ក្រុមបាល់ទាត់យុវជនវិទ្យាល័យហ៊ុន សែន ច្បារអំពៅ ក្លាយជាម្ចាស់ជើងឯក ការប្រកួតបាល់ទាត់យុវជន១៨ឆ្នាំ ជើងឯក រាជធានីភ្នំពេញ ឆ្នាំ២០២៣
(ភ្នំពេញ)៖ ក្រុមបាល់ទាត់យុវជនវិទ្យាល័យ ហ៊ុន សែន ច្បារអំពៅបានក្លាយជាម្ចាស់ជើងឯកការប្រកួតបាល់ទាត់យុវជនក្រមអាយុ១៨ឆ្នាំ រាជធានីភ្នំ ឆ្នាំ២០២៣ ដោយយកឈ្នះក្រុមបាល់ទាត់វិទ្យាល័យជាស៊ីម សាមគ្គី នៅវគ្គផ្តាច់ព្រ័ត្រ ក្នុងលទ្ធផលបច្ចេកទេស២ទល់១ នាព្រឹកថ្ងៃទី៣០ ខែ មិថុនា ឆ្នាំ២០២៣ នៅទីលានកីឡាបាល់ទាត់វិទ្យាល័យជាស៊ីជ្រោចង្វារ រាជធានីភ្នំពេញ។

លោក ស្រេង សេង ប្រធានការិយាល័យកីឡានៃមន្ទីរអបរំយុវជននិងកីឡារាជធានីភ្នំពេញ មានប្រសាសន៍ ឲ្យដឹងថា ការប្រកួតបាល់ទាត់យុវជនអាយុ១៨ឆ្នាំ ជើងឯករាធានីភ្នពេញ ឆ្នាំ២០២៣ មានក្រុមចូលរួមចំនួន៧ ។ចែកចេញជាពីពូល រួចប្រកួតវិលជុំក្នុងពូល បន្តយកចំណាត់ថ្នាក់លេខ១និងលេខ២នៃពូលនីមួយៗមកប្រកួតខ្វែងពាក់កណ្តាលផ្តាច់ព្រ័ត្រ និងផ្តាច់ព្រ័ត្រតែម្តង។

លោក ប្រធានការរិយាល័យកីឡារាជធានីភ្នំពេញ បានគូសបញ្ជាក់ថា សម្រាប់ការប្រកួតយុវជនអាយុ១៨ឆ្នាំ ជើងឯក រាជធានីភ្នំពេញ ឆ្នាំ២០២៣នេះ គឺជាផែនការប្រចាំឆ្នាំដែលរៀបចំដោយការរិយាល័យកីឡាក្រោមការគាំទ្រពីមន្ទីរអប់រំយុវជននិងកីឡារាជធានីភ្នំពេញ ក្នុងគោលបំណងអភិវឌ្ឍនិងលើកកម្ពស់វិស័យបាល់ទាត់នៅរាជធានីភ្នំពេញ ហើយក៏ដើម្បីចំរាញ់ជ្រើសរើសយកក្រុមបាល់ទាត់យុវជនឆ្នើមអាយុ១៨ ត្រៀមសម្រាប់ចូលរួមជើងឯកទូទាំងប្រទេសនៅពេលខាងមុខ ដែលរៀបចំដោយក្រសួងអប់រំយុវជននិងកីឡា។
លោក អ៊ុក ចន្ថា អនុប្រធានមន្ទីរអប់រំយុវជន និងកីឡារាជធានីភ្នំពេញ បានកោតសសើរនិងវាយតម្លៃខ្ពស់ចំពោះប្រតិភូដឹកនាំក្រុម ដែលបានខិតខំកសាងនិងបង្កើតក្រុមបាល់ទាត់ ដើម្បីចូលរួមប្រកួតក្នុងជើងឯកនាពេលនេះ ដែលជាកាយការ និងការចូលរួមដោយស្មោះក្នុងការកសាសងអភិវឌ្ឍវិស័យកីឡាបាល់ទាត់ក្នុងរាជធានីភ្នំពេញ និងជំរុញដល់យុវជន ឲ្យចូលហាត់ និងលេងកីឡាទៅតាមប្រភេទដែលពួកគេចូលចិត្ត និងចូលរួមកាត់បន្ថយនូវអំពើឧបាយមុខផ្សេងៗដែលមាននៅក្នុងសង្គម។

មួយវិញទៀត ការហាត់កីឡា និងលេងកីឡា ជាកក្តាចាំបាចដែលនាំមកនូវ ការស្គាល់ ការយល់គ្នា និងការស្រលាញ់ចូលចិត្តគ្នាទៅវិញទៅមក ធ្វើឲ្យសង្គមជាតិយើង មានការឯកភាព និងសាមគ្គីភាព ដ៏រឹងមាំក្នុងការកសាង និងការពារសង្គមាតិយើង។ ហើយ ដើម្បីចូលរួមអភិវឌ្ឍវិស័យកីឡា ស្របតាមយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ដែលកំពុងឈានឆ្ពោះទៅរកកម្រិតមួយ ឲ្យស្របនិងការវិវត្តន៍និងរីកចម្រើនរបស់ប្រទេសជាតិ។
ជាមួយគ្នានេះដែរ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពការងារឆ្លើយតបតាមបរិបទរីកចម្រើនរបស់សង្គមជាតិ យើងត្រូវបង្កើតសកម្មភាពឲ្យបានខ្លាំងក្លាបន្ថែមទៀត ដើម្បីពិនិត្យនិងកែលម្អលើគ្រប់ទិដ្ឋភាពពិសេស ការងារដឹកនាំ គ្រប់គ្រងតាមវិស័យ ដោយផ្សារភ្ជាប់ជាមួយភាពយុត្តិធម៌ សមធម៌ខាងស្មារតី ក្នុងគោលបំណងលើកកម្ពស់ប្រសិទ្ធភាពការងារ ស្របតាមគោលនយោបាយអភិវឌ្ឍ របស់រារដ្ឋភិបាលនៃព្រះរាជណាចក្រកម្ពុជា។

ដោយផែ្អកលើការអភិវឌ្ឍន៍នេះ មន្ទីរអប់រំបាននិងកំពុងដំណើរការតាមផែនការយុទ្ធសាស្រ្តកំណែទម្រង់របស់ក្រសួងអប់រំយុវជននិងកីឡា ដោយឡែកការងារអប់រំកាយនិងកីឡា បាននិងកំពុងជំរុញការអនុវត្តកាលិភាគនៅតាមគ្រឹះស្ថានសាធារណៈ ឯកជន និងកែសម្រួលមេរៀនឲ្យស្របតាមស្តង់ដាក្នុងតំបន់ ក៏ដូចជាពិភពលោកផងដែរ។
សម្រាប់លទ្ធផលចំណាត់ថ្នាក់ លេខ១បានទៅលើ វិទ្យាល័យ ហ៊ុន សែន ប៊ុរ៉ានី ច្បារអំពៅ ក្រុមចំណាត់លេខ២ បានទៅលើ វិទ្យាល័យជាស៊ីម សាមគ្គី ក្រុមចំណាត់លេខ៣ បានទៅលើវិទ្យាល័យបាក់ទូក និងលេខ៣ស្ទួនបានទៅក្រុមវិទ្យាល័យជាស៊ីមជ្រោយចង្វារ៕


អត្ថបទ៖ ជាវ ចន្ធូ