អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ៖ កម្លាំងសមត្ថកិច្ចជិត១០ម៉ឺននាក់ ត្រៀមការពារសន្តិសុខកំលុងឃោសនាបោះឆ្នោត ការបោះឆ្នោត និងរាប់សន្លឹកឆ្នោត
ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចប្រមាណជិត១០ម៉ឺននាក់ បានត្រៀមសម្រាប់ការពារសន្តិសុខ សណ្តាប់ធ្នាប់ យុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ដែលមានរយៈពេល២១ថ្ងៃ គឺចាប់ពីថ្ងៃទី១ ខែកក្កដា ដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ និងការបោះឆ្នោតជ្រើសតំាងតំណាងរាស្ត្រនៅថ្ងៃទី២៧ ខែកក្កដា ខាងមុខនេះ។ ក្នុងចំណោមកម្លាំងសមត្ថកិច្ចជិត១០ម៉ឺននាក់នេះ គឺសម្រាប់ការឃោសនាបោះឆ្នោតប្រើប្រាស់កម្លាំងតែជាង២ម៉ឺននាក់តែប៉ុណ្ណោះ និងកម្លាំងជាង៧ម៉ឺននាក់ សម្រាប់ការពារនៅថ្ងៃបោះឆ្នោត និងរាប់សន្លឹកឆ្នោត ហើយមានត្រៀមកម្លាំងអន្តរាគមន៍នៅតាមមូលដ្ឋានសរុបប្រមាណជាង៦ពាន់នាក់ និងមានត្រៀមកម្លាំងថ្នាក់ជាតិប្រមាណជាង១ពាន់នាក់ទៀត ដើម្បីត្រៀមចេញប្រតិបត្តិការនៅក្នុងករណីមានហេតុការណ៍ចៃដន្យយថាហេតុកើតឡើងក្នុងដំណាក់កាលឃោសនាបោះឆ្នោត ការបោះឆ្នោត និងរាប់សន្លឹកឆ្នោត។
ឯកឧត្តម ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរង និងជាអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ បានមានប្រសាសន៍ប្រាប់ AMS ថា ចំនួនកម្លាំងសន្តិសុខសម្រាប់ការពារយុទ្ធនាការឃោសនាបោះឆ្នោត ពីថ្ងៃទី១ ខែកក្កដា ដល់ថ្ងៃទី២១ ខែកក្កដា និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ដែលនឹប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ខាងមុខនេះ គឺមានចំនួនសរុបប្រមាណជិត១០ម៉ឺននាក់ ដោយក្នុងនោះមានកងកម្លាំងនគរបាល កងរាជអាវុធហត្ថ កងយោធពលខេមរភូមិន្ទ និងមានកម្លាំងជាកម្លាំងជំនួយ គឺកម្លាំងរបស់ប្រជាការពារ។ ជាគោលការណ៍កម្លាំងកងរាជអាវុធហត្ថ និងកម្លាំងកងយោធពលខេមរភូមិន្ទ គឺជាកម្លាំងការពារភូមិសាស្ត្រខាងក្រៅ គឺជួយអន្តរាគមន៍នៅតាមភូមិសាស្ត្រនីមួយៗ។ ដោយឡែកកម្លាំងការពារផ្ទាល់ គឺកម្លាំងនគរបាល។
ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានបន្តថា កម្លាំងទាំងអស់នេះ បានបែងចែកតាមដំណាក់កាល គឺដំណាក់កាលនៅពេលឃោសនាប្រើប្រាស់កម្លាំងជាង២ម៉ឺននាក់ គឺការពារតាមគោលដៅគណៈកម្មការឃុំសង្កាត់រៀបចំការបោះឆ្នោត និងត្រៀមកម្លាំងសម្រាប់ជួយសម្រួលដល់ការរៀបចំក្បួនហែរឃោសនា និងតម្រាយផ្លូវនានាដែលមានសំណូមពរពីគណបក្សនយោបាយនីមួយៗ។ ដោយឡែកសម្រាប់ថ្ងៃបោះឆ្នោត និងរាប់សន្លឹកឆ្នោត គឺប្រើប្រាស់កម្លាំងជាង៧ម៉ឺន៥ពាន់នាក់ ដោយក្នុងនោះកម្លាំងការពារការិយាល័យផ្ទាល់ គឺកម្លាំងនគរបាល និងមានកម្លាំងជំនួយពីប្រជាការពារ ហើយកម្លាំងកងរាជអាវុធហត្ថ និងកម្លាំងកងយោធពលខេមរភូមិន្ទ គឺជាកម្លាំងគាំទ្រការពារភូមិសាស្ត្រនៅខាងក្រៅ។
អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ បានបញ្ជាក់ថា “ក្រៅពីនោះ យើងក៏មានកម្លាំងអន្តរាគមន៍នៅតាមមូលដ្ឋានប្រមាណជាង៦ពាន់នាក់ សុទ្ធតែបានត្រៀមនៅតាមមស្នងការរាជធានី ខេត្ត តាមអធិការដ្ឋាន និងប៉ុស្តិ៍នគរបាលរដ្ឋបាល។ ជាមួយគ្នានេះ យើងក៏មានត្រៀមកម្លាំងថ្នាក់ជាតិប្រមាណជាង១២០០នាក់ទៀត ដើម្បីត្រៀមចេញប្រតិបត្តិការក្នុងករណីមានហេតុការណ៍ចៃដន្យយថាហេតុកើតឡើងក្នុងដំណាក់កាលការឃោសនាបោះឆ្នោត និងសម្រាប់ការបោះឆ្នោត និងរាប់សន្លឹកឆ្នោត”។ ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានបន្តថា ចំពោះកិច្ចការពារគណបក្សនយោបាយ គឺកងកម្លាំងការពារជូនគ្រប់គណបក្សទាំងអស់ ដោយគ្មានការរើសអើង គឺស្មើៗភាពគ្នា។
ចំណែក គ.ជ.ប បានឱ្យដឹងថា អនុលោមតាមច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត (ច.ប.ត.រ) ការឃោសនាបោះឆ្នោត មានទិសដៅ ឱ្យគណបក្សនយោបាយ និងបេក្ខជនឈរឈ្មោះបោះឆ្នោត ធ្វើការផ្សព្វផ្សាយ កម្មវិធីនយោបាយរបស់ខ្លួន ជូនអ្នកបោះឆ្នោត។ ការឃោសនាបោះឆ្នោត គឺជាសកម្មភាពមួយចំនួន ដែលត្រូវធ្វើជាសាធារណៈ ដើម្បីបញ្ចុះបញ្ចូល អ្នកបោះឆ្នោតឱ្យបោះឆ្នោត គាំទ្របេក្ខជន ឬគណបក្សនយោបាយណាមួយ។ នេះបើយោងតាមសេចក្តីអំពាវនាវរបស់ គ.ជ.ប កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣។
គ.ជ.ប បន្តថា នៅក្នុងអំឡុងពេលឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ដែលមានរយៈពេល២១ថ្ងៃ ចាប់ពីថ្ងៃទី១ ខែកក្កដា រហូតដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) សូមអំពាវនាវដល់គណបក្សនយោបាយ បេក្ខជន អ្នកគាំទ្រគណបក្សនយោបាយទាំងអស់ ត្រូវតែគោរពតាមវិធាន បទប្បញ្ញត្តិ និងគោលការណ៍ដែលមានចែងក្នុង ច.ប.ត.រ គោរពតាមបទបញ្ជា និងនីតិវិធី សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ក្រមសីលធម៌ និងគោលការណ៍នានា ដែលបានកំណត់ ដោយ គ.ជ.ប ដើម្បីឱ្យការឃោសនាបោះឆ្នោតរបស់គណបក្សនយោបាយប្រព្រឹត្តទៅដោយ សន្តិវិធី អហិង្សា សន្តិសុខ និងសុវត្ថិភាព។ ជាមួយគ្នានេះ គ.ជ.ប សូមអំពាវនាវដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវប្រកាន់ជំហរអព្យាក្រឹត ឥតលម្អៀង ក្នុងសកម្មភាពការងាររបស់ខ្លួន និងត្រូវសម្របសម្រួលទីកន្លែង ផ្លូវ ពេលវេលា ដើម្បីឱ្យគណបក្សនយោបាយនីមួយៗ អាចអនុវត្តកម្មវិធីឃោសនាបោះឆ្នោត និងការហែក្បួន ឃោសនាបោះឆ្នោតរបស់ខ្លួនប្រព្រឹត្តទៅដោយស្មើភាពគ្នា។
គ.ជ.ប សង្ឃឹមយ៉ាងមុតមាំថា គ្រប់គណបក្សនយោបាយ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងភាគីពាក់ព័ន្ធ នឹងចូលរួមសហការតាមការអំពាវនាវក្នុងស្មារតីទទួលខុសត្រូវខ្ពស់ដោយគោរពច្បាប់ជាធរមាន ដើម្បីឱ្យការឃោសនាបោះឆ្នោតនេះ ប្រព្រឹត្តទៅដោយរលូន និងធានាបាននូវសិទ្ធិរបស់គណបក្សនយោបាយ និងសិទ្ធិជាមូលដ្ឋានរបស់ប្រជាពលរដ្ឋ៕
ដោយ៖ពលជ័យ