស់ក្រសួងសាធារណការ ត្រូវបានដាក់ឱ្យដំណើរការនៅផ្សារទំនើបអ៊ីអនមានជ័យ
ភ្នំពេញ៖ មណ្ឌលផ្ដល់សេវាសាធារណៈរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ត្រូវបានដាក់សម្ពោធឱ្យដំណើរ ជាផ្លូវការដែលមានទីតាំងនៅផ្សារទំនើប អ៊ីអន ម៉ល មានជ័យ ដែលជាទីតាំងទីប្រាំពីរដើម្បីបង្ខិតសេវាសាធារណៈជូនប្រជាជនក្នុងការពន្យារបណ្ណបើកបរ ឬស្នើផ្ទេរកម្មសិទ្ធិរថយន្ត ដែលចំណេញពេលវេលា និងមានតម្លាភាព។
ក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការនៅថ្ងៃទី ២៩ ខែមិថុនានេះ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម ស៊ុន ចាន់ថុល បានថ្លែងថា ដើម្បីយកសេវាសាធារណៈមកកៀកនឹងប្រជាពលរដ្ឋ ក្រសួងបានសហការគ្នាជាមួយផ្សារទំនើប អ៊ីនអន មានជ័យ រៀបចំមណ្ឌលផ្តល់សេវាសាធារណៈទី៧នេះឡើង។ ឯកឧត្តមបញ្ជាក់ថា៖« យើងចង់ផ្តល់សេវាទៅប្រជាពលរដ្ឋឱ្យបានលឿន ធ្វើឱ្យមានប្រសិទ្ធភាព តម្លាភាព តាមការណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ថាយើងជាអ្នកបម្រើរាស្រ្ត យើងមិនមែនជាចៅហ្វាយរាស្រ្តទេ ដូច្នេះយើងត្រូវខិតខំយ៉ាងណា ផ្តល់សេវាចាំបាច់ទាំងអស់នេះឱ្យទាន់ពេលវេលា»។
ជា មួយគ្នានេះ ឯកឧត្តមបានណែនាំឱ្យប្រជាពលរដ្ឋមករកសេវាដោយផ្ទាល់នៅតាមទីតាំងសាធារណៈនានា ជាជាងប្រើឈ្មួញកណ្តាលដើម្បីការរត់ការក្នុងការពន្យាបណ្ណបើកបរ សេវាផ្សេងៗ។ ឯកឧត្តមបញ្ជាក់ថា៖«ប្រជាពលរដ្ឋអាចមកថ្ងៃណាក៏បាន ដើរលេងបណ្តើរ ហើយមករកសេវាពន្យារប័ណ្ណបើកបរ ស្នើសុំផ្ទេរកម្មសិទ្ធិយានយន្ត នៅទីនេះតែម្តង។ អ៊ីចឹង! សូមបងប្អូនប្រជាពលរដ្ឋកុំប្រើឈ្មួញកណ្តាលឱ្យរត់ការឯកសារដែលអស់ថវិកាច្រើនយើងមកដាក់ពាក្យស្នើសុំផ្ទាល់វិញ»។
ក្នុងឱកាសនោះ អគ្គនាយកក្រុមហ៊ុន អ៊ីអន ម៉ល (ខេមបូឌា) ខូអិលធីឌី លោក ត្ស៊បូយ៉ា ម៉ាសាយុគិ បានថ្លែងថា ដើម្បីបង្កលក្ខណៈកាន់តែងាយស្រួលដល់ប្រជាជនកម្ពុជា ផ្សារទំនើបអ៊ីអនម៉ល បានសហការផ្តល់ទីតាំងដល់ក្រសួងសម្រាប់ផ្តល់សេវាសាធារណៈដោយឥតគិតថ្លៃនៅជាន់ទី១ ដែលចាប់ផ្តើមដំណើរការពីថ្ងៃទី ២៩ខែមិថុនានេះតទៅ។ លោកថា៖«អ៊ីនអន នៅកម្ពុជានឹងបន្តរួមចំណែកជាមួយកម្ពុជា ក្នុងការផ្តល់នូវការរស់នៅសំបូរបែប ជូនប្រជាជនកម្ពុជា តាមរយៈបេសកកម្មរបស់យើង »។
