​មនុស្ស​រាប់​ពាន់​នាក់​​ប្រមូល​ផ្តុំ​គ្នា​នៅ​ទូទាំង​ប្រទេស​អូស្ត្រាលី ​ដើម្បី​គាំទ្រ​កំណែ​ទម្រង់​​​សម្រាប់​ជន​ជាតិ​ដើម​ភាគ​តិច​

កង់បេរ៉ា៖ មនុស្ស​រាប់​ពាន់​នាក់​​បាន​ប្រមូល​ផ្តុំ​គ្នា​កាល​ពី​ថ្ងៃ​អាទិត្យ​នៅ​ក្នុង​ប្រទេស​អូស្ត្រាលី​ ដើម្បី​​បង្ហាញ​ការ​គាំទ្រ​យុទ្ធ​នាការ​មួយ​ដែល​ទាម​ទារ​ឱ្យ​មាន​កំណែ​ទម្រង់​សម្រាប់​​ជន​ជាតិ​ដើម​ភាគ​តិច​​របស់​​ប្រទេស​ ​​​មុន​ការ​បោះ​ឆ្នោ​ត​ប្រជាមតិ​នៅ​ចុង​ឆ្នាំ​នេះ។ នេះ​បើ​តាម​ការរាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន​រ៉យទ័រ​។

​ប្រជាមតិ​ដែល​ទំនង​​នឹង​ធ្វើ​ឡើង​នៅ​ចន្លោះ​ខែ​តុលា ​និង​ខែ​ធ្នូ​ឆ្នាំ​នេះ​ នឹង​សម្រេច​លើការ​ធ្វើ​វិសោធនកម្ម​រដ្ឋ​ធម្មនុញ្ញ ​និង​បង្កើត​ស្ថាប័ន​ប្រឹក្សា​មួយ​ ដែល​មាន​ឈ្មោះ​ថា​ «​សំឡេង​ជន​ជាតិ​ដើម​ក្នុង​​សភា​»​ ​​ដើម្បី​ផ្តល់​ឱ្យ​ជន​ជាតិ​ដើម​ភាគ​តិចដែល​រួម​មាន ​អម្បូរ​ Aboriginal និង​ Torres Strait Islander​ ​បង្ហាញ​យោបល់​ដោយ​​ផ្ទាល់​នៅ​ក្នុង​គោល​នយោបាយ​ណា​ដែល​ប៉ះ​ពាល់​ដល់​ពួក​គេ​។​

​រដ្ឋាភិបាល​​ឆ្វេង​និយម​របស់​លលោក​នាយក​រដ្ឋ​មន្ត្រី​​ Anthony Albanese ​គាំទ្រ​​កំណែ​ទម្រង់​បែប​នេះ​ ​ខណៈ​​ដែល​គណបក្ស​ប្រឆាំងអភិរក្ស​និយម គឺ​គណបក្ស​​សេរី​និយមជាតិ​​ ​ ជំរុញ​ឱ្យ​មាន​ការ​បោះ​ឆ្នោត​ប្រឆាំង​។​

​ក្រុម​ប្រឹក្សា​សេវា​សង្គម​របស់​អូស្ត្រាលី ​ ​បាន​បង្ហោះ​​រូប​អ្នក​ចូល​រួម​ប្រមូល​ផ្ដុំ​​​ក្នុង​ទីក្រុង​ស៊ីដនី​ ដែល​ពាក់​​​​អាវ​យឺត​សរសេរ​អក្សរ​«​បោះ​ឆ្នោត​គាំទ្រ​» ​និង​មួក​កាតិប​ដែល​​មាន​សរសេរ​​ «​សេចក្តី​ថ្លែង​ការ​ណ៍​ Uluru» ដែល​គេ​​សំដៅ​លើ​ឯកសារ​សំខាន់​​អំពាវ​នាវ​ឱ្យ​មាន​សំឡេង​ជន​ជាតិ​ដើម​ភាគ​តិច​​។

ក្រុម​ Yes23 ​ដែល​ជា​អ្នក​រៀប​ចំ​ការ​ប្រមូល​ផ្ដុំ​ចំនួន​ ២៥ ទូទាំង​ប្រទេស​អូស្រ្តាលី​ ​​បាន​ប្រាប់​រ៉យទ័រ​ថា​ ហ្វូង​មនុស្ស​នៅ​ទីក្រុង​ស៊ីដនី​មាន​ប្រហែល​ ៣ ០០០ នាក់​ ហើយ​​​​រំពឹង​ថា​ មនុស្សសរុប​​ប្រហែល​ ២៥ ០០០ នា​ក់​ បាន​ចូល​រួមការ​ប្រមូល​ផ្ដុំ​នេះ​នៅ​ទូ​​ទាំង​ប្រទេស​។

ប្រធាន​ក្រុម​ Yes23 លោក​ Dean Parkin ​បាន​និយាយ​​ក្នុង​សេចក្តី​ថ្លែងការ​ណ៍​​ថា​​៖ «​ព្រឹត្តិការណ៍​សហគ​មន៍​ទាំង​នេះ​ គឺ​ជា​ឱកាស​សម្រាប់​មនុស្ស​ក្នុង​កា​រ​ជួប​ជុំ​គ្នា​ និង​ទទួល​បាន​ព័ត៌មាន​ដ៏​មាន​តម្លៃ​អំពី​សារៈ​សំខា​ន់​​នៃ​ការ​បោះឆ្នោត​ប្រជាមតិ​​នៅ​ចុង​ឆ្នាំ​នេះ​»​។​

គួរ​បញ្ជាក់​ថា​ ជន​ជាតិ​ដើម​ភាគ​តិច​អូស្ត្រាលី ​ដែល​មាន​ចំនួន​ ៣,៨ ភាគរយ​នៃ​​ចំនួន​ប្រជាជន​សរុប​របស់​ប្រទេស​ បាន​ប្រឈម​នឹង​គុណ​វិបត្តិ​ផ្សេង​ៗ​ រួម​ទាំង​ការ​រើស​អើង ​​សុខភាព​ និង​ការ​អប់​រំ​មិន​ល្អ ​និង​អត្រា​ជាប់​ឃុំ​ខ្ពស់​​៕​

ប្រែសម្រួល៖ហួន ឌីណា

ប្រភព​៖ Thousands rally across Australia in support of Indigenous reform  https://www.reuters.com/world/asia-pacific/thousands-rally-across-australia-support-indigenous-reform-2023-07-02/

ads banner