ឯកឧត្តម កៅ មួយថង ៖ សិទ្ធទទួលបានស្បៀងអាហារ ត្រូវគិតគូរអំពីការចែកចាយប្រកបដោយសមធម៌ មានជីវជាតិ និងថ្លៃសមរម្យ

ភ្នំពេញ៖ ឯកឧត្តម កៅ មួយថង បានលើកឡើងថា ប្រព័ន្ធស្បៀង និងសិទ្ធិទទួលបានស្បៀងអាហារ គឺមិនមែនសំដៅទៅលើការផលិតស្បៀងអាហារនោះទេ ប៉ុន្តែយើងចង់និយាយអំពីសិទ្ធិទទួលបានស្បៀងអាហារ ដែលត្រូវគិតគូរអំពីការចែកចាយដោយសមធម៌ ការទទួលបានអាហារមានជីវជាតិ និងថ្លៃស្បៀងអាហារសមរម្យ គឺជាសិទ្ធិដែលប្រជាជនទាំងអស់ត្រូវការ ដោយមិនគិតពីស្ថានភាពសេដ្ឋកិច្ច សង្គមរបស់ពួកគេឡើយ។

ឯកឧត្តម លើកឡើងបន្តថា សម្រាប់យើងទាំងអស់គ្នាពិតជាមានការយល់ដឹងច្រើនណាស់ហើយអំពី«ប្រព័ន្ធស្បៀង» ដែលវាគ្របដណ្តប់លើគ្រប់សកម្មភាព ដំណើរការ និងតួអង្គពាក់ព័ន្ធក្នុងការផលិតស្បៀងអាហារ ពោលគឺវាពាក់ព័ន្ធតាំងពីការផលិតស្បៀងអាហារ ចាប់ពីការផលិត និងការកែច្នៃ រហូតដល់ការចែកចាយ ការប្រើប្រាស់ និងការគ្រប់គ្រងកាកសំណល់ ។

ការលើកឡើងរបស់ ឯកឧត្តម ឯកឧត្តម កៅ មួយថង អគ្គលេខាធិការរង ក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្មនិងជនបទ ធ្វើឡើងនៅក្នុងឱកាសអញ្ជើញបើកសិក្ខាសាលាស្តីពីប្រព័ន្ធស្បៀងនិងសិទ្ធិទទួលបានស្បៀងអាហារ នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ ដែលសហការរៀបចំដោយ វិទ្យាស្ថានអន្តរជាតិស្តារជនបទឡើងវិញកម្ពុជា(IIRR-Cambodia) និងអង្គការដៃគូអភិវឌ្ឍន៍នានា ។
ឯកឧត្តម កៅ មួយថង បានគូសបញ្ជាក់បន្តថា «ប្រព័ន្ធស្បៀង» គឺមានការភ្ជាប់គ្នាទៅវិញទៅមកនូវសមាសធាតុ និងដំណាក់កាលផ្សេងៗ ដែលរួមចំណែកធ្វើឱ្យមានដំណើរការទាំងមូលនៃខ្សែសង្វាក់ផ្គត់ផ្គង់ស្បៀងអាហារ ។ ឯកឧត្តម បន្ថែមថា ការយល់ដឹងអំពីប្រព័ន្ធស្បៀងអាហារ មានសារៈសំខាន់ណាស់ដើម្បីដោះស្រាយបញ្ហាប្រឈមនានាទាក់ទងនឹងសន្តិសុខស្បៀង និរន្តរភាព អាហារូបត្ថម្ភ និងសមធម៌។ វាពាក់ព័ន្ធនឹងការវាយតម្លៃ និងការកែលម្អប្រសិទ្ធភាព ភាពធន់ និងយុត្តិធម៌ ដើម្បីធានាឱ្យមានការផ្គត់ផ្គង់ស្បៀងអាហារឱ្យបានគ្រប់គ្រាន់ មានសុវត្ថិភាព មានជីវជាតិ និងសមស្របតាមវប្បធម៌សម្រាប់យើងទាំងអស់គ្នា។

ឯកឧត្តម កៅ មួយថង បានលើកបន្តឡើងថា ក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្មនិងជនបទ បានខិតខំពង្រឹងយន្តការពហុវិស័យ ដោះស្រាយបញ្ហាប្រឈមនានាក្នុងប្រព័ន្ធស្បៀងអាហារនៅកម្ពុជា និងការលើកកម្ពស់សិទ្ធិទទួលបានស្បៀងអាហារ ដែលទាមទារឱ្យមានវិធីសាស្រ្តពហុភាគី ការប្តេជ្ញាចិត្តរួមគ្នាដើម្បីកិច្ចសហប្រតិបត្តិការកសាងប្រព័ន្ធស្បៀង ដូចប្រសាសន៍ដ៏ថ្លៃថ្លារបស់សម្តេចតេជោនាយករដ្ឋមន្រ្តីបានបញ្ជាក់ថា “ រាជរដ្ឋាភិបាលនឹងមិនទុកឲ្យប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយភាពអត់ឃ្លាននោះឡើយ ឬត្រូវបានដកហូតសិទ្ធិជាមូលដ្ឋានក្នុងការទទួលបានស្បៀងអាហារនោះទ្បើយ” ។

យោងតាមសារលិខិតរបស់សម្តេចតេជោ នាយករដ្ឋមន្រ្តី ថ្លែងក្នុងទិវាជាតិអាហារូបត្ថម្ភ លើកទី៩ (៦វិច្ឆិកា ២០២២) កោរមប្រធានបទ «ម្ហូបអាហារកាន់តែមានសុវត្តិភាព សុខភាពកាន់តែល្អប្រសើរ»បានគួសបញ្ជាក់ថា រាចរដ្ឋាភិបាលមានការប្តេជ្ញាចិត្តខ្ពស់ដោយឈរលើកត្តាសន្តិភាពនិងស្ថិរភាពនយោបាយ ដែលបង្កើតបាននូវបរិយាកាសមួយដ៏រឹងមាំ សម្រាប់អភិវឌ្ឍន៍ប្រទេសជាតិលើគ្រប់វិស័យ ក្នុងន័យនោះវិស័យសុវត្តិភាពម្ហូបអាហារ សន្តិសុខស្បៀង និងអាហាររូបត្ថម្ភ ក៏មានការរីកចំរើនគួរឱ្យកត់សម្គាល់។

????????????????????????????????????

ដោយផ្អែកតាមលទ្ធផលរកឃើញនៃអង្កេតប្រជាសាស្រ្តនិងសុខភាពកម្ពុជា ឆ្នាំ២០២១-២០២២ បានបង្ហាញថា អត្រាក្រិសក្រិនរបស់កុមារអាយុក្រោម៥ឆ្នាំ បានធ្លាក់ចុះពី៣២% មកត្រឹម២២ % ហើយអត្រ្តាមិនគ្រប់ទំងន់របស់កុមាអាយុក្រោម ៥ឆ្នាំ បានធ្លាក់ចុះពី ២៤% មកនៅត្រឹម១៦% ប៉ុន្តែអត្រ្តាស្គមស្គាំង កុមារអាយុក្រោម ៥ឆ្នាំ ហាក់នៅដដែលគឺ ៩.៨% ចាប់ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០២១៕
អត្ថបទ រូបភាព ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner