ណូគា បន្តកិច្ចព្រមព្រៀងអាជ្ញាប័ណ្ណប៉ាតង់ជាមួយ អេបផល ទៅលើអ៊ីនធឺណិត 5G និង​បច្ចេកវិទ្យាផ្សេងៗទៀត

ហែលសិនគី៖ ក្រុមហ៊ុនផ្គត់ផ្គង់ បច្ចេកវិទ្យា 5G គឺក្រុម​ហ៊ុន ណូគា(Nokia) បានចុះហត្ថលេខា​លើកិច្ចព្រមព្រៀង​អាជ្ញាប័ណ្ណប៉ាតង់រយៈពេលវែងថ្មីមួយជាមួយនឹងក្រុមហ៊ុន អេបផល(Apple) ដើម្បីជំនួស​កិច្ចព្រម​ព្រៀងបច្ចុប្បន្នរវាងក្រុមហ៊ុនទាំងពីរដែលគៀកនឹងផុតកំណត់នៅចុងឆ្នាំ ២០២៣។​

កិច្ចព្រមព្រៀងនេះ អនុញ្ញាតឱ្យក្រុមហ៊ុន Apple ប្រើប្រាស់​បច្ចេកវិទ្យារបស់​ក្រុមហ៊ុនហ្វាំងឡង់ (Nokia) ​នៅក្នុងផលិតផលរបស់ខ្លួន ចាប់តាំងពីការច្នៃប្រឌិតថ្មីរបស់ Nokia ដូចជាប្រព័ន្ធអ៊ីនធឺណិត 5G និងបច្ចេ​កវិទ្យាផ្សេងទៀត។ ​លក្ខខណ្ឌនៃកិច្ចព្រមព្រៀង​នេះត្រូវបាន​ប្រកាសកាល​ពីល្ងាចថ្ងៃ​​ទី៣០ខែ​មិថុនា តែរក្សាទុកជាការសម្ងាត់។​

ក្រុមហ៊ុន Nokia រំពឹងថានឹងទទួលស្គាល់ប្រាក់ចំណូលពីកិច្ចព្រមព្រៀងនេះចាប់ពីខែមករា ឆ្នាំ​២០២៤ តទៅ ហើយអតីតក្រុមហ៊ុនទូរស័ព្ទដៃយក្សនេះ​បា​ន​និយាយថា កិច្ចព្រមព្រៀងនេះគឺ​ស្របជាមួយនឹង​ទ​ស្សនវិស័យរយៈ​ពេលវែងរបស់ខ្លួនដែលបានបង្ហាញនៅក្នុងត្រីមាសទីមួយ។​

ប្រធានក្រុមហ៊ុន Nokia Technologies  លោក Jenni Lukander បាននិយាយនៅក្នុង​សេចក្តីថ្លែង​ការណ៍មួយ​ថា ៖ «កិច្ចព្រមព្រៀងនេះឆ្លុះបញ្ចាំងពីភាពរឹងមាំនៃផលប័ត្រប៉ាតង់របស់ក្រុមហ៊ុន Nokia ហើ​យវាជាការវិនិយោគរយៈពេលសម្រាប់ច្រើនទសវត្សរ៍តទៅមុខទៀតនៅក្នុងវិស័យ R&D ការរួមជំរុញឱ្យបណ្តា​ញអ៊ីនធឺណិតកាន់តែស្តង់ដារ និងរួមចំណែកដល់បច្ចេកវិទ្យាផ្សេងទៀត»។​ កិច្ចព្រមព្រៀងអាជ្ញាប័ណ្ណចាស់រវាង Apple និង​Nokia ត្រូវបានប្រកាសនៅក្នុងខែឧសភា កាលពីឆ្នាំ ២​០១៧។​

ក្រុមហ៊ុន Nokia បាននិយាយថា ផលប័ត្រប៉ាតង់របស់ខ្លួន មានតម្លៃដែលគិតជាទំ​ហំ​ទឹកប្រាក់​ច្រើនជាង ២៤០ពាន់លានអឺរ៉ូ (១៥៣ពាន់លានដុល្លារ)។ ក្រុមហ៊ុន នេះបានវិនិយោគក្នុងការស្រាវជ្រាវ និងការអ​ភិវឌ្ឍន៍​ចាប់​តាំងពីឆ្នាំ ២០០០ ហើយត្រូវបានបង្កើត និងបំបែកជាចង្កោមប៉ាតង់​ផ្សេងៗប្រហែល ២០ ០០០ បូក​រួមទាំងប៉ាតង់ចំនួន ៥ពាន់ ៥០០ប្រភេទខ្លួនបានប្រកាសថា​មានសារៈសំខាន់ចំពោះបច្ចេកវិទ្យា 5G ។

ក្រុមហ៊ុន Nokia ដែលមានមូលដ្ឋាននៅទីក្រុង Espoo ប្រទេសហ្វាំងឡង់ គឺជាអ្នកផ្គត់ផ្គង់ដ៏​សំខាន់មួយ​របស់​ពិភពលោកនៃបច្ចេកវិទ្យា 5G ដែលជាបច្ចេកវិទ្យា អ៊ីនធឺណិតជំនាន់ចុងក្រោយបង្អស់។ ក្រៅពីក្រុម​ហ៊ុន​ Nokia ក៏មានក្រុមហ៊ុនមួយចំនួនផ្សេងទៀតដូចជាក្រុមហ៊ុន Ericsson របស់ប្រទេសស៊ុយអែត ក្រុមហ៊ុន Huawei របស់ប្រទេសចិន និងក្រុមហ៊ុន Samsung របស់កូរ៉េខាងត្បូង៕​

ប្រែសម្រួល៖ស្រ៊ុន សិរីវឌ្ឍនៈ

ប្រភព៖ Nokia renews patent license agreement with Apple, covering 5G and other technologies

https://apnews.com/article/nokia-apple-5g-patent-license-agreement-19b3d480bb0303cdcced0e4f4899163e

ads banner