គ.ជ.ប បានបើកវគ្គបណ្តុះបណ្តាលពាក់ព័ន្ធប្រើប្រាស់កម្មវិធីថត និងប្រព័ន្ធទីតាំងសកល GPS ដើម្បីបម្រើឱ្យការបោះឆ្នោតប្រព្រឹត្តទៅដោយរលូន

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ ឯកឧត្តម ទេព នីថា អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) មានជំនឿយ៉ាងមុតមាំថា ក្រោយពីបញ្ចប់វគ្គបណ្តុះបណ្តាលស្តីពីការប្រើប្រាស់កម្មវិធីថត បញ្ជូន និងបញ្ចូលទិន្នន័យ ប្រព័ន្ធទីតាំងសកល(GPS) សិក្ខាកាមទាំងអស់នឹងបន្តបណ្តុះបណ្តាលដល់មន្រ្តីថ្នាក់ក្រោមឱ្យបានច្បាស់លាស់ ដើម្បីបម្រើឱ្យការបោះឆ្នោតនីតិកាលទី៧ ប្រព្រឹត្តទៅដោយរលូន។

ឯកឧត្តមបានលើកឡើងបែបនេះ បន្ទាប់ពី គ.ជ.ប បិទវគ្គបណ្តុះបណ្ដាលស្ដីពី “ការប្រើប្រាស់កម្មវិធីថត បញ្ជូន និងបញ្ចូលទិន្នន័យ ប្រព័ន្ធទីតាំងសកល GPS នៃទីស្នាក់ការ គឃ.សប និងការិយាល័យបោះឆ្នោត” សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣ នៅទីស្តីការ គ.ជ.ប។ វគ្គបណ្តុះបណ្តាលរយៈពេលពេញមួយថ្ងៃនេះ ជូនដល់សមាជិកគណៈកម្មការ រាជធានី ខេត្តរៀបចំការបោះឆ្នោត (គធ.ខប) ទទួលបន្ទុកផ្នែកប្រតិបត្តិការ មន្ត្រីបច្ចេកទេសនៃលេខាធិការដ្ឋាននៃ គធ.ខប និងមន្ត្រី គ.ជ.ប ក្រោមអធិបតីភាពលោក ទេព នីថា អគ្គលេខាធិការ គ.ជ.ប ។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន គ.ជ.ប ស្តីពីវគ្គបណ្តុះបណ្តាលនោះ។

នៅក្នុងឱកាសនោះឯកឧត្តម ទេព នីថា មានជំនឿយ៉ាងមុតមាំថា សិក្ខាកាមទាំងអស់ទទួលបានចំណេះជំនាញដ៏ប្រាកដប្រជា និងត្រៀមធ្វើការបណ្តុះបណ្តាលបន្តទៅមន្ត្រីបោះឆ្នោតថ្នាក់ក្រោមឱ្យបានច្បាស់លាស់ សម្រាប់ជាមូលដ្ឋានក្នុងការអនុវត្តជាក់ស្តែងលើការថត ការបញ្ជូន និងការបញ្ចូល ទិន្នន័យទីតាំងសកល GPS នៃទីតាំងការិយាល័យបោះឆ្នោត ទីតាំង គឃ.សប ទីតាំងសាលាឃុំ សង្កាត់ និងទីតាំង
គធ.ខប សម្រាប់បម្រើឱ្យការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ឱ្យទទួលបានជោគជ័យ។ លោកបញ្ជាក់ថា៖«កម្មវិធីគ្រប់គ្រង និងស្វែងរកទីតាំងការិយាល័យ បោះឆ្នោត គឃ.សប សាលាឃុំ សង្កាត់ និងទីតាំង គធ.ខប ដែលត្រូវបានលើកយកមកបណ្តុះបណ្តាល នាពេលនេះ គឺជាផ្នែកមួយនៃការធ្វើទំនើបកម្មដំណើរការរៀបចំការបោះឆ្នោតនៅកម្ពុជា»។

