ឯកឧត្តម នេត សាវឿន ជំរុញអាណាព្យាបាលសហការជាមួយភាគីពាក់ព័ន្ធអប់រំណែនាំដល់សិស្សពីផលប៉ះពាល់គ្រឿងញៀន

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ អគ្គស្នងការនគរបាលជាតិ ឯកឧត្តមនាយឧត្តមសេនីយ៍ នេត សាវឿន បានជំរុញដល់អាណាព្យាបាលឱ្យសហការគ្នាជាមួយភាគីពាក់ព័ន្ធ ដើម្បីអប់រំពន្យល់ណែនាំដល់សិស្សានុសិស្ស អំពីផលប៉ះពាល់ដោយសារគ្រឿងញៀន ជៀសវាងធ្លាក់ចូលការសេពគ្រឿងញៀន។ ការជំរុញនេះ ត្រូវបានធ្វើឡើងនៅក្នុងពេលលោក អញ្ជើញសម្ពោធសាលាបឋមសិក្សា នេត សាវឿន មានជ័យ នៅស្រុកកញ្ជ្រៀច ខេត្តព្រៃវែង កាលថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣។

នាឱកាសនោះ ឯកឧត្តម នេត សាវឿន បានក្រើនរំឮក និងណែនាំដល់អាណាព្យាបាល ត្រូវសហការគ្នាឱ្យបានល្អជាមួយ អាជ្ញាធរ កម្លាំងមានសមត្ថកិច្ច លោកគ្រូ អ្នកគ្រូ ដោយអប់រំពន្យល់ណែនាំដល់សិស្សានុសិស្ស អំពីផលប៉ះពាល់ដោយសារគ្រឿងញៀន យល់ដឹងអំពីល្បិចនៃការញុះញង់អូសទាញរបស់ជនខិលខូច ជៀសវាងធ្លាក់ចូលអន្ទាក់គ្រឿងញៀន។

ជាមួយគ្នានេះឯកឧត្តមបានបញ្ជាក់ថា គ្រឹះស្ថានសិក្សាជាថ្នាលនៃប្រភពធនធានមនុស្សយ៉ាងសំខាន់ ដែលត្រូវការជាចាំបាច់បំផុត សម្រាប់កសាងការអភិវឌ្ឍប្រទេសជាតិ។ការចូលរួមចំណែកដ៏សំខាន់របស់លោកគ្រូ អ្នកគ្រូ គឺជាបេះដូងនៃការស្ដារអភិវឌ្ឍន៍ និងជាឆ្អឹងខ្នងនៃវិស័យអប់រំ។

ក្រៅពីជំរុញពាក់ព័ន្ធនឹងគ្រឿងញៀននេះដែរ ឯកឧត្តម នេត សាវឿន ក៏បានដាក់ចេញនូវបទបញ្ជាឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ កងកម្លាំងមានសមត្ថកិច្ច និងប្រជាការពារ ត្រូវរួមគ្នាបន្ដខិតខំអនុវត្ដនូវគោលនយោបាយភូមិ ឃុំសង្កាត់ មានសុវត្ថិភាព របស់រាជរដ្ឋាភិបាលឱ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត សំដៅរក្សាសន្ដិសុខ លុបបំបាត់ក្មេងទំនើង និងទប់ស្កាត់បទល្មើសនានា។

គួរជម្រាបថា សារធាតុញៀន និងសារធាតុគីមីផ្សំជាងប្រាំតោន ត្រូវបានដុតបំផ្លាញចោល ក្នុងឱកាសប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀននៅថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ២០២៣ ក្រោមប្រធានបទ «អ្វីៗដើម្បីប្រជាជនជាចម្បងបញ្ឈប់ការរើសអើង និងមាក់ងាយអ្នកញៀនគ្រឿងញៀន ពង្រឹងការងារអប់រំបង្ការ»។

យោងរបាយការណ៍សង្ខេបបូកសរុបលទ្ធផលប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៧ របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានឱ្យដឹងថា ក្នុងឆ្នាំ ២០២២ កងកម្លាំងអនុវត្តន៍ច្បាប់បានធ្វើការបង្ក្រាបបទល្មើសគ្រឿងញៀនបានចំនួន ៦ ៣៩០ ករណី ឃាត់ខ្លួន ១៥ ០០២ នាក់ ក្នុងនោះ ចាប់រឹបអូសយកសារធាតុញៀនគ្រប់ប្រភេទទម្ងន់ ១៤ ៩១៩,៤៧ គីឡូក្រាម៕ ដោយ៖ បូរ ពេជ្រហ្សាលីន

ads banner