ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត៖ ប្រទេសកម្ពុជាយើង គ្មានជម្លោះសាសនានោះទេ

ភ្នំពេញ៖ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ប្រទេសកម្ពុជាយើង គ្មានជម្លោះសាសនានោះទេ ហើយសាសនាខុសគ្នា និងជាតិសាសន៍ខុសគ្នា ក៏មិនមែនជាឧបសគ្គរារាំងដល់ការកសាងប្រទេសនោះឡើយ។ ពិតមែនតែនៅក្នុងប្រទេសរបស់យើង មានព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋ ប៉ុន្តែយើងមិនបានមើលរំលងចំពោះសាសនាដទៃទៀតឡើយ។ ក្នុងនោះ សាសនាឥស្លាម គឺជាសាសនាធំទី២ បន្ទាប់ពីព្រះពុទ្ធសាសនា ហើយសាសនាគ្រិស្ដ រួមទាំងសាសនាដទៃទៀត ក៏ទទួលបាននូវការយកចិត្តទុកដាក់ដូចគ្នា ដោយបង្កើតបាននូវសុខដុមនីយកម្មសាសនានៅក្នុងសង្គមជាតិទាំងមូល ។

ការបញ្ជាក់នេះ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការវិហារឥស្លាម ម៉ាស្ជិទអាល់អាក់ឡា ព្រែកប្រា និងស៊ូរ៉ាវស្ត្រី ស្ថិតនៅភូមិព្រែកតាពៅ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣។

ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បានបន្តថា សុខដុមនីយកម្មជាតិសាសន៍ និងសាសនា គឺជាមូលដ្ឋានដ៏សំខាន់សម្រាប់ការទទួលបាននូវសុខសន្តិភាពពេញលេញ ទាំងសន្តិភាពផ្លូវកាយ និងសន្តិភាពផ្លូវចិត្ត។ ពិតណាស់ សុខដុមនីយកម្មសាសនា គឺជាមូលដ្ឋាននៃសុខដុមនីយកម្មរបស់កម្ពុជាជារួម នៅក្រោមបរិយាអំណោយផលសំខាន់ចំនួន ៣ គឺ៖ សន្តិភាព សិទ្ធិសេរីភាព និងជីវភាព។

ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត ក៏បានសូមចូលរួមអបអរសាទរចំពោះការសម្ពោធដាក់ឱ្យប្រើប្រាស់វិហារឥស្លាម ម៉ាស្ជិទ អាល់អាក់ឡា ព្រែកប្រា និង អគារស៊ូរ៉ាវស្ត្រី ដែលជាសមិទ្ធផលថ្មីនៅក្នុងរាជធានីភ្នំពេញ និងសូមថ្លែងអំណរគុណដល់សប្បុរសជនសាសនិកឥស្លាមទាំងក្នុង និងក្រៅប្រទេស ព្រមទាំងគណៈអ៊ីមាំគ្រប់លំដាប់ថ្នាក់ ដែលបានចូលរួមបរិច្ចាគទាំងថវិកា ពេលវេលា និងកម្លាំងកាយ-ចិត្ត ចូលរួមកសាងសមិទ្ធផលទាំងនេះ នៅក្នុងមជ្ឈមណ្ឌលនៃអំពើល្អ បម្រើឱ្យការគោរពបដិបត្តិសាសនាឥស្លាម តាមបញ្ញតិរបស់អាល់ឡោះ និងការប្រៀនប្រដៅរបស់ព្យាការីមូហាំម័ទ រួមមាន ការបបួលគ្នាធ្វើអំពើល្អ និងហាមឃាត់អំពើអាក្រក់ទាំងទ្បាយទាំងពួង ។ ជាមួយនេះ ក៏សូមថ្លែងអំណរគុណចំពោះ ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត និងភារធារីអមស្ថានទូតនៃបណ្តាប្រទេសជាមិត្ត ដែលបានចូលរួមក្នុងឱកាសនេះ ញ៉ាំងឱ្យកម្មវិធីនេះ កាន់តែមានភាពមហោឡារិកអធិកអធម ព្រមទាំងបានសរបញ្ជាក់ឱ្យឃើញអំពីការខិតខំប្រឹងប្រែងរួមនៅក្នុងការពង្រឹង និងលើកកម្ពស់ទំនាក់ទំនងរវាងប្រទេស និងប្រទេស, ប្រជាជន និងប្រជាជន ឱ្យកាន់តែមានមានភាពជិតស្និទ្ធលើគ្រប់វិស័យ។

ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត សូមប្រជាពលរដ្ឋចេញទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខ ដើម្បីបំពេញកាតព្វកិច្ច និងការទទួលខុសត្រូវក្នុងនាមជាពលរដ្ឋល្អ តាមរយៈការអនុវត្តសិទ្ធិក្នុងការជ្រើសរើសគណបក្សនយោបាយមួយ ដែលខ្លួនពេញចិត្ត និងសូមគូសសន្លឹកឆ្នោតឱ្យបានត្រឹមត្រូវ ស្របតាមលក្ខន្តិកៈ និងគោលការណ៍ណែនាំរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត៕
ដោយ៖ពលជ័យ
រូបភាព៖ហ្វេសប៊ុកឯកឧត្តម ហ៊ុន ម៉ាណែត

ads banner