លោកបានបញ្ជាក់ជូនថា គ.ជ.ប បានចាប់ផ្តើមធ្វើទំនើបកម្មដំណើរការរៀបចំការបោះឆ្នោត តាំងពីឆ្នាំ២០១៦ មកម្ល៉េះ ដោយបានរៀបចំការចុះឈ្មោះបោះឆ្នោត ដើម្បីរៀបចំបញ្ជីបោះឆ្នោតថ្មី ដោយប្រើប្រាស់ ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន។ ហើយ គ.ជ.ប បានបន្តពង្រឹង និងពង្រីកវិសាលភាពនៃការប្រើប្រាស់ ប្រព័ន្ធបច្ចេកវិទ្យាទំនើបនេះ ដើម្បីជាជំនួយដល់ការរៀបចំការបោះឆ្នោត ដោយនៅចំពោះមុខនេះ គឺការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២៣។

ឯកឧត្តមមានប្រសាសន៍បន្តថា ដោយអនុវត្តតាមច្បាប់ បទបញ្ញា និងនីតិវិធីនៃការបោះឆ្នោត បញ្ជីឈ្មោះទីតាំងការិយាល័យបោះឆ្នោត សម្រាប់បម្រើឱ្យការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ដែលមានចំនួនសរុប ២៣ ៧៨៩ ការិយាល័យ ត្រូវបានបិទផ្សាយជាសាធារណៈនៅទីស្នាក់ការគណៈកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោត (គឃ.សប) នៅទូទាំងប្រទេសរួចហើយ កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣។ ឯកឧត្តមថា៖«នេះជា បញ្ជីឈ្មោះទីតាំងការិយាល័យបោះឆ្នោតជាក្រដាសសម្រាប់បិទផ្សាយ តែទន្ទឹមនឹងនេះ គ.ជ.ប បានអភិវឌ្ឍមធ្យោបាយក្នុងការផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយថែមមួយកម្រិតទៀត តាមរយៈកម្មវិធី ក្នុងប្រព័ន្ធប្រតិបត្តិការទូរសព្ទដៃទំនើប (App) ដែលមានឈ្មោះថា NEC KH ដើម្បីផ្តល់ភាពងាយស្រួល និងចំណេញពេលវេលាដល់អ្នកបោះឆ្នោត និងភាគីពាក់ព័ន្ធ ក្នុងការស្វែងរកទីតាំងការិយាល័យបោះឆ្នោត រួមនឹងទីស្នាក់ការ គឃ.សប សាលាឃុំ សង្កាត់ និងទីស្នាក់ការ គធ.ខប»។

ឯកឧត្តមបន្តទៀតថា ការស្វែងរកទីតាំងការិយាល័យបោះឆ្នោត គឃ.សប សាលាឃុំ សង្កាត់ និងទីស្នាក់ការ គធ.ខប តាមរយៈកម្មវិធីទូរសព្ទដៃទំនើបនេះ គ.ជ.ប បានដាក់ឱ្យ ដំណើរការតាំងពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ មកម្ល៉េះ ។ប៉ុន្តែដោយសារមានការផ្លាស់ប្ដូរទីតាំងមួយចំនួន ដោយកត្តាធម្មជាតិ និងកត្តាផ្សេងៗទៀត ហេតុនេះ ហើយទើបចាំបាច់ត្រូវធ្វើបច្ចុប្បន្នភាពទីតាំងទាំងនោះឡើងវិញ ដើម្បីឱ្យស្របទៅតាមទីតាំងជាក់ស្ដែង សម្រាប់បម្រើឱ្យការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ នេះ។

បើតាមឯកឧត្តម ទេព នីថា ការធ្វើទំនើបកម្មសម្រាប់បម្រើឱ្យដំណើរការរៀបចំការបោះឆ្នោត រួមមាន កម្មវិធីរៀបចំបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ កម្មវិធីចេញឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឱ្យការបោះឆ្នោត (ឯ.អ) កម្មវិធីត្រួតពិនិត្យ ផ្ទៀងផ្ទាត់ និងបូកសរុបលទ្ធផលនៃការបោះឆ្នោត។ កម្មវិធីគ្រប់គ្រងសំណុំរឿង និងរបាយការណ៍ពាក់ព័ន្ធនឹងពាក្យបណ្ដឹង កម្មវិធីគ្រប់គ្រង និងស្វែងរកទីតាំងការិយាល័យបោះឆ្នោត ទីតាំង គឃ.សប ទីតាំង សាលាឃុំ សង្កាត់ និងទីតាំង គធ.ខប ជាដើម៕ ដោយ៖ សុខ រក្សា

ads banner