ប៉ូលិសវៀតណាមចាប់ខ្លួនហែកឃឺរ ម្នាក់ ពីបទលួចចូលប្រព័ន្ធធនាគារលួចប្រាក់ជាង ៤២ ម៉ឺនដុល្លារ
ហាណូយ៖ ប៉ូលិសក្រុងហូជីមិញបានចាប់ខ្លួនបុរសជនជាតិវៀតណាមម្នាក់កាលពីថ្ងៃសៅរ៍ ពីបទហែកចូលប្រព័ន្ធធនាគារដ៏ធំមួយដើម្បីលួចលុយប្រមាណ ១០ ប៊ីលានដុង ឬស្មើនឹង ៤២,៤ ម៉ឺនដុល្លារ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន VnExpress។
បុរសដែលត្រូវបានចាប់ខ្លួនឈ្មោះថា ជុង មីញ តាំ(Duong Minh Tam) វ័យ ២៧ ឆ្នាំ ហើយកំពុងស្ថិតនៅក្រោមការស៊ើបអង្កេតលើការប្រើប្រាស់បណ្តាញកុំព្យូទ័របណ្តាញទូរគមនាគមន៍អ៊ីនធឺណិតនិងឧបករណ៍ឌីជីថល ដើម្បីរឹបយកទ្រព្យសម្បត្តិមិនមែនជារបស់ខ្លួន។ ការចាប់ខ្លួនលោក ធ្វើឡើងបន្ទាប់ពីប៉ូលិសបានទទួលការរាយការណ៍ពីធនាគារមួយក្នុងទីក្រុងហូជីមិញ ដែលប៉ូលិសមិនបញ្ចេញឈ្មោះ កាលពីថ្ងៃទី២១ ខែមិថុនាកន្លងទៅ។
ក្រុមអ្នកស៊ើបអង្កេតបាននិយាយថា កាលពីចុងឆ្នាំមុន លោក តាំ បានបើកគណនីទូទាត់នៅធនាគារនោះ ហើយបន្ទាប់មក លោកបានតម្លើងកម្មវិធីទូរស័ព្ទរបស់ធនាគារក្នុងស្មាតហ្វូនរបស់លោក មុនពេលបើកគណនីសន្សំប្រាក់តាមអនឡាញមួយ ហើយដាក់ប្រាក់ មួយលានដុង។
យោងតាមបទប្បញ្ញត្តិរបស់ធនាគារ អតិថិជនអាចដាក់បញ្ចាំគណនីសន្សំរបស់ខ្លួន ដើម្បីខ្ចីប្រាក់តាមអនឡានរហូតដល់ ៨៥ ភាគរយនៃចំនួនប្រាក់ក្នុងគណនី ប៉ុន្តែមិនឱ្យលើសពី ពីរ ប៊ីលានដុល្លារនៅពេលដាក់បញ្ចាំម្ដងនោះទេ។
តាមបទប្បញ្ញត្តិនេះ លោក តាំ អាចខ្ចីប្រាក់ច្រើនបំផុត ត្រឹម ៨៥០ ០០០ ដុងប៉ុណ្ណោះ។ យ៉ាងណាមិញ លោកបានរងការចោទប្រកាន់ថាបានហែកចូលក្នុងប្រព័ន្ធហិរញ្ញវត្ថុរបស់ធនាគារ និងប្រើល្បិចដើម្បីបង្កើនចំនួនលុយក្នុងគណនីសន្សំប្រាក់តាមអនឡានរបស់ខ្លួន ដល់ជាង ៥១ ទ្រីលានដុង។
ក្រុមអ្នកស៊ើបអង្កេតបានបន្តថា ចន្លោះពីថ្ងៃទី ២៣ ឧសភា ដល់ថ្ងៃទី ០៩ ខែមិថុនា លោក Tam បានដកប្រាក់ពីប្រព័ន្ធធនាគារចំនួន ៧ដង ដោយផ្ទេរទៅកាន់គណនីផ្ទាល់ខ្លួនរបស់លោកសរុបជាទឹកប្រាក់ជាង ១០,៥ ប៊ីលានដុង ប៉ុន្តែបានផ្ទេរទៅធនាគារវិញប្រមាណ ០,៥ ប៊ីលានដុង។
ក្នុងចម្លើយទៅកាន់ប៉ូលិស លោក តាំ បាននិយាយថា លោកបានដកប្រាក់ចំនួន ៦,៥ ប៊ីលានដុងពីគណនីរបស់លោកសម្រាប់ការចំណាយផ្ទាល់ខ្លួនផ្សេងៗ និងទិញលុយឌីជីថល (Virtual currency)៕
ប្រែសម្រួល៖ហួន ឌីណា
ប្រភព៖ Vietnamese hacker arrested for infiltrating banking system to appropriate $420,000 https://e.vnexpress.net/news/news/vietnamese-hacker-arrested-for-infiltrating-banking-system-to-appropriate-420-000-4624227.html