ចំបាប់កម្ពុជាឈ្នះបន្ថែមមេដាយមាស៣ និងប្រាក់១ នៅថ្ងៃបញ្ចប់នៃព្រឹត្តិការណ៍ជើងឯកយុវជនអាស៊ីអាគ្នេយ៍ នៅថៃ

កីឡាករ កីឡាការិនីចំបាប់កម្ពុជាបានឈ្នះបន្ថែមនូវមេដាយចំនួន៤គ្រឿងបន្ថែម ក្នុងនោះមានមេដាយមាស៣គ្រឿង និងប្រាក់១ នៅថ្ងៃចុងក្រោយ កាលពីល្ងាចថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣ ក្នុងការប្រកួតកីឡាចំបាប់យុវជនជើងឯកអាស៊ីអាគ្នេយ៍ ឆ្នាំ២០២៣ ដែលបានប្រារព្ធធ្វើឡើងនៅនៅសាកលវិទ្យាល័យកីឡាជាតិថៃ (Thailand National Sports University) នាខេត្ត Phetchabun ប្រទេសថៃ។

លោក កាង ដែនពិសិដ្ឋ គ្រូបង្វឹកកីឡាចំបាប់ជម្រើសជាតិកម្ពុជា បានបញ្ជាក់ប្រាប់ពីប្រទេសថៃមកថា មេដាយមាស និងប្រាក់ចំនួន៤គ្រឿងនេះ គឺដណ្តើមបានលើចំបាប់សាអាយុក្រោម ២០ឆ្នាំ ដោយមេដាយមាស៣គ្រឿងរកបានដោយកីឡាករ អ៊ុល សៅហេង វិញ្ញាសាចំបាប់សេរីទម្ងន់ ៧៤គីឡូក្រាម, កីឡាការិនី ស៊ីម គាថា វិញ្ញាសាទម្ងន់ ៥០គីឡូក្រាម និងកីឡាការិនី ជឿន ស្រីឡែន វិញ្ញាសាទម្ងន់ ៦២គីឡូក្រាម។ ចំពោះមេដាយប្រាក់ ១គ្រឿង ដណ្ដើមបានដោយកីឡាការិនី សម្បត្តិ វណ្ណៈ លើវិញ្ញាសាទម្ងន់ ៥៧គីឡូក្រាម។

គ្រូបង្វឹកចំបាប់កម្ពុជារូបនេះបញ្ជាក់ថា នៅក្នុងបេសកកម្មនេះ គឺក្រុមចំបាប់កម្ពុជាបានបញ្ចប់ការប្រកួតជាស្ថាពរហើយ នៅត្រឹមល្ងាចថ្ងៃទី២៩មិថុនា ហើយនៅព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៣ ក្រុមយុវជនចំបាប់កម្ពុជានឹងមកដល់មាតុប្រទេសវិញ។ លោកបង្ហាញក្តីរីករាយ ដែលក្រុមយុវជនចំបាប់កម្ពុជាដណ្តើមបានមេដាយសរុប៧គ្រឿង ក្នុងចំណោមកីឡាករ កីឡាការិនីសរុប៩នាក់។ មេដាយសរុប៧គ្រឿង រួមមាន៖ មេដាមាស៣ ប្រាក់៣ និងសំរឹទ្ធ១ ក្នុងនោះមេដាយប្រាក់ ២ និងសំរឹទ្ធ ១ ដណ្ដើមបានលើប្រភេទអាយុក្រោម ១៧ឆ្នាំ និងមេដាយមាស ៣ និងប្រាក់ ១ ដណ្ដើមបានលើប្រភេទយុវជនអាយុក្រោម ២០ឆ្នាំ។

គួរបញ្ជាក់ថា ការប្រកួតកីឡាចំបាប់ ជ្រើសរើសជើងឯកយុវជនអាស៊ីអាគ្នេយ៍ ឆ្នាំ២០២៣ ដែលធ្វើនៅសាកលវិទ្យាល័យកីឡាជាតិថៃ នៃខេត្ត Phetchabun ប្រទេសថៃនេះ គឺមានការប្រកួតទាំងក្រុមអាយុក្រោម១៣ឆ្នាំ ក្រោម ១៥ឆ្នាំ ក្រោម១៧ ឆ្នាំ និងអាយុក្រោម ២០ឆ្នាំ ទាំងលើចំបាប់ឆ្នេរខ្សាច់ និងចំបាប់លើកម្រាល។ ប៉ុន្តែសហព័ន្ធកីឡាចំបាប់កម្ពុជាបានបញ្ជូនតែក្រុមអាយុក្រោម ១៧ឆ្នាំ និងអាយុក្រោម ២០ឆ្នាំចូលរួមប៉ុណ្ណោះ ដោយមានកីឡាករ២នាក់ និងកីឡាការិនី៧នាក់។ ព្រឹត្តិការណ៍នេះ មានអត្តពលិកចូលរួមប្រមាណ ៣០០ នាក់ ដែលសុទ្ធសឹងតែជាអ្នកចំបាប់មកពីតាមក្លិបផ្សេងៗ នៅក្នុងប្រទេសថៃ។

លោក កាង ដែនពិសិដ្ឋ បានមើលឃើញថា ការប្រកួតនឹងមានភាពស្វិតស្វាញ ដែលនឹងផ្តល់ផលចំណេញដល់ក្រុមចំបាប់កម្ពុជា ជាពិសេសក្រោមអាយុក្រោម១៧ឆ្នាំ ដោយពួកគេត្រូវការបទពិសោធន៍ប្រកួត នៅក្រៅប្រទេសបែបនេះ ដើម្បីពង្រឹងសមត្ថភាព និងស្មារតីប្រយុទ្ធឱ្យកាន់តែរឹងមាំ ក្នុងការឈានឆ្ពោះទៅកាន់ការប្រកួតធំៗ នៅលើឆាកអន្តរជាតិ នាពេលអនាគត៕ ដោយ ចាន់ វិចិត្រ (រូបភាព៖ សហព័ន្ធកីឡាចំបាប់កម្ពុជា)

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner