​ចិន​ដាក់​ពាក្យ​បណ្ដឹង​ទៅ​​បារាំង​ ក្រោយ​មាន​ការ​វាយ​ប្រហារ​លើ​ឡាន​ក្រុង​ដឹក​​អ្នក​ទេស​ចរ​​ចិន​ក្នុង​កំលុង​កុ​ ប្បកម្ម​នៅ​ក្រុង​ម៉ារសី

​ប៉ារីស៖ ការិយាល័យ​កិច្ចការ​កុងស៊ុល​របស់​ចិន​​បាន​និយាយ​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​កាល​ពី​ថ្ងៃ​អាទិត្យ​ថា​ ស្ថាន​អគ្គ​កុងស៊ុល​របស់​ប្រទេស​ចិន​ប្រចាំ​​ទីក្រុង​ ម៉ារសី(Marseille) ​បាន​​ដាក់​ពាក្យ​បណ្ដឹង​ទៅ​លើ​អាជ្ញាធរ​​បារាំង ​បន្ទាប់​ពី​មាន​ការ​វាយ​​ប្រហារ​លើ​ឡាន​ក្រុង​ដឹក​​​ភ្ញៀវទេសចរ​​​ជន​ជាតិ​ចិន ក្នុង​​អំឡុង​​​កុប្បកម្ម​​នៅ​​ទីក្រុង​ភាគ​ខាង​ត្បូង​មួយ​នេះ​​។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ​សារព័ត៌មាន​រ៉យទ័រ​។ ​ ​

​សេចក្តី​ថ្លែងការណ៍​របស់​ការិយាល័យ​បាន​ឱ្យ​ដឹង​​​ថា​ ​​​ពាក្យ​បណ្តឹង​ផ្លូវ​ការ​របស់​អគ្គកុង​ស៊ុល​​បារាំង​ ​បាន​​អំពាវ​នាវ​ឱ្យ​ប្រទេសបា​រាំង​ធានា​សុវត្ថិភាព​របស់​ពលរដ្ឋ​ចិន​ និង​ទ្រព្យ​សម្បត្តិ​របស់​ពួក​គេ​។​

​​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​​​ទូរទស្សន៍​​រដ្ឋ​​ចិន​​CCTV ​ឡាន​ក្រុង​ដឹក​ភ្ញៀវ​ទេសចរ​ចិន​រង​ការ​ប្រហារ​ដោយ​ក្រុម​កុប្បករដែល​នាំ​គ្នា​វាយ​កញ្ចក់​រថយន្ត​ក្រុង​នោះ​​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​​  ដែល​ធ្វើ​ឱ្យ​មាន​អ្នក​ខ្លះ​រង​របួស​ស្រាល​។

​សេចក្តី​ថ្លែងការណ៍​របស់​ការិយាល័យ​កុងស៊ុលបាន​បន្ត​ថា​​ ​​ភ្ញៀវ​ទេសចរ​ចិន​ទាំង​នោះ​​​បាន​ចាក​ចេញ​ពី​ប្រទេស​បារាំង​​ចាប់​តាំង​ពី​មាន​រឿង​នោះ​កើត​ឡើង​ ខណៈ​​​អំពាវ​នាវ​ឱ្យ​​​ពល​រដ្ឋ​ចិន​ដែល​នៅ​​​បារាំង​ ឬ​នឹង​ធ្វើ​ដំណើរ​ទៅ​ប្រទេស​នេះ​ ​​មាន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ ក្នុង​បរិបទ​នា​ពេល​នេះ​។

ជុំវិញ​​ពាក្យ​បណ្ដឹង​នេះ​ បារាំង​មិន​ទាន់​ចេញ​មុខ​បក​ស្រាយ​យ៉ាង​ណា​​នោះ​ទេ​ ​ខណៈ​កុប្បកម្ម​​បាន​និង​កំពុង​ផ្ទុះ​ឡើង​នៅ​​​តាម​បណ្ដា​ទី​ក្រុង​នានា​របស់​បារាំង រួម​ទាំង​ក្រុង​ប៉ារីស​ ​ក្នុង​​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​ថ្មី​ៗ​​នេះ​ ​ក្រោយ​ប៉ូលីស​បារាំង​បាន​បាញ់​សម្លាប់​ក្មេង​ជំទង់​​​ដែល​មាន​ខ្សែ​ស្រឡាយ​ពី​អាហ្វ្រិក​ខាង​ជើង​ម្នាក់​៕

ប្រែសម្រួល៖ហួន ឌីណា

ប្រភព​៖ China complains to France after Chinese tourists hurt in Marseille riots  https://www.channelnewsasia.com/world/china-complains-france-after-chinese-tourists-hurt-marseille-riots-3600916

ads banner