ឯកឧត្តម ហ៊ាង សុទ្ធាយុត្តិ អគ្គនាយកបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ មានប្រសាសន៍ថា ការ សម្ពោធដាក់ឱ្យប្រើប្រាស់នូវមណ្ឌលផ្តល់សេវាសាធារណៈនាពេលនេះ គឺជាសមិទ្ធផលថ្មីមួយទៀតរបស់ក្រសួងនិងជាសក្ខីភាពបង្ហាញឱ្យឃើញនូវការដឹកនាំប្រកបដោយភាពឆ្លាតវៃរបស់ថ្នាក់ដឹកនាំក្រសួង ក្នុងការបង្កលក្ខណងាយស្រួលដល់ប្រជាពលរដ្ឋដែលមកផ្សារទំនើបទិញទំនិញ ហើយអាចឆ្លៀតពេលមកទទួលសេវាសាធារណៈទាំងថ្ងៃធ្វើការនិងថ្ងៃឈប់សម្រាក។ ឯកឧត្តមបានឱ្យដឹងដែរថា គិតចាប់ពីឆ្នាំ ២០១៦មកទល់បច្ចុប្បន្ន ក្រសួងសាធារណការ បានបង្កើតមណ្ឌលផ្តល់សេវាសាធារណៈតាមផ្សារទំនើបនិងទីប្រជុំជននានាចំនួនប្រាំពីរទីតាំង។ ក្នុងនោះ រួមមាន ទី១ មណ្ឌលប្តូរនិងពន្យារប័ណ្ណបើកបរផ្សារទំនើបអ៊ីអនម៉ល ភ្នំពេញ ទី២ មណ្ឌលផ្តល់សេវាប័ណ្ណបើកបរនៅផ្សារទំនើប អ៊ីអនម៉ល សែនសុខ ទី៣ មណ្ឌលផ្តល់សេវាសាធារណៈជីបម៉ង់ ណូរ៉ូម៉ល ទី៤ មណ្ឌលផ្តល់សេវាសាធារណៈនៅទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន ទី៥ មណ្ឌលផ្តល់សេវាសាធារណៈផ្សារទំនើប ហេរីថេក រ៉ក-សៀមរាប ទី៦ មណ្ឌលផ្តល់សេវាសាធារណៈនៅផ្សារទំនើបក្រុងព្រះសីហនុ និងទី ៧ មណ្ឌលផ្តល់សេវាសាធារណៈផ្សារទំនើបអ៊ីអនម៉លមានជ័យ។
សូមជម្រាបថា ផ្សារទំនើប អ៊ីអន មានជ័យ បានផ្តល់ទីតាំងជូនមណ្ឌលផ្តល់សេវាសាធារណៈសម្រាប់ប្រតិបត្តិការរយៈពេល ៥ ឆ្នាំ ដោយឥតគិតថ្លៃ ដែលមណ្ឌលផ្តល់សេវានេះ គឺបើករយៈពេល ៧ថ្ងៃក្នុងមួយសប្តាហ៍ ដោយបើកចាប់ពីព្រឹករហូតដល់ម៉ោងប្រមាណ ១០យប់ នៅជាន់ទី ១ ស្ថិតនៅសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ក្រសួងសាធារណការ និងដឹកជញ្ជូន បានគូសបញ្ជាក់ថា៖«មណ្ឌលផ្តល់សេវាសាធារណៈ ត្រូវបានបង្កើតឡើងក្នុងគោលបំណង ដើម្បីបង្ខិតសេវាកាន់តែជិតប្រជាពលរដ្ឋ ហើយតាមរយៈយន្តការផ្តល់ព័ត៌មានតាមបច្ចេកវិទ្យា ដោយការផ្តល់សេវាសាធារណៈប្រព្រឹត្តទៅបានលឿន ចំណាយតិច ចំណេញ ពេលវេលា មានប្រសិទ្ធភាព និង តម្លាភាព»៕
ដោយ៖ សុខ រក្សា