លោក ត្រាំ ត្រឡប់មក​ឃោសនា​បោះឆ្នោតឡើង​វិញ ដោយទាក់​ទាញ​មនុស្ស​រាប់​ពាន់​នាក់នៅរដ្ឋ South Carolina

វ៉ាស៊ីនតោន៖ អតីតប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ​នៅថ្ងៃទី​១ ខែកក្កដា បានវិលត្រឡប់ទៅកាន់​ការ​ប្រ​មូល​ផ្តុំ​ធ្វើ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត និងថ្លែងសុន្ទរកថាទៅ​កាន់មនុស្ស​រាប់ពាន់នាក់ដែលបាន​ប្រមូ​ល​ផ្តុំគ្នានៅ​តាមដងផ្លូវនៃទីក្រុងតូចមួយនៃរដ្ឋ South Carolina មុនថ្ងៃទី៤ ដែលជាថ្ងៃបុណ្យឯករាជ្យជាតិម​កដល់។ ​

«មិនមានកន្លែងណាផ្សេងទេដែលខ្ញុំចង់អបអរថ្ងៃ៤ ជាជាងនៅទីនេះ នៅ Main St. ជាមួយនឹងអ្នកស្នេ​ហាជាតិនៃរដ្ឋ South Carolina រាប់ពាន់នាក់ដែលជឿលើព្រះ គ្រួសារ និងប្រទេស»។ នេះជាអ្វីដែលលោ​កត្រាំ​ បាននិយាយទៅកាន់ក្រុម​មនុស្សដែល​កំពុងឈរត្រៀបត្រា​នៅលើដងផ្លូវ។​

ភ្លាមៗគេមិនទាន់អាចកំណត់បាននៅឡើយទេថាមានមនុស្សប៉ុន្មាននាក់បានប្រមូលផ្តុំគ្នានៅតាម​ដងផ្លូវនៃទីប្រជុំជន Pickens ដែលជាទីក្រុងតូចមួយនៅរដ្ឋ South Carolina ដែលមាន​ប្រជាជនរស់​នៅប្រ​មាណ ៣ពាន់ ៤រយនាក់ប៉ុណ្ណោះ។ យ៉ាងណាមិញ មន្ត្រីអនុវត្តច្បាប់ម្នាក់​បានប្រាប់​ប្រព័ន្ធផ្ស​ព្វផ្សាយ​ថា ម​នុស្ស​ប្រហែល ១៥ ០០០នាក់បានប្រមូលផ្តុំគ្នានៅម៉ោង ១១ ព្រឹក ពោលគឺ ២ម៉ោងមុនពេលសុន្ទរកថារ​បស់លោក ត្រាំ​ ។​

តំបន់មួយនេះ ​ជាតំបន់ដ៏ពេញនិយមមួយរបស់អ្នកនយោបាយក្នុងការឃោសនា​បោះឆ្នោត។ ក្នុងរយៈ​ពេ​លប៉ុន្មាន​ខែចុងក្រោយនេះ បេក្ខជនផ្សេងទៀតរួមទាំងអភិបាលរដ្ឋ Florida លោក Ron DeSantis អតីតអ​នុប្រធានាធិបតី Mike Pence និងលោក Vivek Ramaswamy សុទ្ធសឹងតែបានរៀបចំកម្មវិធីស្រដៀងគ្នា​នឹង Trump។​

ប៉ុន្តែគ្មាននរណាម្នាក់ទាក់ទាញហ្វូងមនុស្សច្រើន​ដូច ត្រាំ ខណៈវត្តមានរបស់លោកនេះបានធ្វើឱ្យ ភា​គខាងត្បូងនៃក្រុង Pickens ត្រូវបានបិទ។ ​

តាមរយៈកិច្ចខិតខំប្រឹងប្រែងក្នុងឆ្នាំ ២០២៤ របស់លោក ត្រាំ បាន​​ទាក់ទាញមនុស្សដ៏​ច្រើនសម្បើម ដែលវាផ្ទុយទៅនឹងយុទ្ធនាការឃោសនាឆ្នាំ ២០១៦ និង២០២០។ កាលពីដើ​ម​ឆ្នាំនេះ ជំនួសឱ្យការថ្លែងទៅកាន់អ្នកបោះឆ្នោតនៅតាមកីឡដ្ឋាន ឬកន្លែងដាក់យន្តហោះ លោកត្រាំ បានរៀបចំព្រឹត្តិការណ៍យុទ្ធនាការនៅរដ្ឋ South Carolina ជាលើកដំបូងរបស់គាត់នៅខាងក្នុង អគារ Statehouse នៃរដ្ឋ Columbia។​

នៅក្នុងរដ្ឋផ្សេងទៀត អតីតប្រធានាធិបតីបានផ្តោតការខិតខំប្រឹងប្រែង លើព្រឹត្តិការណ៍តូចៗ រួមទាំងសុន្ទរក​ត្រូវបានធ្វើជាបន្តបន្ទាប់ ខណៈដែលគាត់ព្យាយម​ធ្វើការដើម្បីពង្រឹងជំហររបស់គាត់​ជាមួយគណៈប្រតិភូ និ​ងមន្ត្រីមូលដ្ឋាន។​

សូម​ជម្រាបដែរថា នេះគ្រាន់តែជាការជួបជុំធំលំដាប់២ របស់លោកត្រាំ សម្រាប់​យុទ្ធនាកា​រ​ឃោសនាឆ្នាំ ២០២៤ ប៉ុណ្ណោះ ខណៈការយុទ្ធនាការក្នុងខែមីនានៅតំបន់ Waco រដ្ឋតិចសាស់ ជាការប្រមូលផ្តុំដ៏ធំបំផុតរបស់លោក៕​​

ប្រែសម្រួល៖ស្រ៊ុន សិរីវឌ្ឍនៈ

ប្រភព៖ Trump returns to campaign rallies, draws thousands to small South Carolina city ahead of July 4

https://apnews.com/article/donald-trump-south-carolina-rally-4e2abf57e5343c252668c30507763954

ads banner